Fresh Exclusive: ច្បាប់និយាយ អាវុធសម្រេច៖ ហេតុអ្វីបានជាកិច្ចប្រជុំលេខាធិការដ្ឋាន RBC មិនអាចធ្វើឱ្យថៃគោរពអធិបតេយ្យកម្ពុជា
29-01-2026 17:35
(ភ្នំពេញ)៖ ខណៈដែលកម្ពុជា ប្រកាន់ខ្ជាប់យ៉ាងច្បាស់លាស់នូវគោលការណ៍ ដោះស្រាយជម្លោះ និងទាមទារយុត្តិធម៌លើការបាត់បង់ទឹកដី តាមច្បាប់អន្តរជាតិភាគីថៃវិញ បានប្រើយុទ្ធសាស្ត្រអូសបន្លាយពេលវេលា។ តាមរយៈកិច្ចប្រជុំលេខាធិការដ្ឋាន RBC ថៃបានបិទចន្លោះផ្លូវច្បាប់ និងរារាំងមិនឱ្យកម្ពុជា អាចប្រើប្រាស់យន្តការច្បាប់ ដើម្បីដោះស្រាយបញ្ហាទឹកដីស្របតាមការរំពឹងទុករបស់សហគមន៍អន្តរជាតិឡើយ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
នៅពេលដែលប្រជាជនខ្មែរជាច្រើន កំពុងសួរដោយឈឺចាប់ថា «ហេតុអ្វីកម្ពុជាមិនអាចយកដីមកវិញភ្លាមៗពីទាហានថៃឈ្លានពាន?» ចម្លើយពិត មិនស្ថិតនៅលើសេចក្តីថ្លែងការណ៍នយោបាយឡើយ ប៉ុន្តែស្ថិតនៅក្នុងបន្ទប់ប្រជុំមួយ តាមបណ្តោយព្រំដែនកន្លែងដែលពាក្យ «ច្បាប់» និងពាក្យ «អំណាច» កំពុងប៉ះទង្គិចគ្នាដោយស្ងៀមស្ងាត់។
ការបញ្ចប់កិច្ចប្រជុំលេខាធិការដ្ឋាន Regional Border Committee (RBC) រវាងកម្ពុជា និងថៃ ដោយគ្មានការយល់ស្របគ្នានោះ វាមិនមែនជាការបរាជ័យផ្នែកបច្ចេកទេសទេ។ វាជាភស្តុតាងដ៏ច្បាស់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានឆ្លងផុតដំណាក់កាល «ការពិភាក្សា» ទៅដល់ដំណាក់កាលការប្រឆាំងគ្នារវាងច្បាប់អន្តរជាតិ និងអំណាចលើដី ជាស្ថានភាពដែលប្រទេសតូចមួយ មិនអាចជ្រើសរើសការប្រើកម្លាំងយោធាដោយមិនគិតពីហានិភ័យវិនាសកម្មរបស់ជាតិឡើយ។
* RBC ជាភស្តុតាង៖ ពេលដែល «មិនយល់ស្រប» ក្លាយជាលំនាំ
កិច្ចប្រជុំលេខាធិការដ្ឋាន RBC រយៈពេល៣ថ្ងៃ មិនអាចឈានដល់ការរកចំណុចរួមគ្នាណាមួយបានឡើយ ទោះបីមានក្រុមយន្តការអាស៊ាន ASEAN Observer Team (AOT) ចូលសង្កេតផ្ទាល់ក៏ដោយ។
សេចក្តីប្រកាសផ្លូវការរបស់ភាគីកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ដោយសារភាគីទាំងពីរ មិនទាន់រកឃើញចំណុចកណ្តាលរួមគ្នានៅឡើយ ដូច្នេះភាគីទាំងពីរ បានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នា…»។ រហូតទាល់តែមានការឯកភាពគ្នា ទើបនឹងមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគរបស់ប្រទេសទាំងពីរ។
