គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ អំពាវនាវបណ្ដាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មទាំងអស់ គោរពឲ្យបានទៅតាមអនុលោមភាពកំណត់ដោយច្បាប់
29-01-2026 22:09
(ភ្នំពេញ)៖ លោក នៅ លក្ខណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្ក គ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) អំពាវនាវដល់បណ្ដាម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មទាំងអស់ គោរពឲ្យបានទៅតាមអនុលោមភាព កំណត់ដោយច្បាប់របស់កម្ពុជា ដើម្បីជៀសផុតពីការទទួលខុសត្រូវលើទោសទណ្ឌ ឬប្រឈមវិធានការផ្សេងៗ។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីទទួលបានការឯកភាពពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ ក្នុងការរៀបចំសន្និសីទសារព័ត៌មាន ដើម្បីអនុញ្ញាតជូនតំណាងក្រុមហ៊ុនចំនួន២ (បារីម៉ាក ESSE)និង(បារីម៉ាក GOLD SEAL) បានបង្ហាញពីប្រតិបត្តិការអាជីវកម្ម និងអនុលោមភាពរបស់ខ្លួន នៅចំពោះមុខ គ.ប.ផ.ក. និង អ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ នារសៀលថ្ងៃទីនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក នៅ លក្ខណា បានបញ្ជាក់ថា ការរៀបចំឲ្យមានសន្និសីទនាពេលនេះ ក្នុងគោលបំណងផ្ដល់នូវភាពច្បាស់លាស់ និងការទទួលខុសត្រូវរបស់ក្រុមហ៊ុន តាមរយៈការអះអាងនាពេលនេះ រីឯស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូច គ.ប.ផ.ក. ផ្ទាល់ បានបង្ហាញពីទិដ្ឋភាពច្បាប់ ឬវិធានការនានា ដើម្បីប្រកាសផ្សព្វផ្សាយឲ្យសាធារណៈជនបានដឹង និងបានយល់ពីទិដ្ឋភាពច្បាប់ទាំងអស់គ្នា។
លោកបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ការនាំចូលផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ព្រមទាំងការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ, ដោយកន្លងមកថ្មីៗនេះ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធឲ្យយកចិត្តទុកដាក់លើកិច្ចការទាំងនេះ ជាមួយយន្តការនានាបន្ថែមលើច្បាប់ដែល មានស្រាប់ ដើម្បីធានានូវតុល្យភាពរវាងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និងការលើកកម្ពស់សុខភាពសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈជំរុញឲ្យមានការត្រួតពិនិត្យការចែកចាយផលិតផលថ្នាំជក់ និងបារីខុសច្បាប់ ដើម្បីធានាឲ្យមានការចរាចរ និងចែកចាយផលិតផល ដោយអនុលោមតាមច្បាប់។
នៅក្នុងសន្និសីទសារព័ត៌មាននេះ តំណាងក្រុមហ៊ុនទាំង២ ដែលមាន លោកស្រី ភឿន សុផា អ្នកចាត់ការទូទៅក្រុមហ៊ុន ប៊ូ ស្ទួន អ៊ីមិច និងលោក ឈុន រត្ថា ប្រធានរដ្ឋបាលក្រុមហ៊ុន អធីអេហ្វ អ៊ុនវេសមេន បាន អអាងដូចៗគ្នាថា ក្រុមហ៊ុនរបស់ខ្លួនបានគោរពទៅតាមអនុលោមភាពយ៉ាងខ្ជាប់ខ្ជួន តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចសេក្ដីណែនាំផ្សេងៗ។
ផលិតផលបារីទាំងឡាយណា ដែលកំពុងផលិត ស្តុកទុក ឬចរាចរ ដែលមិនបានអនុលោមតាមច្បាប់ នោះមិនមែនជាផលិតផលបារីរបស់ខ្លួនទេ វាជាផលិតផលបារីដែលខុសច្បាប់ ឬក្លែងក្លាយដែលកំពុងប្រព្រឹត្ត ដោយលួចលាក់បង្កផលប៉ះពាល់ដល់កិត្តិយសក្រុមហ៊ុន និងអាជីវកម្មរបស់ខ្លួន៕







