រដ្ឋមន្រ្តី ជា វ៉ាន់ដេត ប្រគល់ប្រាក់រង្វាន់ជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh

29-01-2026 16:57

(ភ្នំពេញ)៖ ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ប្រគល់ប្រាក់រង្វាន់ ជ័យលាភីក្នុងកម្មវិធីប្រកួតប្រជែងបង្កើតវីដេអូខ្លីផ្សព្វផ្សាយអំពីថ្នាល verify.gov.kh និងថ្នាល go.gov.kh ដែលបានប្រកួតប្រជែងចាប់ពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

កម្មវិធីប្រកួតប្រជែងនេះ ទទួលបានការចូលរួមយ៉ាងសកម្មពីក្រុមនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ សរុបមានបេក្ខភាពចូលរួមប្រកួតចំនួន ២០០នាក់ បែងចែកជា ១៦ក្រុម (ក្នុងមួយក្រុមមានសមាជិកចន្លោះពី ១០ ដល់ ១៣ នាក់) ដើម្បីប្រកួតប្រជែងបង្កើតវីដេអូ។

ជាលទ្ធផលក្រុមទាំង១៦ សម្រេចបាននូវការបង្កើតវីដេអូសរុបចំនួន ៤៩ វីដេអូ ក្នុងនោះមាន ៣៤ វីដេអូនិយាយអំពីថ្នាល verify.gov.kh និង ១៥ វីដេអូ និយាយអំពីថ្នាល go.gov.kh។ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៦ វីដេអូទាំងអស់ទទួលបានចំនួនអ្នកទស្សនាសរុបរហូតដល់ ៤,២៩៦,៣៧៧ ដង ក្នុងនោះ បណ្តាញសង្គម Facebook ទទួលបានអ្នកទស្សនាចំនួន ៣,៥៧១,៣៩៣ ដង និង TikTok ទទួលបានចំនួន ៧២៤,៩៨៤ ដង។

បន្ទាប់ពីឆ្លងកាត់ដំណើរការវាយតម្លៃយ៉ាងម៉ត់ចត់ ចំនួន ៣ក្រុម ដែលទទួលបានចំនួនអ្នកទស្សនាច្រើនជាងគេ រួមមាន៖
* ជ័យលាភីលេខ១ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ១២ ០០០ ០០០ (ដប់ពីរលាន) រៀល ដែលបានទៅលើក្រុម IGLOO ទទួលបានចំនួនអ្នកទស្សនាសរុប ២.០៦លានដង
* ជ័យលាភីលេខ២ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) រៀល ដែលបានទៅលើក្រុម FORTUNE ទទួលបានចំនួន ១.៣៧ លានដង
* ជ័យលាភីលេខ៣ ៖ ទទួលបានប្រាក់រង្វាន់ជាទឹកប្រាក់ចំនួន ៦ ០០០ ០០០ (ប្រាំមួយលាន) រៀល ដែលបានទៅលើក្រុម LOOP ទទួលបានចំនួន ៧១១,១០០ ដង៕