ថ្ងៃស្អែកនេះ ក្រសួងការងារនឹងនាំយកឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់អតីតពលករ និងពលរដ្ឋនៅខេត្ដសៀមរាប

30-01-2026 14:46

(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់អតីតពលករត្រឡប់ពីប្រទេសថៃ យុវជន និងអ្នកកំពុងស្វែងរកការងារ ធ្វើនៅខេត្ដសៀមរាប សូមចូលរួមវេទិការងារ សន្ដិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាចុងសប្តាហ៍នេះ ដើម្បីទទួលបានការងារធ្វើភ្លាមៗ ខណៈឱកាសការងារមានជិត ៩ម៉ឺនកន្លេង។

លោក ស៊ុន មេសា បានថ្លែងថា៖ «វេទិកាការងារនេះ គឺជាយន្តការសំខាន់មួយរបស់ក្រសួង ក្នុងការនាំយកឱកាសការងារពិតប្រាកដ ទៅជិតប្រជាពលរដ្ឋ ជាពិសេសអតីតពលករ ដែលបានវិលត្រឡប់មកពីប្រទេសថៃ និងយុវជន ដែលកំពុងស្វែងរកការងារធ្វើ ដើម្បីឱ្យពួកគាត់អាចទទួលបានការងារធ្វើភ្លាមៗ និងមានប្រាក់ចំណូលសមរម្យ»

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ចំនួន២ទីតាំង ក្នុងនោះថ្ងៃសៅរ៍ ទី៣១ ខែមករា វេទិកានឹងរៀបចំនៅបរិវេណសាលាស្រុកស្រីស្នំ រីឯថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ នឹងរៀបចំនៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ស្រុកក្រឡាញ់ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល ដើម្បីផ្ដល់ឱកាសការងារជិត ៩ម៉ឺនកន្លែង។

លោកបានបន្ថែមថា អ្នកចូលរួមនឹងទទួលបានការសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន មានរថយន្តដឹកជញ្ជូននិងអាហារដោយឥតគិតថ្លៃ។ មិនត្រឹមតែអាចស្វែងរកការងារប៉ុណ្ណោះ អ្នកចូលរួមក៏អាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស តាមកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលស្ថិតនៅឆ្ងាយ អាចទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែលមន្ត្រីក្រសួងការងារនៅរង់ចាំទទួលទូរសព្ទរបស់បងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍៕