សហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នឹងទទួលបានផ្ទះសំណាញបន្ថែម ១០០ខ្នង តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា (Video inside)

29-01-2026 17:01

(ភ្នំពេញ)៖ លោក ណែន ពក ប្រធានសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកឯកភ្នំ ខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានប្រាប់អង្គភាពព័ត៌មាន Fresh News ថាសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ នឹងទទួលបានផ្ទះសំណាញបន្ថែម ១០០ខ្នង តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ១៧ មកពី៨ខេត្តផ្សេងគ្នា ក្រោមអធិបតី លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

សហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ មានសមាជិក ២០៥គ្រួសារ មានផ្ទៃដីដាំដុះ ១,២១៨ហិចតា ដែលផ្ដោតលើដំណាំស្រូវ និងបន្លែ ដែលគ្រោងនឹងទទួលបានផ្ទះសំណាញ់ ១០០ខ្នងបន្ថែមទៀត ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា។

លោក ណែន ពក បានបញ្ជាក់ថា ការចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើបនេះ គឺផ្អែកតាមការស្ម័គ្រចិត្តពីកសិករ ដោយកសិករសម្លឹងឃើញពីអត្ថប្រយោជន៍ជាច្រើនដែលទទួលបាន ដូចជាការកាត់បន្ថយថ្លៃដើមចំណាយ ការស្វែងរកទីផ្សារមុនពេលដាំដុះ ឬហៅថាផលិតកម្មតាមកិច្ចសន្យា និងទទួលបាននូវបច្ចេកទេសក្នុងការដាំដុះដំណាំ។ មុនពេលចូលរួមជាសហគមន៍កសិកម្មទំនើប បញ្ហាប្រឈមចំពោះមុខ គឺទីផ្សារ ប៉ុន្តែសហគមន៍កសិកម្មទំនើបអាចដោះស្រាយបញ្ហានេះបាន។

បើតាមប្រសាសន៍របស់លោក, «គម្រោងពិពិធកម្មកសិកម្ម បានជួយផ្ដល់នូវហិរញ្ញប្បទាន ៤០% ដើម្បីធ្វើឃ្លាំងសម្រាប់ស្ដុកធាតុចូល និងកសិផល បន្ថែមពីលើនេះក៏មាន គោយន្ត ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបាញ់ថ្នាំ ម៉ាស៊ីព្រោះស្រូវ និងផ្ទះសំណាញ់ ១០០ខ្នង»

ជាថ្មីម្ដងទៀត ក្នុងនាមប្រធានសហគមន៍ លោក បានដល់រាជរដ្ឋាភិបាល ដែលបានគិតគូរក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករនៅមូលដ្ឋាន ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានលោក ឃឹម ហ្វីណង់ បានដឹកនាំសម្របសម្រួលការងារសហគមន៍កសិកម្មទំនើបនេះផ្ទាល់។ លោក បញ្ជាក់ថា នៅរដូវក្រោយសហគមន៍កសិកម្មទំនើបស្រូវអង្ករសុវត្ថិភាពស្រុកភ្នំ នឹងកើនសមាជិកដល់ជាង៣០០គ្រួសារ និងផ្ទៃដីដាំដុះប្រហែលកើនដល់ទៅជិត ២០០០ហិចតា៕