បទយកការណ៍៖ អតីតពលករត្រឡប់ពីថៃ បើកទំព័រជីវិតថ្មីនៅស្រុកកំណើត ជាមួយការងារ និងប្រាក់ចំណូលសមរម្យ
28-01-2026 17:42
(កណ្ដាល)៖ ធ្លាប់តែចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ឃ្លាតឆ្ងាយពីផ្ទះសម្បែង គ្រួសារ និងសាច់ញាតិ ប៉ុន្តែពេលនេះ បងប្អូនអតីតពលករខ្មែរ កំពុងបើកទំព័រជីវិតថ្មីនៅលើទឹកដីកំណើតរបស់ខ្លួនវិញ តាមរយៈការសម្របសម្រួលស្វែងរកឱកាសការងារ ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងនាមជាសេនាធិការ បានខិតខំយកចិត្តទុកដាក់ និងស្វះស្វែងយ៉ាងសកម្ម ក្នុងការសម្របសម្រួលឱកាសការងារជូនបងប្អូនអតីតពលករ ដែលបានត្រឡប់ពីប្រទេសថៃ មកកាន់មាតុភូមិកំណើតវិញ ដើម្បីធានាបាននូវប្រាក់ចំណូលសមរម្យ និងអត្ថប្រយោជន៍ចាំបាច់សម្រាប់ជីវភាពរស់នៅ។
អតីតពលករខ្មែរ ៦នាក់ ក្នុងចំណោមជាង ១០០នាក់ ដែលទទួលបានឱកាសការងារនៅរោងចក្រ Bowker Garment Factory (Cambodia) Co., Ltd. តាមរយៈយន្តការរបស់ក្រសួងការងារ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យពួកគាត់មានការងារសមរម្យ ជាមួយប្រាក់បៀរវត្សល្អ អាចទ្រទ្រង់ជីវភាពគ្រួសារបាន។
ជាមួយគ្នានេះដែរ ពួកគាត់ក៏បានអំពាវនាវដល់បងប្អូនអតីតពលករផ្សេងទៀត ដែលនៅមិនទាន់សម្រេចចិត្តធ្វើការនៅក្នុងស្រុក សូមទាក់ទងទៅកាន់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីស្វែងរកឱកាសការងារដែលនៅសល់ ដោយសារការងារនៅក្នុងស្រុកមានច្រើន ហើយប្រាក់ចំណូលក៏មិនខុសគ្នាច្រើនពីការធ្វើការនៅប្រទេសថៃឡើយ ខណៈដែលពួកគាត់ក៏អាចរស់នៅជាមួយគ្រួសារ និងទទួលបានសុវត្ថិភាពផ្លូវចិត្តផងដែរ។
លោក សំ សឺន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះយន្តការដែលក្រសួងការងារ បានរៀបចំឡើង ដើម្បីសម្របសម្រួលឱកាសការងារជូនបងប្អូនអតីតពលករ។ លោកបានបញ្ជាក់ថា សហជីពបានចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការសម្របសម្រួលការធ្វើដំណើររបស់អតីតពលករ ចាប់ពីមណ្ឌលសំចត រហូតដល់ពួកគាត់ទទួលបានការងារជាក់ស្តែង។
លោកបានបន្ថែមថា ការធ្វើការនៅក្នុងប្រទេសកម្ពុជា អតីតពលករអាចទទួលបានប្រាក់ខែចន្លោះពី ៣៥០ ដុល្លារ ដល់ ៥៥០ ដុល្លារ ក្នុងមួយខែ។ ចំពោះបងប្អូនដែលមិនទាន់មានជំនាញ អាចទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ (NEA) ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញកាត់ដេរ ដែលជាគម្រោងសហការជាមួយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ផងដែរ។
បើតាមការបញ្ជាក់របស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រហូតមកដល់ពេលនេះ មានអតីតពលករប្រមាណ ៦២ ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈយន្តការរបស់ក្រសួង។ សម្រាប់បងប្អូនដែលនៅមិនទាន់សម្រេចចិត្តច្បាស់ អាចទាក់ទងទៅកាន់ទីភ្នាក់ងារជាតិមុខរបរ ឬទូរស័ព្ទទៅលេខ ១២៩៧ ដើម្បីទទួលបានការពិគ្រោះយោបល់បន្ថែម។
អ្នកនាំពាក្យក៏បានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនអតីតពលករ ដែលកំពុងគិតត្រឡប់ទៅធ្វើការនៅក្រៅប្រទេសនោះ ឲ្យពិចារណាអំពីសុវត្ថិភាព និងអត្ថប្រយោជន៍រយៈពេលវែង ដោយការធ្វើការនៅក្នុងស្រុក អាចទទួលបានទាំងការថែទាំសុខភាពតាមប័ណ្ណ ប.ស.ស និងប្រាក់សោធននិវត្តន៍ ដែលជាអត្ថប្រយោជន៍សំខាន់សម្រាប់អនាគត៕





















