Fresh Exclusive: Doomsday Clock ឆ្នាំ២០២៦៖ ពិភពលោកកាន់តែខិតជិតក្បែរមាត់ជ្រោះមរណៈ

28-01-2026 17:00

(ភ្នំពេញ)៖ ទ្រនិចនាឡិកា Doomsday Clock បានបន្តមួលបង្វិលខិតចូលទៅកាន់មាត់ជ្រោះមរណៈរបស់ពិភពលោកសម្រាប់ឆ្នាំ២០២៦នេះ។ តើហានិភ័យធំៗអ្វីខ្លះ ដែលនាឡិកា Doomsday Clock កំពុងព្រមានថា អាចនាំមនុស្សជាតិឆ្ពោះទៅរកគ្រោះមហន្តរាយជាសកលនោះ?
Fresh Exclusive សូមអញ្ជើញទូរទស្សនិកជនតាមដានអត្ថបទស៊ីជម្រៅខាងក្រោមនេះ៖

ក្នុងពិភពលោកដែលមនុស្សកំពុងវាស់វែងអំណាចដោយល្បឿនអាវុធមីស៊ីល កម្រិតជឿនលឿនការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត AI និងទំហំចំណាយថវិកាយោធា មាននាឡិកាមួយ ដែលមិនមានសម្លេងរោទ៍ ប៉ុន្តែវាក៏អាចធ្វើឱ្យពិភពលោកស្ងៀមស្ងាត់ជារៀងរហូតផងដែរ។ នាឡិកានោះគឺ Doomsday Clock និមិត្តរូបនៃពេលវេលា ដែលមនុស្សជាតិខ្លួនឯង កំពុងរុញភពផែនដីឱ្យខិតកាន់តែជិត «គ្រោះមហន្តរាយទាំងស្រុង»។

* ប្រវត្តិកំណើតនៃ Doomsday Clock: នាឡិកាដាស់តឿន មិនមែននាឡិកាព្យាករណ៍

Doomsday Clock ឬនាឡិកាថ្ងៃទន្សាសកលលោក ឬ នាឡិកាកំណត់ថ្ងៃវិនាសកម្មពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៧ ដោយអង្គការ Bulletin of the Atomic Scientists ដែលមានមូលដ្ឋាននៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ គំនិតដើម កើតឡើងពីក្រុមវិទ្យាសាស្ត្រដែលធ្លាប់ចូលរួមក្នុងគម្រោង Manhattan Project រួមមានលោក Albert Einstein, J. Robert Oppenheimer និងអ្នកវិទ្យាសាស្ត្រផ្សេងៗទៀត។

នៅពេលដំបូងបំផុត (ឆ្នាំ១៩៤៧) ទ្រនិចនាឡិកា ត្រូវបានកំណត់នៅ៧នាទី មុនពាក់កណ្តាលអធ្រាត្រ។ វាមិនមែនជាការទស្សន៍ទាយអាថ៌កំបាំងឡើយ ប៉ុន្តែជាសញ្ញាដាស់តឿនថា អាវុធនុយក្លេអ៊ែរ និងទង្វើមនុស្ស អាចបញ្ចប់អរិយធម៌ស៊ីវិល័យរបស់ពិភពលោកនេះបាន។

ទ្រនិចនាឡិកានោះ ត្រូវបានបង្វិលខិតចូលកាន់ពាក់កណ្តាលអាធ្រាត្រ ជាបន្តបន្ទាប់ស្ទើរជារៀងរាល់ឆ្នាំ ជានិមិត្តរូបបង្ហាញថា ពិភពលោកកំពុងតែរអិលចូលកាន់មាត់ជ្រោះមរណៈដោយខ្លួនឯង។ ហើយបើថ្ងៃណាមួយទ្រនិចនាឡិកានេះ ត្រូវបានបង្វិលមកចំពាក់កណ្តាលអាធ្រាត្រ នោះវាមានន័យថា គ្រោះមហន្តរាយជាសកលនឹងផ្ទុះឡើងពេញលេញនៅលើភពផែនដីគ្រោះមហន្តរាយមួយ ដែលអាចបញ្ចប់សមត្ថភាពរស់នៅរបស់មនុស្សជាតិ និងបិទបញ្ចប់អរិយធម៌លើផែនដីនេះ។ ជារៀងរាល់ឆ្នាំនាចុងខែមករា ក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងសន្តិសុខ (Science and Security Board) ដែលមានអ្នកឯកទេសកំពូល និងអ្នកទទួលពានណូបែលជាច្រើននាក់នឹងវាយតម្លៃស្ថានភាពពិភពលោកនិងសម្រេចថា តើទ្រនិចនាឡិកាគួរត្រូវបានបង្វិលទៅមុខ ឬថយក្រោយ។

