សភាពាណិជ្ជកម្មកម្ពុជា គ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម ២បន្ថែមទៀត នៅអូស្រ្តាលី និងអ៉ីតាលីនៅឆ្នាំ២០២៦ (Video inside)

28-01-2026 17:24

(ភ្នំពេញ)៖ នៅឆ្នាំ២០២៦នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងបង្កើតការិយាល័យសភាពាណិជ្ជកម្ម​ ២ទីតាំងបន្ថែមទៀត នៅប្រទេសអូស្រ្តាលី និងអ៉ីតាលី ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទាក់ទាញលំហូរវិនិយោគពីក្រៅប្រទេស មកបណ្តាក់ទុននៅកម្ពុជា។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា មានការិយាល័យតំណាងចំនួន៨ នៅទូទាំងពិភពលោក រួមមាននៅប្រទេសកាណាដា ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក និងនូវែលសេឡង់។ ក្នុងឆ្នាំនេះ នឹងមាន២ទីតាំងបន្ថែមទៀត នៅទីក្រុងភើជ ប្រទេសអូស្រ្តាលី និងនៅទីក្រុង សេណូវ៉ា ប្រទេសអ៉ីតាលី។

អ្នកឧកញ៉ាបញ្ជាក់ថា ការិល័យសភាពាណិជ្ជកម្មទាំងពីរនេះ ទទួលបានគោលការណ៍ឯកភាពពីរដ្ឋាភិបាលរួចរាល់ហើយ និងត្រៀមបោះឆ្នោតជ្រើសរើសតំណាងនៃការិល័យថ្មីនេះ។

អ្នកឧកញ៉ាបញ្ជាក់បន្ថែមថា ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា មានតួនាទីយ៉ាងសំខាន់ ក្នុងការបើកការច្រកទីផ្សារ ជំរុញការនាំចេញ បើកច្រកការហោះហើរត្រង់ថ្មីៗ និងទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា។

មានប្រសាសន៍ក្នុងធិពីមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានណែនាំដល់ប្រធានតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ត្រូវដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនងធុរកិច្ចជួរមុខ។

រៀបចំជំនួបពិភាក្សាធុរកិច្ច (B2B Matchmaking) ដែលនាំទៅដល់ការចុះអនុស្សរណៈយោគយល់ (MOU) ពិតប្រាកដ រវាងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងស្រុក ។ ប្រើប្រាស់វេទិការបស់ខ្លួន ដើម្បីកែប្រែមតិអន្តរជាតិ និងបង្ហាញថាកម្ពុជា ជា «ច្រកទ្វារដែលគាំទ្រធុរកិច្ចទៅកាន់អាស៊ាន»

អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេសទាំងអស់ មានបេសកកម្មចម្បង គឺត្រូវដើរតួជាច្រកទ្វារយុទ្ធសាស្ត្រក្នុងការធានាថា ម៉ាកសញ្ញា «ផលិតនៅកម្ពុជា (Made in Cambodia)» នឹងក្លាយជាសញ្ញាសម្គាល់នៃគុណភាព និងភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ៕