មូលហេតុស្នូលនៃការមិនទាន់យល់ស្របគ្នានេះ មិនមែនជាបញ្ហាបច្ចេកទេស ឬបញ្ហាកាលវិភាគឡើយ ប៉ុន្តែជាការបកស្រាយខុសគ្នាជាស្រេច។ ភាគីកម្ពុជា និយាយពីដែនដីស្របច្បាប់ ដែលទទួលស្គាល់តាមច្បាប់អន្តរជាតិ ខណៈភាគីថៃ បែរជានិយាយពីតំបន់គ្រប់គ្រងជាក់ស្តែង។ ការខុសគ្នាស្នូលនេះ បានធ្វើឱ្យតុចរចា មិនអាចទៅមុខបាន ព្រោះច្បាប់និងអាវុធ មិនអាចឈរនៅលើតារាងតែមួយបានឡើយ។
* ថៃបង្កើនភាពស្មុគស្មាញដើម្បីបន្តអូសបន្លាយពេលវេលា
ខណៈដែលកិច្ចចរចាយោធាព្រំដែនតាមរយៈ RBC ស្ថិតក្នុងភាពទ័លច្រក មិនអាចឈានទៅមុខបាន ភាគីថៃ បានប្តូរទិសភ្លាមៗទៅប្រើ វេទិកាច្បាប់ក្នុងស្រុក ដោយផ្តួចផ្តើមពាក្យបណ្តឹងចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥។
ចំពោះការប្តឹងនេះ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានចេញលិខិតតវ៉ា និងជំទាស់យ៉ាងច្បាស់លាស់ ដោយបញ្ជាក់ថា ចំណាត់ការរបស់ថៃ មិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍។ លិខិតក្រសួងការបរទេសដដែលបានបញ្ជាក់ថា៖ «ការប៉ុនប៉ងណាមួយ ក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេសសកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺ គ្មានមូលដ្ឋានក្រោមច្បាប់អន្តរជាតិឡើយ»។
ក្នុងន័យនេះ ការប្តឹងមេដឹកនាំកម្ពុជា ដោយភាគីថៃ មិនមែនជាការស្វែងរកយុត្តិធម៌ពិតប្រាកដទេ ប៉ុន្តែជាយុទ្ធសាស្ត្រ ពន្យាពេល និងបំភ្លៃល្បែងនយោបាយ ដើម្បីបំប្លែងអ្នកឈ្លានពានឱ្យទៅជាអ្នករងគ្រោះ បំផ្លាញភាពស្របច្បាប់នៃការការពារខ្លួនរបស់កម្ពុជា និងទិញពេលវេលា ក្នុងជម្លោះដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់សហគមន៍អន្តរជាតិ។
* ដោះស្រាយកំហឹង មិនអាចប្រើកំហល់ ជាយុទ្ធសាស្ត្រឡើយ
កំហឹងរបស់ប្រជាជនខ្មែរ ចំពោះការបាត់បង់ទឹកដី ដោយសារអំពើឈ្លានពានពីសំណាក់ថៃ មិនមែនជាអារម្មណ៍លើសហេតុផលទេ។ វាជាការឆ្លុះបញ្ចាំងពីការឈឺចាប់រួមរបស់ជាតិ ព្រោះទឹកដីដែលត្រូវបានប្លន់យកទៅ មិនមែនជាអចលនទ្រព្យធម្មតា ប៉ុន្តែជាអត្តសញ្ញាណប្រវត្តិសាស្ត្រ និងសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិខ្មែរ។
ទោះជាយ៉ាងណា សេចក្តីពិតដ៏ឈឺចាប់បំផុត ដែលត្រូវនិយាយដោយស្មោះត្រង់គឺថា ការខឹងទោះមានហេតុផលក្តី មិនអាចក្លាយជាយុទ្ធសាស្ត្រជាតិបានឡើយ។ កម្ពុជាក្នុងបរិបទបច្ចុប្បន្ន មិនអាចជ្រើសរើសការប្រើកម្លាំងយោធាដោយបើកចំហ ប្រឆាំងប្រទេសដែលមានអាវុធទំនើបជាង សេដ្ឋកិច្ចធំជាង និងឥទ្ធិពលនយោបាយខ្លាំងជាង ដោយមិនគិតពីហានិភ័យធ្ងន់ធ្ងរដល់វាសនាជាតិខ្លួនឯងឡើយ។