* ពី ១០០វិនាទី ដល់ ៨៥វិនាទី កំណត់ត្រានៃការខិតជិតមាត់ជ្រោះ

ស្ទើរជារៀងរាល់ឆ្នាំទ្រនិចនាឡិកា Doomsday Clock ត្រូវបានបង្វិលឡើង ឬថយក្រោយ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ផ្អែកលើការវាយតម្លៃយ៉ាងម៉ត់ចត់ពីស្ថានការណ៍ពិតប្រាកដរបស់ពិភពលោក។ ក្នុងឆ្នាំ ២០២០, ២០២១ និង ២០២២ ទ្រនិចនាឡិកាត្រូវបានកំណត់នៅ១០០វិនាទី មុនពាក់កណ្តាលអាធ្រាត្រ។ ប៉ុន្តែឈានចូលឆ្នាំ២០២៣ និង២០២៤ ទ្រនិចបានមួលបង្ខិតមក៩០វិនាទី ខណៈក្តីបារម្ភអន្តរជាតិ កើនឡើងយ៉ាងខ្លាំងជុំវិញហានិភ័យសង្គ្រាមនុយក្លេអ៊ែរ និងការបាត់បង់កិច្ចសហការយុទ្ធសាស្ត្ររវាងមហាអំណាច។

ឈានចូលឆ្នាំ២០២៥ ទ្រនិចនាឡិកាបានបន្តមួលមក៨៩វិនាទី ជាសញ្ញាបញ្ជាក់ថា ស្ថានការណ៍សកលមិនត្រឹមតែមិនប្រសើរឡើងទេ ប៉ុន្តែថែមទាំងកាន់តែអាសន្ន។ ហើយនៅក្នុងឆ្នាំ២០២៦ ការសម្រេចចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រកាន់តែតឹងរ៉ឹងជាងមុន ដោយបង្វិលទ្រនិចមកត្រឹម៨៥វិនាទីមុនពាក់កណ្តាលអាធ្រាត្រចំណុចជិតបំផុតដែល Doomsday Clock មិនធ្លាប់កំណត់ក្នុងប្រវត្តិសាស្ត្រឡើយ។

ការបង្វិលត្រឹមតែប៉ុន្មានវិនាទីនេះ មិនមែនជាការផ្លាស់ប្តូរតូចតាចឡើយ។ វាជាការសន្និដ្ឋានដ៏ច្បាស់លាស់ថា គ្រោះថ្នាក់សកលកំពុងបង្កើនល្បឿន និងរួមបញ្ចូលគ្នាខ្លាំងឡើងមិនមែនថយចុះទេហើយពេលវេលាសម្រាប់ការកែសម្រួលផ្លូវនយោបាយ និងសីលធម៌ កំពុងរួញខ្លីធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យព្រួយបារម្ភ។

* តើហានិភ័យគំរាមសំខាន់ៗសម្រាប់ឆ្នាំ២០២៦ មានអ្វីខ្លះ?

