មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសហគមន៍កសិករប្រើប្រាស់ទឹក ក្នុងខេត្តស្ទឹងត្រែង

29-01-2026 19:38

(ស្ទឹងត្រែង)៖ លោក លី ស៊ីណូ អនុរដ្ឋលេខាធិការ និងជាតំណាងលោកលោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួង ចុះបំពេញបេសកកម្មត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក (FWUC) ក្នុងខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក ហៃ ប៊ុនធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល រួមជាមួយមន្ត្រីជំនាញសំខាន់ៗ រួមមាន លោកស្រី អ៉ឹម ចិន្តា, លោក ជានៅ ប៊ុនដារ៉ា និងមន្រ្តីនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង ជាច្រើនរូបផងដែរ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការសហគមន៍រួចមក លោក លី ស៊ីណូ និងគណៈប្រតិភូ បានបន្តដំណើរចុះពិនិត្យដោយផ្ទាល់នូវប្រព័ន្ធធារាសាស្ត្រ ទំនប់ក-២០ និងទំនប់ អូរខ្លុង ដែលស្ថិតក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន។

នៅក្នុងកិច្ចប្រជុំ និងការចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសហគមន៍កសិករប្រើប្រាស់ទឹក ក្នុងខេត្តស្ទឹងត្រែងនេះ លោកអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដល់បងប្អូនសមាជិកសហគមន៍ទាំងអស់ និងបានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងគ្រប់លំដាប់ថ្នាក់ចំពោះការងារដែលពាក់ព័ន្ធលើវិស័យទឹក និងបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋ និងសហគមន៍ ចូលរួមថែរក្សាអាងទឹកទាំងពីរនេះឱ្យបានល្អប្រសើរដើម្បីបម្រើផលប្រយោជន៍នៃការប្រើប្រាស់រួមយួរអង្វែង។

ក្រោយកិច្ចសំណេះសំណាល លោក លី ស៊ីណូ ក៏បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងអាងស្តុកទឹក ដើម្បីវាយតម្លៃលើប្រសិទ្ធភាពនៃការគ្រប់គ្រង និងការបែងចែកទឹក។ ដំណើរបេសកកម្មនេះក្នុងគោលបំណង ចុះធ្វើការត្រួតពិនិត្យលើការងារពង្រឹង និងគាំទ្របច្ចេកទេសសម្រាប់សកម្មភាពការងាររបស់សហគមន៍កសិករប្រើប្រាស់ទឹក។ ប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងារ និងការរីកចម្រើនរបស់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ) -ពន្យល់ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការអនុវត្តនូវសកម្មភាពការងារដើម្បីចូលរួមគ្រប់គ្រង និងថែទាំប្រព័ន្ធធារាសាស្ត្រ (O&M) ។ ណែនាំដល់គណៈកម្មាធិការ ស.ក.ប.ទ. អំពីការប្រមូលភាគទានប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត សម្រាប់ការទ្រទ្រង់ដល់កិច្ចដំណើការថែទាំប្រព័ន្ធធារាសាស្ត្រ។

សកម្មភាពចុះជាប់ជាប្រចាំរបស់ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម គឺជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាឱ្យសហគមន៍កសិករមានរចនាសម្ព័ន្ធរឹងមាំ មានសមត្ថភាពគ្រប់គ្រងទឹកបានល្អ និងមានផែនការច្បាស់លាស់ ដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