ស្នងការខេត្តកំពង់ធំ នាំយកបច្ច័យទេយ្យទាន ប្រគេនព្រះសង្ឃ២វត្ត ក្នុងខេត្តកំពង់ធំ

29-01-2026 16:54

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី លឹម អៀងចេង នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំង នាំយកបច្ច័យទេយ្យទាន ប្រគេនព្រះសង្ឃ ស្ថិតនៅវត្ត ឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងភូមិ ក្ដី សង្កាត់ ព្រៃតាហ៊ូ ក្រុង ស្ទឹងសែន និងវត្ត មុន្នីរង្សី ហៅវត្ដ ថ្មី ក្នុងភូមិ ស្នោ ឃុំ ត្រពាំងឬស្សី ស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីចូលរួមពិធីបុណ្យមាឃបូជា ដែលប្រព្រឹត្តទៅ នៅថ្ងៃ ចន្ទ-អង្គារ៍ ១៥កើត-១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី ២-៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី លឹម អៀងចេង បានបូជាផ្កាភ្ញី ទានធូប ជូនចំពោះព្រះរតនត្រ័យ និងសូត្រមន្ត សមាទានសីល ឧទិ្ទសមហាកុសល ផលបុណ្យ ជូនចំពោះដួងវិញ្ញាណក្ខន្ធ បុព្វការីជន ញាតិមិត្តទាំងប្រាំពីរសណ្ដាន និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វីរកងទ័ព ដែលបានពលីជីវិត ជូនជាតិមាតុភូមិ ក្នុងបុព្វហេតុការពារទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ សូមបានសោយសុខនៅឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងទទួលបាននូវមគ្គផលគ្រប់ៗគ្នា។

ឧត្តមសេនីយ៍ ស្នងការបានបួងសួង ដល់វត្ថុសក្តិសិទ្ធិក្នុងលោក ទេវតារក្សាសព្វទីឋាន ប្រោសព្រំ ប្រសិទ្ធិពរជ័យ សិរីមង្គល សេចក្តីសុខ សេចក្តីចម្រើន ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរ ទូទាំងព្រះរាជាណាចក្រកម្ពុជា សូមទទួលបាន សុខភាពល្អបរិបូរណ៍ ថាមពលខ្លាំងក្លា បញ្ញាឆ្លៀសវៃ ជៀសផុត ពីជម្ងឺកាចសាហាវនានា ដើម្បីបន្ត ចូលរួមកសាងអភិវឌ្ឈ ប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចំរើន សម្បូរសប្បាយបន្ថែមទៀត។

លោកស្នងការ និងលោកស្រី បានប្រគេនបច្ច័យ ទេយ្យទានវត្ថុ ជូនចំពោះព្រះសង្ឃ ដើម្បីឧបត្ថម្ភគាំទ្រ វិស័យព្រះពុទ្ធសាសនា ព្រមទាំងចូលរួមកសាងសមិទ្ធផលនានា ក្នុងទីវត្តអារាម ឱ្យមានភាពរីកចម្រើនបន្ថែមទៀត៕