អភិបាលស្រុកបារាយណ៍ ចុះពិនិត្យសកម្មភាពការជួសជុលផ្លូវប្រវែង១៣គីឡូម៉ែត្រ

28-01-2026 16:21

(កំពង់ធំ)៖ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ និងក្រុមការងារ បានចុះពិនិត្យសកម្មភាពក្រុមគ្រឿងចក្ររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រចាំខេត្តកំពង់ធំ ដែលជួសជុលផ្លូវលំប្រវែង១៣គីឡូម៉ែត្រ នៅភូមិចតុលោក១០ គីឡូម៉ែត្រ និងភូមិស្វាយ ៣គីឡូម៉ែត្រ នៅក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។

លោកបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញពីលោកបណ្ឌិត ថោង ខុន ទេសរដ្ឋ មន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល, អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលខេត្តកំពង់ធំ ក្រុមគ្រឿងចក្ររបស់ សម្តេចធិបតីប្រចាំខេត្តកំពង់ធំ ដែលរៀបចំដោយលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានមកជួសជុលផ្លូវលំក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរនិងដឹកជញ្ជូនកសិផលផងដែរ។

លោកបន្តទៀតថា «នេះជាភ័ព្វព្រេងសំណាងមួយ ដែលសម្ដេចក៏ដូចជាថ្នាក់ដឹកនាំខេត្ត តែងតែបានយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បីសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់បងប្អូន បានប្រសើរជាងមុនពីព្រោះថា តំបន់នេះបានរងផលប៉ះពាល់នៅរដូវវស្សាកន្លងមក»

ជាមួយគ្នានេះលោក ឃន ចាន់ថៃ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាផ្លូវទាំងអស់គ្នាដើម្បីប្រើប្រាស់បានយូរអង្វែង៕