លើសពីនេះទៀតសង្គ្រាមភ្លាមៗ ក៏មិនបានសន្យាថា នឹងនាំទឹកដីត្រឡប់មកវិញបានឡើយ ប៉ុន្តែអាចនាំមកវិញនូវអ្វីដែលគ្រោះថ្នាក់ជាង ការបាត់បង់ជាតិទាំងមូល ការបែកបាក់សង្គម និងការបាត់បង់ឱកាសនៃអនាគតរបស់ប្រទេសជាតិ។ ក្នុងស្ថានភាពបែបនេះការរក្សាប្រាជ្ញា និងជ្រើសរើសយុទ្ធសាស្ត្រយូរអង្វែង មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាជម្រើសតែមួយគត់ ដើម្បីការពារជាតិឱ្យរស់រានមានបាននិងរក្សាភាពអត់ធ្មត់ដោះស្រាយតាមច្បាប់និងការទូត បើទោបីជាយុត្តិធម៌ពិតប្រាកដមកដល់យឺតយូរបន្តិចក៏ដោយ។
* នៅពេលពិភពលោកសម្លឹងផលប្រយោជន៍ ជាងយុត្តិធម៌
ការដែលភាគីថៃ អាចបន្តរក្សាស្ថានភាពឈ្លានពាននៅលើទឹកដីកម្ពុជាបាន ទោះបីមានកិច្ចប្រជុំ GBC និង RBC ជាបន្តបន្ទាប់បង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិ មិនមានអំណាចដោយខ្លួនឯងឡើយ។ ច្បាប់ ត្រូវការកម្លាំងនយោបាយ អ្នកគាំទ្រ និងបរិបទអន្តរជាតិអំណោយផល ដើម្បីក្លាយជាអំណាចពិតប្រាកដ។ អ្វីដែលកម្ពុជា កំពុងព្យាយាមសាងសង់ តាមរយៈការទូត ការធ្វើអន្តរជាតិនីយកម្ម និងការបង្ហាញភស្តុតាងជាប្រព័ន្ធ ចំពោះអំពើឈ្លានពានមកលើអធិបតេយ្យរបស់ខ្លួន។
ការយល់ព្រមត្រឹមតែ «បន្តផ្លាស់ប្តូរឯកសារ» បន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋាន RBC បញ្ចប់វាមិនមែនជាសញ្ញានៃការរីកចម្រើនទេ ប៉ុន្តែជាសញ្ញាថា ភាគីថៃ កំពុងប្រើពេលវេលា ជាអាវុធនយោបាយរក្សាស្ថានភាពជាក់ស្តែងលើដី ខណៈការពិភាក្សាត្រូវបានពន្យារពេលដោយគ្មានកាលកំណត់ច្បាស់លាស់។ សម្រាប់កម្ពុជា នេះមានន័យថា ការទាមទារយុត្តិធម៌លើទឹកដី មិនអាចធ្វើដោយយុទ្ធសាស្ត្រ «រត់ Sprint» ចម្ងាយខ្លីបានឡើយ ប៉ុន្តែត្រូវធ្វើដោយយុទ្ធសាស្ត្ររត់ម៉ារ៉ាតុងរយៈពេលវែង ការប្រមូលរក្សាទុកឯកសារ ប្រវត្តិសាស្ត្រ និងភស្តុតាងផ្លូវច្បាប់ ជាមួយនឹងការប្រើប្រាស់ការទូត និងការផ្លាស់ប្តូរបរិបទអន្តរជាតិ ដើម្បីឲ្យយុត្តិធម៌អាចឈានមកដល់នៅថ្ងៃខាងមុខ ដោយមិនចាំបាច់ប្រើកាំភ្លើងជាមធ្យោបាយដោះស្រាយឡើយ។
* គ្រោះថ្នាក់ធំបំផុត មិនមែននៅព្រំដែន ប៉ុន្តែនៅក្នុងសង្គម
ខណៈដែលជម្លោះក្រៅប្រទេស មិនទាន់អាចដោះស្រាយបានដោយឆាប់រហ័ស សង្គ្រាមមួយទៀត កំពុងកើតឡើងយ៉ាងស្ងៀមស្ងាត់ក្នុងសង្គមខ្មែរ សង្គ្រាមពាក្យសម្តី និងព័ត៌មានញុះញង់។ នៅក្នុងបរិបទនេះ ក្រុមនយោបាយប្រឆាំងមួយចំនួន បានប្រើប្រាស់រាល់មធ្យោបាយ ដើម្បីបង្កអស្ថិរភាពផ្ទៃក្នុង និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកំពុងបន្តតស៊ូយ៉ាងអត់ធ្មត់ ដើម្បីទាមទារយុត្តិធម៌លើទឹកដីកម្ពុជា តាមផ្លូវច្បាប់អន្តរជាតិនិងការទូត។
