រដ្ឋបាលខេត្តសៀមរាប រៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងសុវត្ថិភាពសេវាសាធារណៈ

29-01-2026 16:48

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងសុវត្ថិភាពសេវាសាធារណៈ នៅក្នុងខេត្តសៀមរាប ឲ្យកាន់តែប្រសើរថែមទៀត។

ពិធីនេះរៀបចំក្រោមវត្តមានរបស់លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សោភ័ណ អភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ទីចាត់ការ អង្គភាពចំណុះសាលាខេត្ត ស្នងការ មេបញ្ជាការ បញ្ជាការរង មន្ត្រីរាជការ រដ្ឋបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល ប្រមាណជា ៧០០នាក់។

លោក លី សំរិទ្ធ បានលើកឡើងថា កម្មវិធីនេះ ក្នុងគោលបំណងសំខាន់លើការឆ្លុះបញ្ចាំង និងការបង្ហាញអំពីលទ្ធផល សមទ្ធិផល ដែលរដ្ឋបាលខេត្តសៀមរាប សម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងធ្វើការរំលេចនូវបញ្ហាប្រឈម ដែលបានជួបប្រទះក្នុងឆ្នាំ២០២៥ ចំពោះការងារដែលបានអនុវត្ត នូវតួនាទី ភារកិច្ចរបស់មន្ទីរ អង្គភាព និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់សេវាសាធារណៈ និងការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលបានចូលមកទស្សនាកម្សាន្ត។

លោកបានបន្តថា ទោះបីស្ថានភាពនៃការកើតឡើង នៅតាមបណ្តោយព្រំដែន មានសភាពធូស្រាល នៅក្រោយកិច្ចព្រមព្រៀងការឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ពិតមែន ក៏ប៉ុន្តែចំពោះផលវិបាកដែលបានបន្សល់ទុកនៅ ដែលជាបញ្ហាអតិភាព ដែលយើងត្រូវរួមគ្នាក្នុងការដោះស្រាយ ក្នុងស្មារតីនៃមហាសាមគ្គីគ្រួសារខ្មែរតែមួយ។

លោកបន្ថែមថា ថ្វីបើបងប្អូនភៀសសឹងមួយចំនួន បានវិលទៅកាន់ភូមិដ្ឋានរបស់ខ្លួនមួយចំនួនហើយ តែបងប្អូនភៀសសឹងដែលរងគ្រោះ ដោយផ្ទះសម្បែងរបស់ពួកគាត់ ត្រូវសត្រូវឈ្លានពានបានធ្វើការបំផ្លិចបំផ្លាញ ហើយបងប្អូនមួយចំនួនទៀត ក្នុងភូមិដ្ឋានរបស់ពួកគាត់ បានបន្សល់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលស៊ីម៉ាកមិនទាន់បានបោសសម្អាត និងជាតំបន់ផុយស្រួយ ត្រូវបានអាជ្ញាធរមូលដ្ឋាន ក៏មិនទាន់អនុញ្ញាតឲ្យពួកគាត់ចូលទៅរស់នៅ ហើយពួកគាត់បានបន្ត ស្នាក់នៅតាមមណ្ឌលសុវត្ថិភាព និងផ្ទះបងប្អូនផងដែរ។

លោកក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមបរិច្ចាគធនធាន សម្ភារៈ ស្បៀងអាហារ ជូនដល់វីរកងទ័ព និងនគរបាលជាតិ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខែ្សបន្ទាត់ព្រំដែន និង បងប្អូនគ្រួសារភៀសសឹក ដែលកំពុងស្នាក់នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបផងដែរ។

ជាមួយនេះដែរ លោក លី សំរិទ្ធ ក៏បានស្នើដល់ សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល សូមចូលរួមជាយោបល់ទៅលើកិច្ចពិភាក្សា ទៅតាមប្រធានបទ ដែលអង្គសន្និបាតបានលើកឡើងឲ្យបានផុលផុស ដើមី្បយើងទទួលបាននូវធាតុចូល ក្នុងការពង្រឹងការអនុវត្តទិសដៅឆ្នាំបន្ត របស់រដ្ឋបាលខេត្តឆ្នាំ២០២៦ ឲ្យប្រកបទៅដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយ កំណែទម្រង់ស៊ីជម្រៅ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមកិច្ចដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