ប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារ ខេត្តពោធិ៍សាត់, លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ជំនួនលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ដែលត្រូវចូលនិវត្តន៍

28-01-2026 20:06

(ពោធិ៍សាត់)៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តពោធិ៍សាត់, ដោយលោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ជំនួនលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល ដែលត្រូវចូលនិវត្តន៍។

ពិធីនេះត្រូវបានធ្វើឡើង នៅសាលប្រជុំពន្ធនាគារខេត្ត ដោយបានការចូលរួមពី លោកអគ្គនាយករង, តំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត, លោកនាយករដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

បន្ទាប់ពីទទួលបានប្រកាស និងត្រានោះរួចមក, លោកវរអគ្គានុរក្សថ្នាក់លេខ២ ស៊ិន សុផាន់ណូ ដែលទើបទទួលបានមុខតំណែងថ្មី ជាប្រធានពន្ធនាគារខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្ត៖ រក្សាភាពស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ គាំទ្រ និងអនុវត្តដោយឥតងាករេនូវរាល់កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ធានាឱ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងពន្ធនាគារ មិនឱ្យមានការរត់គេចខ្លួន។ ទប់ស្កាត់ឱ្យខានតែបាននូវការហូរចូល និងការប្រើប្រាស់គ្រឿងញៀន ឬសម្ភារហាមឃាត់នានាក្នុងពន្ធនាគារ។ យកចិត្តទុកដាក់ខ្ពស់លើការងារអប់រំកែប្រែ សីលធម៌ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនជាប់ឃុំ ដើម្បីឱ្យពួកគេក្លាយជាពលរដ្ឋល្អពេលវិលត្រឡប់ទៅជួបជុំគ្រួសារវិញ។ ធានាការគ្រប់គ្រងជនជាប់ឃុំស្របតាមច្បាប់ និងគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ពង្រឹងរបៀបរបបធ្វើការងារ លើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង និងសុខុមាលភាពមន្ត្រីក្រោមឱវាទ។ ពង្រឹងវិន័យជួរកងពល និងអនុវត្តតាមបទបញ្ជារបស់អគ្គនាយកដ្ឋានពន្ធនាគារយ៉ាងម៉ឺងម៉ាត់។ ពង្រឹងកិច្ចសហការល្អជាមួយអាជ្ញាធរដែនដី ស្ថាប័នតុលាការ និងអង្គភាពពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពការងារ និងស្ថិរភាពក្នុងខេត្ត។

លោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំកន្លងមក របស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ី សំអុល និងសូមណែនាំដល់លោកប្រធានពន្ធនាគារខេត្តពោធិ៍សាត់ ដែលទើបចូលកាន់មុខតំណែងថ្មី រួមទាំងមន្ត្រីពន្ធនាគារខេត្តទាំងអស់៖
ទី១៖ ត្រូវរួមគ្នារក្សាឱ្យបាននូវស្ថានភាពជាវិជ្ជមាន សុខដុមបនីយកម្ម និងប្រក្រតីភាព នៅកន្លែងការងារ រក្សាឱ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ បំពេញការងារតាមឋានានុក្រម តាមមុខងារ ភារកិច្ច ដែលបានបែងចែក និងការទទួលខុសត្រូវ។

ទី២៖ ពង្រឹងលើកកម្ពស់អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានអនុវត្ត និងជាត្រីវិស័យ ធានាឱ្យការងារដឹកនាំ និងជំនាញប្រកបដោយភាពត្រឹមត្រូវ។

ទី៣៖ ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ ជាពិសេសគ្រឿងញៀន ទូរស័ព្ទដៃ និងសម្ភារៈបង្កហានីភ័យ ដែលជនជាប់ឃុំអាចប្រើប្រាស់ជាមធ្យោបាយប្រព្រឹត្តសកម្មភាពល្មើស។

ទី៤៖ ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រង ដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ធ្វើការត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាដល់ប្រសិទ្ធភាពការងារ ព្រមជាមួយគោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។

ទី៥៖ បន្តយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ និងបន្ទប់ឃុំឃាំង និងនៅក្នុងបរិវេណពន្ធនាគារ ត្រូវធានាឱ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

ទី៦៖ ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ជាពិសេស ហ្វឹកហាត់ជំនាញ ការប្រើប្រាស់ ឧបករណ៍ សម្ភារបច្ចេកទេស អាវុធ កិច្ចអន្តរាគមន៍ឆ្លើយតបយថាហេតុ ដែលអាចកើតឡើង៕