លោក ឃឹម ហ្វីណង់៖ ហិរញ្ញប្បទានដែលផ្ដល់ដល់សហគមន៍កសិកម្ម ចាំបាច់ត្រូវមានយន្តការត្រួតពិនិត្យ ដើម្បីធានាតម្លាភាព និងនិរន្តភាពសេដ្ឋកិច្ច (Video inside)

29-01-2026 13:21

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា ហិរញ្ញប្បទានដែលផ្ដល់ដល់សហគមន៍កសិកម្ម ចាំបាច់ត្រូវមានយន្តការត្រួតពិនិត្យ ដើម្បីធានាតម្លាភាព និងនិរន្តភាពសេដ្ឋកិច្ច។

ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ១៧ មកពី៨ខេត្តផ្សេងគ្នា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីអគ្គនាយករង នៃធនាគារ ARDB, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងធនធានទឹក និងឧតុនិយម និងតំណាងសហគមន៍ទាំង ១៧ផងដែរ។

បើតាមប្រសាសន៍របស់លោកនាយក, គម្រោងពិពិធកម្មកសិកម្ម ផ្ដល់ជំនួយក្រោមរូពភាព ២ គឺ ជាជំនួយឥតសំណងបង្វែរជាទ្រព្យ និងកម្ចីដែលមានអត្រាការប្រាក់ទាប សម្រាប់សហគមន៍យកទៅប្រើប្រាស់ជាក់ស្ដែង។

លោក បានថ្លែងដូច្នេះថា៖ «ទុននេះ គឺយើងទម្លាក់ទៅក្រោម ២រូបភាព ទី១ទម្លាក់ទៅដល់សហគមន៍ផ្ទាល់ បានន័យថាជាទុន ទិញទ្រព្យ ជាផែនការវិនិយោគ ឬផែនការអាជីវកម្មរបស់សហគមន៍ ប៉ុន្តែរូបភាពមួយទៀត គឺការទម្លាក់ជួយទៅដល់សមាជិកនៃសហគមន៍។ ឧទាហរណ៍ នៅក្នុងសហគមន៍មួយ ស្នើសុំធ្វើឃ្លាំងរួមរបស់សហគមន៍ ប៉ុន្តែសមាជិករបស់គាត់ក៏ត្រូវការទិញគោយន្ត អ៊ីចឹងយើងមាន ៤០%ជួយធ្វើឃ្លាំង ហើយនិង ៤០% សម្រាប់ឱ្យសមាជិកនោះគាត់ទទួលបានគោយន្តរបស់គាត់ បើសួរថាយើងជួយរបៀបមិច យើងមាននីតិវិធីរបស់យើងទៀត ដូចជាការដេញថ្លៃ បើតម្លៃតូច យើងមិនចាំបាច់ដេញថ្លៃ បើតម្លៃចាប់ពី ២ ៣ម៉ឺនដុល្លារឡើងទៅ យើងមាននីតិិវិធីលទ្ធកម្មរបស់យើង»

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ចំពោះការប្រើប្រាស់ហិរញ្ញប្បទាន ជាទូទៅ គម្រោងមានក្រុមការងារត្រួតពិនិត្យវាយតម្លៃ លើការប្រើប្រាស់ថវិកាហរិញ្ញប្បទានឱ្យចំគោលដៅ។ ដោយ លោក សង្កត់ធ្ងន់ថា ចំណុចនេះសំខាន់អ្វីដែលយើងបារម្ភ ទី១ គឺមិនចង់ឱ្យមានការប្រើប្រាស់ខុសគោលដៅ នូវជំនួយឧបត្ថម្ភរបស់យើង ទីមួយយើងចង់ឱ្យជំនួយឧបត្ថម្ភនេះ មិនថាជាជំនួយឥតសំណង ឬជាទុនកម្ចីនោះទេ គឺយកទៅប្រើប្រាស់ក្នុងគោលដៅកសិកម្មពិតប្រាកដ មិនមែនមកទទួលយកជំនួយហើយយកទៅលក់ដើម្បីចំណេញឡើយ។

គោលដៅទី២ យើងចង់ឱ្យដល់ដៃកសិករតូចៗរបស់យើង ទើបបីជាជំនួយទៅដល់សហគមន៍ ប៉ុន្តែគោលដៅ ទាល់តែសហគមន៍ហ្នឹង គឺជាបណ្ដុះនៃកសិករតូចៗ មិនមែនគ្រាន់តែជាសហគមន៍មួយមិនមែនសុទ្ធតែជាអ្នកធ្វើទំហំធំៗនោះទេ។ នេះបើតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ នាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

សូមជម្រាបថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា មានយន្តការច្រើនដើម្បីធានាថា ទុនវិនិយោគដែលផ្ដល់ដល់សហគមន៍កសិកម្ម មិនប្រើប្រាស់ខុសគោលដៅ។

ចំពោះសហគមន៍កសិកម្មទំនើប លោក ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា យន្តការនេះមិនបារម្ភទេ ពីព្រោះគ្រប់សហគមន៍កសិកម្មទំនើបទាំងអស់ គឺមានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ មាននាយកប្រតិបត្តិ មានគណនេយ្យករ ការដកថវិកាចំណាយមិនអាចប្រើប្រាស់ខុសគោលដៅបានទេ ហើយយើងមានយន្តការតាមដានត្រួតពិនិត្យ និងធ្វើវិសោធនកម្មជារៀងរាល់ឆ្នាំទៀត៕