សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំខេត្តស្វាយរៀង ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី និងជូនពរគ្នាទៅវិញទៅមករវាងខេត្តជាប់ព្រំដែន​កម្ពុជា-វៀតណាម

29-01-2026 16:15

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ប្រធានប្រតិភូនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ ​បានអញ្ជើញចូលរួមអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមែ ដែលបានរៀបចំឡើងនៅខេត្តតៃនិញ ប្រទេសវៀតណាម​។

ពិធីនេះមានការចូលរួមពីលោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងមន្ត្រីពាក់ពន្ធ័ជាច្រើននាក់ទៀតផងដែរ។

សូមបញ្ជាក់ថា​ ជារៀងរាល់ឆ្នាំ គណៈប្រតិភូប្រទេសទាំងពីរតែងតែប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិយើងទាំងពីរ និងជូនពរគ្នាទៅ វិញទៅមក នេះជាសញ្ញាដ៏ល្អដែលបានបញ្ជាក់ពីចំណងសាមគ្គីភាព រវាងប្រទេសទាំងពីរ ពិសេស ខេត្តដែលជាប់ព្រំដែនទាំងឡាយនៃ ប្រទេសយើងទាំងពីរ ដោយរក្សាបាននូវ « ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និង ស្ថិរភាពយូរអង្វែង »។

កិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈ ការសហការ សម្របសម្រួល យ៉ាងជិតស្និទ្ធិធ្វើឲ្យធានាបាន នូវនិរន្តរ៍ភាព នៃការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្ម នៅតាមព្រំដែន ការបង្កលក្ខណៈ ងាយស្រួលដល់ ប្រជាពលរដ្ឋ ទាំងសងខាង ធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នា កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើស ឆ្លងដែនគ្រប់ប្រភេទ៕