អ្នកឧកញ៉ា លឹម ហេង៖ សភាពាណិជ្ជកម្មកម្ពុជានឹងខិតខំយកចិត្តទុកដាក់ ដោះស្រាយបញ្ហារបស់ពាណិជ្ជករ និងអាជីវករ ដើម្បីជំរុញការធ្វើធុរកិច្ចឱ្យកាន់តែរលូន

28-01-2026 16:53

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា នឹងខិតខំយកចិត្តទុកដាក់ បន្តដោះស្រាយបញ្ហារបស់ពាណិជ្ជករ និងអាជីវករ ជាពិសេសអាជីវករនៅតាមបណ្តាខេត្តជាប់ព្រំដែន និងបន្តធ្វើជាដៃគូរបស់រាជរដ្ឋាភិបាល ជំរុញការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅប្រទេស រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកបានឱ្យដឹងថា សភាពាណិជ្ជកម្មកម្ពុជា មានក្រុមការងារទាំងក្នុងក្របខណ្ឌជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហា ដែលពាណិជ្ជករ និងអាជីវករ បានជួបប្រទះ ដោយបញ្ហាខ្លះត្រូវបានលើកទៅជជែកពិភាក្សា ក្នុងកម្រិតក្រសួងពាក់ព័ន្ធ និងបញ្ហាខ្លះទៀត ត្រូវបានលើកពិភាក្សាក្នុងកម្រិតរដ្ឋាភិបាល។

មានប្រសាសន៍ក្នុងធិពីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានលើកឡើងថា សភាពាណិជ្ជកម្មកម្ពុជា មិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជា «ដៃគូ» របស់រាជរដ្ឋាភិបាល។ តាមច្បាប់ ស្តីពីសភាពាណិជ្ជកម្ម សភាពាណិជ្ជកម្មមានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

អ្នកឧកញ៉ាបន្តថា ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជន គឺការទទួលបានឱកាសចូលជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត។តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ យើងបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

អ្នកឧកញ៉ាបន្តថា «ដោយសារយើងបានបញ្ចេញសំឡេងរួមគ្នា ផ្អែកលើមូលដ្ឋានច្បាស់លាស់ យើងបានដោះស្រាយដោយជោគជ័យ នូវបញ្ហាដែលនៅសេសសល់យូរអង្វែង ក្នុងវិស័យពន្ធដារ គយ និងភស្តុភារកម្ម ។ កត្តានេះបានបញ្ជាក់យ៉ាងច្បាស់ថា សភាពាណិជ្ជកម្មកម្ពុជា គឺជាតំណាងស្របច្បាប់នៃវិស័យឯកជន»៕