១️. នុយក្លេអ៊ែរ គ្រោះថ្នាក់បន្ទាន់និងខ្លាំងបំផុត

ឈានចូលឆ្នាំ ២០២៦ ក្តីបារម្ភអំពីការផ្ទុះឡើងនៃ សង្គ្រាមនុយក្លេអ៊ែរ បានក្លាយជាការព្រួយបារម្ភសកលយ៉ាងពិតប្រាកដ មិនមែនជាសេចក្តីស្មាននៅលើក្រដាសទៀតទេ។ ពិភពលោកកំពុងឃើញស្ថានភាពគ្រោះថ្នាក់មួយ ដែលមាន យ៉ាងហោចណាស់៣តំបន់ ពាក់ព័ន្ធប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរ ក្នុងពេលតែមួយ៖
- សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលនៅមិនទាន់បញ្ចប់ និងតែងតែមានសញ្ញាគំរាមប្រើអាវុធនុយក្លេអ៊ែរ
- ភាពតានតឹងឥណ្ឌា-ប៉ាគីស្ថាន ដែលធ្លាប់ឈានដល់ការបាញ់មីស៊ីល និងដ្រូនឆ្លងព្រំដែន
- ការវាយប្រហាររបស់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក លើមជ្ឈមណ្ឌលនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបង្កការព្រួយបារម្ភថា អាចជំរុញឱ្យមានការបន្តកម្មវិធីនុយក្លេអ៊ែរជាសម្ងាត់ជាងមុន។

លើសពីនេះទៀត គេមិនអាចមើលរំលងប្រទេសកូរ៉េខាងជើង ដែលកំពុងបន្តបង្ហាញសាច់ដុំ ដោយបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់។ ស្ថានភាពទាំងនេះ បានជំរុញឱ្យការប្រកួតប្រជែងអាវុធប្រល័យលោក ក្លាយជាការប្រកួតប្រជែងយ៉ាងពេញលេញ ជាពិសេសនៅពេលដែលកិច្ចព្រមព្រៀង New START រវាងសហរដ្ឋអាមេរិកនិងរុស្ស៊ី កំពុងជិតផុតកំណត់ ហើយក៏មានក្តីបារម្ភថា សហរដ្ឋអាមេរិកអាចបន្តការសាកល្បងអាវុធនុយក្លេអ៊ែរវិញសាជាថ្មី។

អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត គឺហានិភ័យនៃការបាត់បង់ «ហ្វ្រាំងសុវត្ថិភាពនុយក្លេអ៊ែរ» របស់ពិភពលោកមានន័យថា ការខ្វះសន្ទនា ការត្រួតពិនិត្យ និងការកំណត់កម្រិតអាវុធក្នុងសកលលោក។ នៅក្នុងបរិបទបែបនេះកំហុសគណនា ឬការយល់ច្រឡំតែមួយ ឬការសម្រេចចិត្តខុសតែមួយភ្លែត អាចនាំទៅរកវិបត្តិដែលមិនអាចត្រឡប់ក្រោយបានឡើយ។ អាវុធនុយក្លេអ៊ែរគឺជាគ្រោះថ្នាក់តែមួយគត់ ដែលអាចបញ្ចប់អរិយធម៌មនុស្សទាំងមូលក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

២️. បញ្ញាសិប្បនិម្មិត AI អាវុធបង្កើនគ្រោះថ្នាក់

ការជឿនលឿនយ៉ាងឆាប់រហ័សនៃ បញ្ញាសិប្បនិម្មិត (AI) រួមជាមួយបច្ចេកវិទ្យា ជីវវិទ្យាសម័យថ្មី កំពុងបង្កើនកម្រិតការព្រួយបារម្ភយ៉ាងខ្លាំង អំពីការប្រើប្រាស់ខុសសក្តានុពលរបស់វា ជាពិសេសក្នុងការអភិវឌ្ឍ អាវុធជីវសាស្ត្រ ដែលពិភពលោកនៅខ្វះវិធានការទប់ស្កាត់ និងការត្រួតពិនិត្យដ៏មានប្រសិទ្ធភាព។ AI មិនមែនជាគ្រោះថ្នាក់ដោយខ្លួនវាផ្ទាល់ទេ ប៉ុន្តែវាជាអាវុធបង្កើនគ្រោះថ្នាក់ច្រើនបែប (Threat Multiplier) នៅពេលដែលត្រូវបានប្រើប្រាស់ខុសទិសដៅ។ នៅក្នុងបរិបទបច្ចុប្បន្នបញ្ញាសិប្បនិម្មិត ត្រូវបានបញ្ចូលកាន់តែជ្រៅទៅក្នុងប្រព័ន្ធបញ្ជាការយោធានិងការសម្រេចចិត្តសន្តិសុខ ខណៈពេលតែមួយ វាក៏កំពុងបំផ្លាញបរិស្ថានព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានខុស (misinformation) និងព័ត៌មានក្លែងក្លាយ (disinformation) ដែលបង្កភាពច្របូកច្របល់និងបែកបាក់ក្នុងសង្គម។

អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះទៀតគឺសមត្ថភាពរបស់ AI ក្នុងការជួយរចនានិងបង្កើតអាវុធជីវវិទ្យា ឬមេរោគថ្មីៗ ដែលមនុស្សអាចមិនមានប្រព័ន្ធការពារត្រៀមខ្លួនទប់ស្កាត់បានទាន់ពេលឡើយ។ ក្នុងស្ថានភាពដែលល្បឿននៃ AI លឿនជាងល្បឿននៃការគិតពិចារណារបស់មនុស្ស កំហុសតូចមួយ អាចបម្លែងទៅជាវិបត្តិធំមួយបានភ្លាមៗដោយគេមិនអាចទប់ស្កាត់បានទាន់ពេលវេលាឡើយ។ ដូច្នេះបញ្ញាសិប្បនិម្មិត អាចធ្វើឱ្យការសម្រេចចិត្តខុសកើតឡើងលឿនជាងសមត្ថភាពរបស់មនុស្ស ក្នុងការកែសម្រួល និងទប់ស្កាត់ផលវិបាករបស់វា។

៣️. អាកាសធាតុ គ្រោះថ្នាក់យឺតប៉ុន្តែអចិន្ត្រៃយ៍

ទិន្នន័យវិទ្យាសាស្ត្រថ្មីៗ បង្ហាញយ៉ាងច្បាស់ថា សូចនាករអាកាសធាតុកំពុងអាក្រក់ឡើងជាបន្តបន្ទាប់ រួមទាំងការកើនឡើងជាប្រវត្តិសាស្ត្រនៃកម្រិតទឹកសមុទ្រ និងសីតុណ្ហភាពលើផ្ទៃផែនដី។ ទោះបីជាមានការរីកចម្រើននៃថាមពលកកើតឡើងវិញ ដូចជាថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់ក៏ដោយ កិច្ចខិតខំប្រឹងប្រែងទាំងនេះនៅតែមិនគ្រប់គ្រាន់ ដើម្បីធ្វើឱ្យស្ថានភាពអាកាសធាតុវិលត្រឡប់មករកស្ថិរភាពបាន។

អ្វីដែលធ្វើឱ្យស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភគឺការដកខ្លួនរបស់សហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ដែលបណ្តាលឱ្យពិភពលោកបាត់បង់ថវិកាជំនួយ និងការវិនិយោគថាមពលបៃតងរាប់ពាន់លានដុល្លារ។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសបញ្ចេញកាបូនធំបំផុតលើភពផែនដី ការដកខ្លួនរបស់សហរដ្ឋអាមេរិក មិនត្រឹមតែប៉ះពាល់ដល់គោលនយោបាយរបស់ខ្លួនទេ ប៉ុន្តែថែមទាំងធ្វើឱ្យកិច្ចប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិខ្សោយចុះយ៉ាងខ្លាំង។

បច្ចុប្បន្នកាបូនឌីអុកស៊ីត (CO₂) បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ដែលបង្កើនភាពញឹកញាប់ និងភាពធ្ងន់ធ្ងរនៃ រលកកម្តៅ, ទឹកជំនន់, ភាពរាំងស្ងួត និងគ្រោះធម្មជាតិជាច្រើនទៀត។ ផលវិបាកបន្តបន្ទាប់ គឺការកើនឡើងនៃ ការធ្វើចំណាកស្រុកដោយបង្ខំ, ការប៉ះទង្គិចលើធនធាន និងជម្លោះប្រដាប់អាវុធ ដែលអាចរីករាលដាលទៅជាសង្គ្រាម។ ដូច្នេះ អាកាសធាតុ មិនមែនជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាសន្តិសុខជាតិ និងសន្តិសុខសកល ដែលប៉ះពាល់ដល់ស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិភាពពិភពលោក។

* តើការព្យាករណ៍របស់ Doomsday Clock ប៉ះពាល់ដល់កម្ពុជាដែរឬទេ? និងមេរៀនអ្វីដែលកម្ពុជាគួរយកចិត្តទុកដាក់?

