រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញការធ្វើពាណិជ្ជកម្មទាំងក្នុង និងនៅលើទីផ្សារអន្តរជាតិ
28-01-2026 22:28
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទ«មហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦» នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អ រហូតសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។
លោកស្រីមានប្រសាសន៍បន្តថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក ជាពិសេសការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគីនិងពហុភាគី។
បន្ថែមពីលើនេះ លោកស្រីរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល ឈរលើអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចនានា ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើនក្នុងឆ្នាំ២០២៥ កន្លងទៅ មានជាអាទិ៍ ការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំទ្បើងកម្រិត ការបន្តពិនិត្យដោះស្រាយក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរដ្ឋនិងវិស័យឯកជន ការបន្តធ្វើទំនើបកម្មនិងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ និងការបន្តពិពិធកម្មនិងលើកកម្ពស់គុណភាពនិងកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ជាដើម។
ទន្ទឹមគ្នានេះ លោកស្រីបានជម្រាបជូន នូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ និងដំណើរឆ្ពោះទៅអនាគតរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្រ្តឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ «ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង» ដោយផ្តោតសំខាន់លើការងារស្នូលដែលមានភាពប្រទាក់ក្រទ្បាគ្នាចំនួន ៣ គឺ៖ ការធ្វើបរិវត្តកម្មស្ថាប័ន និងប្រព័ន្ធ ការងារពាណិជ្ជកម្មក្នុងប្រទេស និង ការងារពាណិជ្ជកម្មអន្តរជាតិ។
ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា វិស័យឯកជនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាដៃគូសហការស្អិតល្មួតជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីធានាថាបរិយាកាសបទប្បញ្ញត្តិ នៅតែមានភាពប្រកួតប្រជែង និងតម្លាភាព។
អ្នកឧកញ៉ា គិត ម៉េង គូសបញ្ជាក់ផងដែរថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា សភាពាណិជ្ជកម្ម
កម្ពុជាមិនត្រឹមតែការពារផលប្រយោជន៍សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតផ្លូវថ្មីសម្រាប់ផលិតផលកម្ពុជានៅលើឆាកអន្តរជាតិផងដែរ។ ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏ទទួលបានជោគជ័យក្នុងការរៀបចំវេទិកាធុរកិច្ចក្នុងឆ្នាំ ២០២៥ ជាមួយប្រទេសជប៉ុន ហ្វីលីពីន ឡាវ ឌូបៃ (អេមីរ៉ាត់អារ៉ាប់រួម) វៀតណាម និងម៉ាឡេស៊ីផងដែរ។
អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា ដោយឡែកសម្រាប់សកម្មភាពក្នុងស្រុកវិញក្នុងស្រុក សភាពាណិជ្ជកម្មកម្ពុជា នៅតែជាដៃគូដ៏សកម្ម និងមានលក្ខណៈស្ថាបនានៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដោយធានាថាបញ្ហាប្រឈមនានាដែលផ្នែកឯកជនជួបប្រទះ ជាពិសេសសហគ្រាសធុនតូច និងមធ្យម ត្រូវបានដឹងឮ និងដោះស្រាយជាក់ស្តែង៕













