រដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦

29-01-2026 12:39

(ហ្វីលីពីន)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន។

ពិធីបើកជាផ្លូវការវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ បានធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី Louise Araneta-Marcos ស្រ្តីទី១ នៃសាធារណរដ្ឋហ្វីលីពីន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន តំណាងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងភ្ញៀវកិត្តិយសពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងដៃគូអន្តរជាតិយ៉ាងច្រើនអធិកអធមផងដែរ៕