តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច នាំអំណោយជាគ្រឿងឧបភោគបរិភោគ ប្រគល់ជូនវីរកងទ័ព ដែលកំពុងឈរជើងនៅទិសប្រាសាទព្រះវិហារ
29-01-2026 16:59
(ព្រះវិហារ)៖ លោក ចាប តូ អនុរដ្ឋលេខាធិការ តំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន ព្រមទាំងសប្បុរសជន នៅថ្ងៃទី២៩ ខែមករាឆ្នាំ២០២៦ បាននាំយកអំណោយគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់វីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ នៅតំបន់បុស្បូវ អានសេះ ភ្នំខ្មោច និងតំបន់ប្រាសាទព្រះវិហារ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ញ៉ែុម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ មេបញ្ជាការអង្គភាពទាំងបួន ប្រធានមន្ទីរ ស.អ.យ ខេត្តព្រះវិហារ ប្រធានមន្ទីរកិច្ចការនារី ខេត្តព្រះវិហារ, កញ្ញា កុយ អេនណា ទូតសុឆន្ទៈក្រសួងកិច្ចការនារី តំណាងក្រុមហ៊ុន អ៉ីនធ័រណែត មេគង្គណិត សិល្បករ សិល្បការិនី មន្ត្រីរាជការ ជនមានពិការភាពភ្នែកក្រសួង ស.អ.យ. បាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនដល់បងប្អូនវីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិជួរមុខនៅតំបន់បុស្បូវ អានសេះ ភ្នំខ្មោច និងតំបន់ប្រាសាទព្រះវិហារ។
ថ្លែងក្នុងឱកាសនោះផងដែរ អនុរដ្ឋលេខាធិការ ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខប្រកបដោយការគិតគូរដ៏ខ្ពង់ខ្ពស់បំផុតរបស់លោករដ្ឋមន្ត្រី ជា សុមេធី និងលោកស្រី ជា ផល្គុន ជូនដល់វីរកងទ័ពគ្រប់រូបដែលកំពុងតែឈរជើងការពារបូរណភាពទឹកដីកម្ពុជាដ៏អង់អាចក្លាហាន។
ចំពោះគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់នេះក្រោមការជួយឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់លោករដ្ឋមន្ត្រី និងលោកស្រី ព្រមទាំងសប្បុរសជន សម្រាប់ជូនដល់វីរកងទ័ពកំពុងឈរជើងនៅសមរភូមិជួរមុខប្រចាំទិសទាំង៤ រួមមាន៖ អង្ករ ៤តោន, ទឹកបរិសុទ្ធ ៨០០កេស និងយួរ, ភេសជ្ជៈ YEOS Cambodia ៧០ កេស, ធុងទឹក ៤០០ធុង, ថ្នាំក្រពះ ៥០០បន្ទះ, អំបុក ២០០០ដប, ពងទាប្រៃ ៨០០គ្រាប់, ថ្នាំលាបរមាស់ ៣៦០ទីប, មី ២០កេសធំ, កាហ្វេ ១២កញ្ចប់ធំ, ត្រីខ ៨កេសធំ, នំ៩០០ ចំនួន ៤កេសធំ, អង្រឹង ៦០, ថ្នាំពេទ្យចម្រុះ ៥០ឈុត, ថ្នាំក្អក ១២ ០០០គ្រាប់, បារី ៨កេសធំ ៤០០សុង ៤០០០កញ្ចប់, ទឹកត្រី ១៦៨យួរ, សាច់គោងៀត ១៤០ គីឡ, សាច់ជ្រូកងៀត ១០០គីឡូ, ប៊ីចេង ១០០គីឡូ, នំ Midas ២០កេសធំ និងនំស្រួយលីលី ១៦កេសធំ៕



































