រដ្ឋលេខាធិការ សាន វិសាល ចុះត្រួតពិនិត្យ វាយតម្លៃការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែ នៅស្រុកបន្ទាយមាស ខេត្តកំពត
28-01-2026 20:14
(កំពត)៖ លោក សាន វិសាល រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ, ប្រវែង ៣ ០០០ម៉ែត្រ, និងទទឹង ៧ ម៉ែត្រ ស្ថិតនៅភូមិព្រៃបន្ទំ ទៅភូមិធ្នង់ ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត គម្រោងនេះអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។
ថ្លែងនាឱកាសនោះលោក សាន វិសាល បានលើកឡើងថា ជុំវិញផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាន គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មិនថាការស្ថាបនា ការស្តារ និងការកែលម្អផ្លូវជនបទនោះឡើយ។
លោករដ្ឋលេខាធិការ សាន វិសាល បានបន្ថែមទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងប្រែក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬ ផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ច ផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន។
លោករដ្ឋលេខាធិការ ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងលើការងារស្ថាបនាផ្លូវ ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានតាមផែនការ និងបានអនុវត្ត ស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ជាពិសេសការលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងប្រែក្លាយជនបទឱ្យទៅជាតំបន់ដែលមានភាពរីកចម្រើន និងស៊ីវីល័យ ស័ក្តិសមជាជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០៕












