មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពិភាក្សាការងារជាមួយប្រធានផ្នែកគម្រោងជំនួយទី១ នៃក្រសួងការបរទេសជប៉ុន

28-01-2026 16:29

(ភ្នំពេញ)៖ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានទទួលជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដឹកនាំដោយ លោក Kato Yuta ប្រធានផ្នែកគម្រោងជំនួយទី១ (Country Assistance Planning Division I) នៃក្រសួងការបរទេសនៃប្រទេសជប៉ុន នៅទីស្ដីការ ក.ប.ទ.។

ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានពិភាក្សាជាមួយភាគីជប៉ុនអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរួមគ្នា (Co-creation for Common Agenda Initiative) និង គំនិតផ្តួចផ្តើមលើកិច្ចសហប្រតិបត្តិការនៅពេលអនាគត។

កិច្ចសហប្រតិបត្តិការរួមគ្នានេះ ជាគម្រោងដែលផ្តួចផ្តើមឡើងនៅឆ្នាំ២០២៣ រវាងប្រទេសជប៉ុន និងអាស៊ាន ដើម្បីដោះស្រាយបញ្ហារួម ដែលប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុនជួបប្រទះ។

ក្នុងនោះប្រទេសកម្ពុជា មានគម្រោងចំនួន៥ ដែលកំពុងអនុវត្តក្រោមការផ្តួចផ្តើមនេះ គឺ ១) ពង្រឹងការអប់រំផ្នែកឌីជីថលតាមរយៈការផ្តល់ជូននូវបរិក្ខារបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) ២) ពង្រឹងការគ្រប់គ្រងនិងអភិវឌ្ឍដីធ្លីតាមរយៈបរិវត្តកម្មឌីជីថល ៣) គាំទ្រការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ៤) ពង្រឹងសមត្ថភាពផ្នែកសន្តិសុខសាយប័រ និង ៥) បង្កើនការអភិវឌ្ឍធនធានមនុស្ស និងបណ្តាញទូរគមនាគមន៍ នៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ គណៈប្រតិភូជប៉ុន ក្រោមការសម្របសម្រួលដោយភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ថា JICA នឹងបន្តកិច្ចសហប្រតិបត្តិការលើផ្នែកសំខាន់ៗផ្សេងទៀត ដូចជា៖
១៖ ការបញ្ជ្រាបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងការប្រើប្រាស់លើវិស័យអាទិភាពរួមមានការអប់រំ សុខាភិបាល និងកសិកម្ម តាមរយៈការចូលរួមរវាងវិស័យឯកជននៃប្រទេសទាំងពីរ ២៖ ការគាំទ្រការតំឡើងនិងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យជាតិ
៣៖ ការផ្លាស់ប្តូរបទពិសោធលើករណីវាយប្រហារសាយប័រព្រមទាំងយន្តការទប់ស្កាត់
និង៤៖ ការពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរស័ព្ទជំនាន់ទី៥ (5G) ពិសេសនៅតាមទីជនបទ។

លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលតែងតែគាំទ្រកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការនានា ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ៕