បណ្ឌិត ម៉ៅ ធនិន ណែនាំឱ្យកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ថ្នាក់ និងមន្ត្រីអនុវត្តន៍ច្បាប់ រួមគ្នាបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

29-01-2026 19:41

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ មន្ត្រីអនុវត្តន៍ច្បាប់ ត្រូវមានវិធានការបង្ការ និងទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បំផុតចំពោះឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ពិសេសប្រជាពលរដ្ឋដែលជាម្ចាស់កន្លែងផ្តល់សេវាស្នាក់នៅ សូមចូលរួមសហការឱ្យបានល្អជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រខេត្តកំពតឱ្យមានប្រសិទ្ធភាពខ្ពស់។

ស្របពេលបច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធ «Online Scams» បានក្លាយជាក្ដីព្រួយបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា និងពិភពលោក ហើយសមត្ថកិច្ចពាក់ព័ន្ធ បាននឹងកំពុងដុតដៃដុតជើងធ្វើការបង្ក្រាបយ៉ាងយកចិត្តទុកដាក់ តាមវិធានការ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត ម៉ៅ ធនិន បានថ្លែងដូចនេះនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦នេះ នាឱកាសដែលលោក និងលោកលោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពត នៅសាលប្រជុំសាលាខេត្តកំព។

លោកអភិបាលខេត្តកំពត បានបន្តថា បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការប្រយុទ្ធប្រឆាំងបទល្មើសនានា ដើម្បីធានាដល់ការរស់នៅ ដោយសុខសាន្តរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រនៃខេត្តកំពត មានភាពល្អប្រសើរ ហើយអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធបាននិងកំពុងអនុវត្តន៍ដូចភ្លៀងរលឹម។

ក្នុងនោះការប្រយុទ្ធប្រឆាំង និងបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តកំពត មិនទាន់មាននោះទេ ប៉ុន្តែក៏ទាមទារឱ្យមន្ត្រីអនុវត្តន៍ច្បាប់ ត្រូវត្រៀមលក្ខណៈគិតគូរ និងមានវិធានការបង្ការ និងទប់ស្កាត់ឱ្យមានប្រសិទ្ធភាព និងបានទាន់ពេលវេលាជាមុន ព្រោះរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ និងមុតស្រួចបំផុតដល់ជនល្មើស និងអ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