ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖  រាជរដ្ឋាភិបាលមិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជននោះទេ

28-01-2026 22:23

(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានបដិសេធចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលបានលក់កោះមួយនៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានកត់សម្គាល់ឃើញថាមានការផ្សព្វផ្សាយតាមបណ្តាញសង្គមនូវព័ត៌មានមិនពិតថា រាជរដ្ឋាភិបាលបានលក់កោះមួយ នៅខេត្តព្រះសីហនុ និងកោះគី នៅខេត្តកំពត ទៅឱ្យក្រុមហ៊ុនឯកជន។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបញ្ជាក់ថា កោះទាំងពីរនេះគឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលនឹងត្រូវធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍបម្រើឱ្យវិស័យទេសចរណ៍។ កោះទាំងពីរនេះរាជរដ្ឋាភិបាលមិនបានលក់ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ៕