ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា នាំអំណោយនាយឧត្តមសេនីយ៍ ស ថេត ចែកជូននគរបាលទេសចរណ៍ជួរមុខឈរជើងនៅប្រាសាទព្រះវិហារ និងជនភៀសសឹក១០០គ្រួសារ

29-01-2026 16:50

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីនគរបាលទេសចរណ៍ក្រោមឱវាទ បានយកអំណោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមានថវិកា សម្ភារបរិភោគមួយចំនួន អញ្ជើញចុះសួរសុខទុក្ខ និងចែកជូននគរបាលទេសចរណ៍ជួរមុខឈរជើងនៅលើប្រាសាទព្រះវិហារ ព្រមទាំងបងប្អូនជនភៀសសឹកចំនួន១០០គ្រួសារ។

នាឱកាសននោះលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត ជូនចំពោះមន្ត្រីនគរបាលទេសចរណ៍ និងបងប្អូនជាជនភៀសសឹក ប្រកបដោយក្តីមនោសញ្ចេតនា ហើយជានិច្ចកាលថ្នាក់ដឹកនាំ តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងជីវភាពរស់នៅ និងបានជួយអន្តរាគមន៍ជួយដោះស្រាយសម្រាល នូវទុក្ខលំបាកបានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានសម្តែងនូវការកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងបានលើកទឹកចិត្តឱ្យបងប្អូនបន្តថែរក្សាសុខភាពឱ្យបានល្អដើម្បីរង់ចាំឱកាសវិលត្រឡប់ទៅកាន់ លំនៅដ្ឋានវិញក្នុងពេលឆាប់ៗខាងមុខ៕