មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពផ្លូវចំនួន ២គម្រោង ក្នុងស្រុកលំផាត់ ខេត្តរតនគិរី

28-01-2026 21:50

(រតនគិរី)៖ លោកឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារចំនួន ២គម្រោង ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី។

បេសកម្មនេះ អមដំណើរដោយលោកស្រី ឯក គន្ធវារី អនុរដ្ឋលេខាធិការ រួមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ រួមជាមួយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងតំណាងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

គម្រោងទាំងពីរនេះរួមមាន៖
*គម្រោងទី១៖ ការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៨ ១០០ម ទទឹង ៩ម កម្រាស់ ០,២ម សាងសង់លូមូលមុខពីរចំនួន ១កន្លែង លូមូលមុខមួយចំនួន ៣កន្លែង លូមូលមុខមួយមានស្លាបជញ្ជាំងខ្លីចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកាណាងកិត និងភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

*គម្រោងទី២៖ ការងារជួសជុលផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៩ ០០០ម ទទឹង ៩ម កម្រាស់ ០,១២ម សាងសង់ទំនប់បង្ហៀរប្រវែង ៦០ម ទទឹង ៧ម ចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិពួក និងភូមិបាតាង ឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី (បញ្ចប់សុពលភាព)។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឈឹម សៅគី បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងលោកឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូននៅទីនោះផងដែរ។

ទន្ទឹមនឹងនេះលោករដ្ឋលេខាធិការប្រចាំការ ក៏បានជម្រាបជូនលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋជ្រាបថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ «កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌» ដែលមានគោលដៅចម្បងចំនួន៥គឺ៖ ១ ប្រជាជនមានជីវភាពរស់នៅសមរម្យ,២. ប្រជាជនមានសុខភាពមាំមួន ៣.ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ ៤. គ្រប់ភូមិឋានទាំងអស់នៅតំបន់ជនបទមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និង៥. គ្រប់ភូមិឋានទាំងអស់នៅជនបទមានអភិបាលកិច្ចល្អ។ ព្រមទាំងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥ គឺទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាធន់, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, ការអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ,ពិពិធកម្មសេដ្ឋកិច្ចជនបទនិងនវានុវត្តន៍ការងារ និងការពង្រឹងស្ថាប័នរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

លោកឈឹម សៅគី ក៏បានសំណូមពរសូមឱ្យអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវទាំងនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