អបអរសាទ! សហគមន៍កសិកម្មចំនួន ១៧ ទទួលបានទុនវិនិយោគជិត ៩លានដុល្លារ តាមរយៈគម្រោងពិពិធកម្មកសិកម្ម

28-01-2026 22:26

(ភ្នំពេញ)៖ សហគមន៍កសិកម្មចំនួន ១៧ ក្នុងនោះ ៦ ជាសហគមន៍កសិកម្មទូទៅ និង ១១ ជាសហគមន៍កសិកម្មទំនើប មកពី៨ខេត្តផ្សេងគ្នា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងជិត ៩លានដុល្លារ តាមរយៈគម្រោងពិពិធកម្មកសិកម្ម ដើម្បីទ្រទ្រង់ប្រតិបត្តិការសហគមន៍។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងមានការអញ្ជើញចូលរួមពីអគ្គនាយករង នៃធនាគារ ARDB, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងធនធានទឹក និងឧតុនិយម និងតំណាងសហគមន៍កសិកម្មទាំង ១៧ផងដែរ។

ជាកិច្ចចាប់ផ្ដើម លោក ណុប សុភឿន ប្រធានគ្រប់គ្រងគម្រោង នៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានថ្លែងថា ជាងរយៈពេល៦ឆ្នាំមកនេះ គម្រោង បានអនុវត្តផែនការអាជីវកម្មចំនួន ១០១ផែនការ ដែលក្នុងនោះ ៥៩ផែនការអាជីវកម្ម បានផ្ដល់ដល់សហគមន៍កសិកម្មទូទៅចំនួន ៥១សហគមន៍ និង ៤២ផែនការអាជីវកម្ម បានទៅសហគមន៍កសិកម្មទំនើបចំនួន ២៥សហគមន៍។

ចំពោះពិធីចុះហត្ថលេខានៅថ្ងៃនេះ លោក ណុប សុភឿន បានបញ្ជាក់ថា «កិច្ចព្រមព្រៀងលើផែនការអាជីវកម្មទាំង ២២នៅថ្ងៃនេះ គឺគ្រោងចុះហត្ថលេខាលើកដំបូងចំពោះទឹកប្រាក់ហិរញ្ញប្បទាន ដែលហៅថា ៤០%នោះ ចំនួន ២,៦៦លានដុល្លារ ហើយនិងថវិកាឥណទាន (កម្ចីដែលមានអត្រាការប្រាក់ទាប) គឺមានចំនួន ៦,១៥លានដុល្លារ..»។

គួរបញ្ជាក់ថា គោលដៅចម្បងរបស់គម្រោង គឺជួយសម្របសម្រួលដល់ការធ្វើពិពិធកម្មខ្សែច្រវាក់តម្លៃកសិកម្មក្នុងតំបន់គោលដៅកម្រោង។ គម្រោងមានសមាសភាគចំនួន៥ រួមមាន ការជំរុញពិពិធកម្មកសិកម្ម, គាំទ្រហេដ្ឋារចនាសម្ព័ន្ធសាធារណៈ, លើកកម្ពស់ប្រព័ន្ធព័ត៌មានកសិកម្ម និងគ្រប់គ្រងការត្រួតពិនិត្យគុណភាព, ការគ្រប់គ្រង ការសម្របសម្រួល និងការតាមសាន និងវាយតម្លៃគម្រោង និងការធ្វើអន្តរាគមន៍សម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់។

ក្នុងនាមនាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា, លោក ឃឹម ហ្វីណង់ បានមានប្រសាសន៍ នេះគឺជាការរៀបចំលើកទី៣ ឬអាចថាជាលើកចុងក្រោយ ដ្បិតថាគម្រោងនឹងបញ្ចប់នៅអំឡុងខែកក្កដាខាងមុខនេះ។

លោកនាយក បានបន្តថា គម្រោងពិពិធកម្មកសិកម្ម ជួយកសិករតាមទម្រង់ជាសហគមន៍ ដោយមិនទាន់កំណត់ថាជាសហគមន៍កសិកម្មទូទៅ ឬសហគមន៍កសិកម្មទំនើបនោះទេ។

លោកបានលើកឡើងដូច្នេះថា៖ «មានបងប្អូនខ្លះសួរថា ចុះជួយតែសហគមន៍ទេ? អត់ជួយកសិករតូចៗទេ? តាមពិតបើបងប្អូនមើលឱ្យមែនទែន នរណាគេជាសហគមន៍? គឺបងប្អូនកសិករម្នាក់ៗហ្នឹងឯង...គ្រាន់តែថាបើយើងដើរជួយម្នាក់ៗ កសិករយើងមានជិត ២លានគ្រួសារទូទាំងប្រទេស អ៊ីចឹងការជួយពុំមានប្រសិទ្ធភាពសេដ្ឋកិច្ចនោះទេ»។

សូមជម្រាបថា កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ ៤០% សម្រាប់សហគមន៍កសិកម្មទាំង ១៧ ដែលជាគម្រោងផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានឥតសំណង១០០% លើការកែលម្អផ្លូវកសិកម្មធ្វើពីបេតុង-កៅស៊ូ មានប្រវែងសរុបជាង ១៦៩គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពបំពាក់ទុយោចែកចាយទឹកលើផ្ទៃដីដាំដុះចំនួន ៨,២៣០ហិកតា៕