មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់-ទទួល ការគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល នៅវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ
29-01-2026 17:07
(កំពង់ចាម)៖ លោក ប៊ិន សក្តា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារមជ្ឈមណ្ឌលបច្ចេកវិទ្យា ឌីជីថលសហគមន៍ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពពិធីប្រគល់កិច្ចសន្យាព្រមព្រៀង ស្តីពីការប្រគល់-ទទួល និងការគ្រប់គ្រងមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ នៅវិទ្យាល័យតេជោ ធិបតី បុសខ្នុរ ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ពិធីនេះ ក៏មានការចូលរួមពីលោកបណ្ឌិត ងួន វិទូ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ តំណាងលោក ឌួង ឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបុសខ្នុរ, តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម និងតំណាងមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តកំពង់ចាម តំណាងអភិបាលស្រុកចំការលើ ការិយាល័យជំនាញជុំវិញស្រុកចំការលើ លោកមេឃុំបុសខ្នុរ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ លោកនាយក លោកគ្រូ អ្នកគ្រូ បុគ្គលិកប្រតិបត្តិ ម.ប.ស. យុវជនឃុំបុសខ្នុរ និងសិស្សានុសិស្សជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោកបណ្ឌិត ងួន វិទូ បានឡើងមានមតិចំណាប់អារម្មណ៍ក្នុងនាមជាតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបុសខ្នុរ ដោយបង្ហាញក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងពិធីប្រគល់កិច្ចសន្យាព្រមព្រៀងស្តីពីការប្រគល់-ទទួល និងការគ្រប់គ្រង មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ នាពេលនេះ។
លោកបានបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ នៅវិទ្យាល័យ តេជោ ធិបតី បុសខ្នុរ គឺជាសមិទ្ធផលថ្មីស្រឡាងមួយទៀត ដ៏មានសារៈសំខាន់ ដែលនឹងជួយជំរុញចំណេះដឹងផ្នែកបច្ចេកវិទ្យាដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងឃុំបុសខ្នុរ។ ជាមូលដ្ឋានដាច់ស្រយាល អាចទទួលបានចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប មិនចាញ់សិស្សនៅទីក្រុង នោះឡើយ។
ជំនួសមុខឲ្យប្រធានក្រុមការងារ លោកបណ្ឌិត ងួន វិទូ បានសម្តែងការអរគុណចំពោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍ ដែលបានជ្រើសរើសវិទ្យាល័យ ក្នុងឃុំបុសខ្នុរដើម្បីដំឡើងឧបករណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។
ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋានឃុំបុសខ្នុរ នឹងបន្តគាំទ្រ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាសាលារៀន ដើម្បីធានាថាការប្រើប្រាស់ មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលសហគមន៍នេះ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកបានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗ សូមជួយថែរក្សាសម្ភារបច្ចេកវិទ្យាទាំងនេះឲ្យបានល្អ ដើម្បីប្រើប្រាស់ជាប្រយោជន៍ យូរអង្វែងដល់យុវជនជំនាន់ក្រោយៗទៀត៕
