ការញុះញង់ថា «មានតែខ្លួនឯងទេ ដែលអាចដោះស្រាយបញ្ហាទឹកដីបាន» មិនមែនជាដំណោះស្រាយជាតិឡើយ ប៉ុន្តែជាសម្តីបំបែកបំបាក់ ដែលបើកដៃឱ្យសត្រូវខាងក្រៅកាន់តែទទួលបានអត្ថប្រយោជន៍។ ពេលដែលកម្ពុជាត្រូវរវល់ជាមួយវិបត្តិផ្ទៃក្នុងកម្លាំងឈ្លានពានពីក្រៅនឹងមានឱកាសងាយស្រួលក្នុងការរក្សា ឬពង្រីកស្ថានភាពឈ្លានពានលើទឹកដីខ្មែរ ហើយកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការប្រើច្បាប់ និងការទូត ដើម្បីការពារអធិបតេយ្យភាពនឹងត្រូវរងការខ្សោយថយជាបន្តបន្ទាប់។
ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា បើជាតិបែកបាក់ពីខាងក្នុង សត្រូវមិនចាំបាច់ប្រើកាំភ្លើងឡើយ។ នេះហើយជាមូលហេតុដែលការពារជាតិ នៅក្នុងស្ថានភាពបច្ចុប្បន្ន មិនមែនត្រឹមតែការពារព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែត្រូវការពារសាមគ្គីភាពជាតិ ផងដែរ។ ប្រជាពលរដ្ឋត្រូវមានការយល់ដឹង ប្រកបដោយវិចារណញ្ញាណ មិនត្រូវឲ្យធ្លាក់ក្នុងអន្ទាក់នៃសម្តីញុះញង់ ដែលបង្កឡើងពីក្រុមនយោបាយនៅក្រៅស្រុក និងបណ្តាញព័ត៌មានបំភ្លៃឡើយ។
ការដែលកិច្ចប្រជុំលេខាធិការដ្ឋាន RBC មិនអាចឈានដល់ការយល់ស្រប មិនមែនជាសញ្ញានៃភាពខ្សោយរបស់កម្ពុជាទេ ប៉ុន្តែជាភស្តុតាងច្បាស់ថា កម្ពុជា កំពុងប្រឈមមុខនឹងអសមតុល្យអំណាចដ៏ធ្ងន់ធ្ងរ នៅក្នុងជម្លោះដែលច្បាប់ និងអាវុធមិនមានទម្ងន់ស្មើគ្នា។ ក្នុងបរិបទបែបនេះ ការរក្សាជំហរច្បាស់លាស់តាមច្បាប់និងការទូត មិនមែនជាការថយចុះទេ ប៉ុន្តែជាយុទ្ធសាស្ត្រចាំបាច់ ដើម្បីការពារអធិបតេយ្យភាព និងវាសនាជាតិ។
ជម្រើសរបស់ជាតិ ក្នុងពេលនេះមិនមែនស្ថិតនៅចន្លោះ «កំហឹង» និង «ការភ័យខ្លាច» ទេ ប៉ុន្តែស្ថិតនៅចន្លោះការរស់ដោយប្រាជ្ញា និងយុទ្ធសាស្ត្រ ឬ ការវិនាសដោយអារម្មណ៍។ ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជា ម្តងហើយម្តងទៀតថា ជាតិដែលអាចរស់រានមានបានយូរអង្វែង មិនមែនជាជាតិដែលប្រញាប់ខឹង ឬរត់តាមអារម្មណ៍ភ្លាមៗទេ ប៉ុន្តែជាជាតិដែលចេះអត់ធ្មត់រង់ចាំពេលវេលា ដែលយុត្តិធម៌អាចឈ្នះអំណាច ដោយមិនចាំបាច់បោះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួនឡើយ៕















