អភិបាលខេត្តកំពង់ស្ពឺ ឡើងទៅតំបន់ខ្នងភ្នំផ្សារ មើលគម្រោងសង់ផ្លូវ ឡើងផ្សារសហគមន៍ដំណាក់ដំរី និងតំបន់លម្ហែបៃតងខ្នងភ្នំផ្សារ ដែលកំពុងដំណើរការសាងសង់

28-01-2026 17:45

(កំពង់ស្ពឺ)៖ តបតាមប្រសាសន៍ដឹកនាំសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអង្គភាពពាក់ព័ន្ធជាពិសេសក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាងនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ ជាអ្នកចុះមើលដោយផ្ទាល់ការកសាង និងការសាងសង់ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៃតំបន់ទេសចរ ចាប់ពីផ្លូវឡើងរហូតដល់កំពូលភ្នំ។ ជាក់ស្តែង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើដំណើរត្រួតពិនិត្យ ដំណើរការសាងសង់ទាំងនេះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ខ្នង​ផ្សា​ជា​តំបន់​ទេសចរណ៍​បែប​ផ្សងព្រេង ដែល​កាលដើមឡើយមានភ្ញៀវទេសចរ​ជាច្រើនត្រូវ​ធ្វើដំណើរ​ថ្មើរជើង​។ ហើយភ្នំខ្នង​ផ្សា​ សម្បូរ​ទៅ​ដោយព្រៃឈើ​ក្រាស់ ជ្រលង​ភ្នំ​ខ្ពស់ៗ និង​វាល​ស្រល់​ខៀវស្រងាត់​ ដែលតំបន់នេះ ទាក់ទាញ​ភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តច្រើន នារដូវវស្សាពោរពេញ​ដោយ​ធម្មជាតិ មាន​ជួរ​ភ្នំ​ច្រើន មាន​ព្រៃឈើ ពិសេស​អាច​គយគន់​ថ្ងៃ​លិច​ដ៏​ស្រស់ស្អាត​នៅ​ទីនោះ​ផងដែរ ។

លោកបណ្ឌិត បានបន្ថែមថា ​ការធ្វើដំណើរ​ទៅកាន់ភ្នំខ្នង​ផ្សា​ កាលពីមុខមានសភាពលំបាកសម្រាប់ការឡើងម៉ូតូ រថយន្ត ឬស្មើជើង តែភាពងាយស្រួលសម្រាប់អ្នកទេសចរបែបផ្សងព្រេង។ ទេសភាព​ដ៏​ស្រស់ស្អាត បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​ជាច្រើន​ងាក​មក​កម្សាន្ត​នៅ​តំបន់​នេះ ដែលជា​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​។ នាទី​តាំង ភ្នំខ្នង​ផ្សា​ ពេលព្រឹក ភ្ញៀវទេសចរ​អាច​ទស្ស​នា​ព្រះអាទិត្យ​រះ អមដោយ​អាកាសធាតុ​ត្រជាក់ និង​ពល​ល្ងាច អាច​ទស្សនា​ថ្ងៃ​លិច​ពីលើ​ខ្នងភ្នំ​។​

លោកបណ្ឌិតបានបញ្ជាក់ ដោយមើលពីលំបាកសម្រាប់ ការដើរលេងកម្សាន្តក្រសួងពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលខេត្ត បានកំពុងអភិវឌ្ឍន៍ឲ្យមានសភាពងាយទាំងកម្សាន្តបែបផ្សងព្រេង និងកម្សាន្តបែបលក្ខណៈគ្រួសារ ដែលអាចធ្វើដំណើរទាំងម៉ូតូ និងរថយន្តដោយមិនលំបាកឡើយ៕