អ្នកវិភាគជំរុញឱ្យសហជីពពង្រឹងសមត្ថភាព ដើរឱ្យហួសប្រយោជន៍បុគ្គល ដើម្បីធ្វើជាដៃគូរដ៏ល្អរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់សុខដុមនីយកម្ម

29-01-2026 18:07

(ភ្នំពេញ)៖ ក្រោយមានការតវ៉ាជាបន្តបន្ទាប់ខុសពីនីតិវិធីច្បាប់ពីសំណាក់សហជីពមូលដ្ឋាន នៅតាមរោងចក្រសហគ្រាសមួយចំនួន អ្នកវិភាគនៅកម្ពុជា បានមើលឃើញថា សហជីពដែលជាតំណាងកម្មករត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីជំរុញការគោរពច្បាប់ នីតិវិធីដោយមិនគួរចូលរួមធ្វើសកម្មភាពខុសច្បាប់ដែលបង្ហាញពីកំសោយក្នុងនាមជាភាគីដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់សុខដុមនីយកម្មក្នុងរោងចក្រសហគ្រាស។

លោកបណ្ឌិត ឈត ប៊ុនថង សាស្រ្តាចារ្យទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា មេសហជីពដែលគិតពីប្រយោជន៍កម្មករពិតប្រាកដ និងអាចរួមចំណែកលើកកម្ពស់វិស័យការងារបានត្រូវតែមានសមត្ថភាពវិជ្ជាជីវៈ មានភាពជាអ្នកដឹកនាំច្បាស់លាស់ និងចៀសផុតពីប្រយោជន៍បុគ្គល។ ផ្ទុយទៅវិញ មេដឹកនាំសហជីពមួយចំនួនដែលមិនស្គាល់ពីតួនាទីភារកិច្ច កតព្វកិច្ចរបស់ខ្លួន មិនយល់ពីច្បាប់ និងគិតតែពីប្រយោជន៍បុគ្គល តែងមើលរំលងប្រយោជន៍រួមរបស់កម្មករនិយោជិត។

លោក ឈត ប៊ុនថង បានបញ្ជាក់ថា៖ «បុគ្គលិក ឬក្រុមការងារថ្នាក់ដឹកនាំរបស់សហជីព ហ្នឹងគាត់អសកម្ម គាត់មានទំនោគិតរឿងផលប្រយោជន៍ ឬមួយក៏គាត់ធ្វើការបម្រើឱ្យឆន្ទៈនយោបាយណាមួយ ក្រុមណាមួយ ឬមួយគាត់ត្រូវគ្នាជាមួយម្ចាស់រោងចក្រ បានផលប្រយោជន៍ណាមួយ គាត់បំភ្លេចពីការមើលសុខទុក្ខ ការពារផលប្រយោជន៍កម្មករក៏មានដែរ»

លោកបណ្ឌិតរូបនេះ បានបន្ថែមថា សហជីពគួរតែដើរឱ្យហួសពីប្រយោជន៍បុគ្គល និងមិនត្រូវយកកម្មករជាឈ្នាន់ធ្វើសកម្មភាព ដែលខុសច្បាប់ដែលផ្ទុយពីតួនាទី និងភារកិច្ច របស់សហជីពដែលមានចែងក្នុងច្បាប់ដែលមានគោលបំណងលើកកម្ពស់សុខដុមនីយកម្ម ក្នុងសហគ្រាសដែលជាកត្តាគន្លឹះដើម្បីកសាងវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។

ដោយឡែក លោក បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិតសភាកម្ពុជា បានពិនិត្យឃើញថា សហជីពមូលដ្ឋាន និងកម្មករមួយចំនួន ប្រើប្រាស់បាតុកម្មបិទផ្លូវជាត្រីមុខបើទោះណាដឹងថាសកម្មភាពទាំងនោះខុសច្បាប់ក៏ដោយ។

លោកបានបន្ដថា៖ «ខ្ញុំអំពាវនាវឱ្យមានការជជែកគ្នា ឱ្យបើកទូលាយដោយចំហរ ដើម្បីរកដំណោះស្រាយជាជាងយើងទៅបិទផ្លូវសាធារណៈ នាំទៅដល់ការរាំងស្ទះការធ្វើដំណើរ ក៏ដូចជារំខានទៅដល់វឌ្ឍនភាពសង្គមផ្សេងទៀត»

ជាមួយនឹងបញ្ហាទាំងនេះ សង្គមជាទូទៅមើលឃើញថា ដើម្បីតែប្រយោជន៍សហជីពមូលដ្ឋានមួយចំនួនធំ ដែលគ្រប់គ្រងកម្មករ នៅតាមរោងចក្រសហគ្រាសមិនអាចធ្វើជាតំណាងរបស់កម្មករបាន មិនអើពើកង្វល់កម្មករ ហើយពេលខ្លះក៏បានចូលរួមបិទភ្នែក និងច្រមុះឱ្យកម្មករធ្វើសកម្មភាពតវ៉ា ឬទាមទារខុសច្បាប់ទៀតផង ក៏មានដែរដើម្បីឆ្លៀតឱកាសទារប្រយោជន៍ ឬសគុណណាមួយ ឬក៏ដើម្បីបង្ហាញពីកម្លាំងនៃអំណាចដោយប្រើប្រាស់បងប្អូនកម្មករជាឈ្នាន់ក៏មានផងដែរ។ ប្រការនេះ អ្នកវិភាគនិងជាបញ្ញាវ័ន្តនៅកម្ពុជា ជំរុញយ៉ាងទទូចឱ្យសហជីពពង្រឹងសមត្ថភាពនិងដើរឱ្យហួសពីប្រយោជន៍បុគ្គល និងក្រុមខ្លួន ដើម្បីប្រយោជន៍រួមនៃវិស័យដែលជាអាយុវជីវិត និងឆ្នាំងបាយរបស់ពលរដ្ឋខ្មែររាប់លាននាក់៕