សារព្រមានរបស់ Doomsday Clock ឆ្នាំ២០២៦ មិនមែនជាសារសម្រាប់មហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែមានអត្ថន័យប៉ះពាល់ដោយផ្ទាល់ ដល់ប្រទេសតូចៗ ដូចជាកម្ពុជា ដែលកំពុងរស់នៅក្នុងពិភពលោកពោរពេញដោយការប្រកួតប្រជែងអំណាច និងជម្លោះតំបន់។ នៅក្នុងសម័យដែលទ្រនិចនាឡិកាខិតជិតមាត់ជ្រោះមរណៈនិងកំពុងបញ្ជាក់ថា ពិភពលោកកាន់តែខិតជិតវិនាទីមុនពាក់កណ្តាលអធ្រាត្រ និមិត្តរូបនៃគ្រោះមហន្តរាយជាសកល មេរៀនសំខាន់បំផុតសម្រាប់កម្ពុជា គឺការយល់ដឹងថា គ្រោះថ្នាក់សកល មិនចាប់ផ្តើមពីសង្គ្រាមធំភ្លាមៗទេ ប៉ុន្តែជាញឹកញាប់មានដើមកំណើតពីជម្លោះតូចៗ ដែលត្រូវបានគ្រប់គ្រងដោយអារម្មណ៍ជាតិនិយម និងការដឹកនាំខ្វះប្រាជ្ញា។

ដូច្នេះកម្ពុជា ត្រូវជ្រើសរើសផ្លូវនៃការទទួលខុសត្រូវ គោរពច្បាប់អន្តរជាតិ រក្សាសាមគ្គីភាពជាតិ និងប្រើប្រាស់ការទូតជាឧបករណ៍សំខាន់ ដើម្បីមិនឱ្យខ្លួនក្លាយជាចំណុចភ្លើងតូចមួយ ដែលអាចត្រូវបានបញ្ចូលទៅក្នុងល្បែងភូមិសាស្ត្រនយោបាយធំៗឡើយ។ ក្នុងពេលដែលពិភពលោកមានត្រឹម ៨៥វិនាទី មុនពាក់កណ្តាលអធ្រាត្រ មេរៀនរបស់ Doomsday Clock សម្រាប់កម្ពុជា គឺការរក្សាប្រាជ្ញា និងទំនួលខុសត្រូវ មិនត្រឹមតែដើម្បីការពារជាតិខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែដើម្បីការមិនរួមចំណែកបន្ថែមល្បឿនឲ្យគ្រោះមហន្តរាយសកលផងដែរ។

សន្និដ្ឋាន៖ Doomsday Clock មិនមែនជានាឡិកាព្យាករណ៍វាសនាមនុស្សជាតិឡើយ ប៉ុន្តែជាកញ្ចក់ឆ្លុះបង្ហាញពីការសម្រេចចិត្តរបស់មនុស្សខ្លួនឯង។ នៅពេលដែលពិភពលោកមានត្រឹម ៨៥ វិនាទី មុនពាក់កណ្តាលអធ្រាត្រ សំណួរដ៏សំខាន់មិនមែនថា «តើគ្រោះមហន្តរាយនឹងកើតឡើងឬក៏អត់នោះទេ?» ប៉ុន្តែថា «តើមនុស្សជាតិ នឹងបន្តរុញទ្រនិចនាឡិកានេះទៅរកចំណុចអវសាន ឬមានប្រាជ្ញា និងកម្លាំងទំនួលខុសត្រូវគ្រប់គ្រាន់ ដើម្បីបង្វិលវាឱ្យថយក្រោយវិញ?»៕