លោកស្រី គី រស្មី ចេញសេចក្តីជូនដំណឹងជាសារធារណៈករណី លោក មាស ធី បញ្ញា និងប្រពន្ធឈ្មោះ ផាន់ ស៊ីមាន ខ្ចីប្រាក់ ៥០,០០០ ដុល្លារអាមេរិក
30-01-2026 16:16
(ភ្នំពេញ)៖ លោកស្រី គី រស្មី មានអាសយដ្ឋានផ្ទះលេខ ១៦១ខេ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងជាសារធារណៈករណី លោក មាស ធីបញ្ញា និងប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានខ្ចីប្រាក់ពីលោកស្រី ចំនួនសរុប USD ៥០,០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឈ្មោះ មាស ធីបញ្ញា និងប្រពន្ធឈ្មោះ ផាន់ ស៊ីមាន បានខ្ចីប្រាក់ពីលោកស្រី គី រស្មី ចំនួន USD ២០,០០០ (ពីរម៉ឺន) ដុល្លារអាមេរិកដោយមានរយៈពេល កំណត់០១ឆ្នាំ ដើម្បីទូទាត់ទៅតាមការកំណត់តាមកិច្ចសន្យាខ្ចីបរិភោគ។ ដោយសែកនោះ ចេញសម្រាប់បើកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លុះដល់ថ្ងៃកំណត់ខ្លួនទៅបើកប្រាក់ តែមូលប្បទានប័ត្រនោះពុំមានសាច់ប្រាក់នោះទេ។ ក្រោយមក លោកស្រី គី រស្មី បានទៅជួបជាមួយសាមីខ្លួន នៅហាងកាហ្វេ Brown សាខាទូតចិន ហើយគាត់ក៏សុំទុកពេល ដូច្នេះក៏លោកស្រី គី រស្មី ពន្យារពេល ឱ្យគាត់ ០៣ខែទៀត។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឈ្មោះ មាស ធីបញ្ញា និង ប្រពន្ធ ឈ្មោះ ផាន់ ស៊ីមាន បានខ្ចីប្រាក់ពីលោកស្រី គី រស្មី ចំនួន USD ៣០,០០០ (បីម៉ឺន) ដុល្លារអាមេរិក បន្ថែមទៀត។
ក្រោយមក ឈ្មោះ មាស ធីបញ្ញា ចេញមូលប្បទានប័ត្រទាំងពីរខាងលើរបស់ធនាគារ ព្រីនស៍ ម.ក. មកឱ្យលោកស្រី គី រស្មី ទុកសម្រាប់ទូទាត់ប្រាក់ដែលជំពាក់ ប៉ុន្តែដល់ថ្ងៃកំណត់បើកប្រាក់ សម្រាប់ទូទាត់ លោកស្រី គី រស្មី បានយកមូលប្បទានប័ត្រទាំងពីរខាងលើទៅបើកនៅធនាគារ ប៉ុន្តែខាង ធនាគារក៏បានចេញនូវមូលប្បទានប័ត្របញ្ជូនត្រឡប់ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បញ្ជាក់ ថាមូលប្បទានប័ត្រទាំងពីរខាងលើមិនមានសាច់ប្រាក់ ប៉ុន្តែឈ្មោះ មាស ធីបញ្ញា និងប្រពន្ធ ឈ្មោះ ផាន់ ស៊ីមាន មិនបានសងប្រាក់ហើយថែមទាំងគេចវេសពីការអនុវត្តកាតព្វរបស់ខ្លួន ទើបលោកស្រី គី រស្មី បានដាក់ពាក្យបណ្តឹងចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ទៅកាន់តុលាការដើម្បី ស្វែងរកឈ្មោះ មាស ធីបញ្ញា មកទទួលខុសត្រូវ និងអនុវត្តកាតព្វកិច្ចរបស់ខ្លួន។
លុះមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឈ្មោះ មាស ធីបញ្ញា តាមរយៈមេធាវីបានធ្វើនូវកិច្ចព្រមព្រៀងប្រគល់ និងទទួលប្រាក់ ដោយយល់ព្រមទទួលប្រាក់ដើម USD ១០,០០០ (មួយម៉ឺនដុល្លារអាមេរិក) នៅថ្ងៃធ្វើកិច្ចព្រមព្រៀងប្រគល់ និងទទួលប្រាក់នេះ។ ឈ្មោះ មាស ធីបញ្ញា យល់ព្រមធ្វើការសងប្រាក់មកវិញ ក្នុង ០១ (មួយ) ខែ USD ៥០០ (ប្រាំរយដុល្លារ អាមេរិក) រយៈពេល ០៦ (ប្រាំមួយ) ខែ គិតចាប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ និង សងប្រាក់បង្គ្រប់ ចំនួន USD ៣៧.០០០ (បីម៉ឺនប្រាំពីរពាន់ដុល្លារអាមេរិក) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ រហូតមកដល់ថ្ងៃសំណត់សងប្រាក់ ឈ្មោះ មាស ធីបញ្ញា មិនបានធ្វើការទូទាត់សងប្រាក់តាមការព្រមព្រៀងទៅតាមការកំណត់តាមកិច្ចព្រមព្រៀងប្រគល់ និងទទួលប្រាក់នោះទេ។
ក្រោយពីដំណើរការនីតិវិធីទៅតាមផ្លូវច្បាប់រួចមក សាលាដំបូងរាជធានីភ្នំពេញក៏បាន ចេញនូវសាលក្រមព្រហ្មទណ្ឌលេខ២៦៥២ អ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ សម្រេច ផ្តន្ទាទោស ជនជាប់ចោទឈ្មោះ មាស ជីបញ្ញា ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ ពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងបង្គាប់ឱ្យ ជនជាប់ចោទឈ្មោះ មាស ធីបញ្ញា សងសំណងការខូចខាតចំនួន ៣៧.០០០ (បីម៉ឺនប្រាំពីរពាន់) ដុល្លារអាមេរិកមកលោកស្រី គី រស្មី វិញ៕








