អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ទើបផ្សាយរឿងបណ្តេញជនបរទេស, ជនជាតិកូរ៉េ និងមីយ៉ាន់ម៉ា ជិត ៨០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា

30-01-2026 16:26

(ភ្នំពេញ)៖ មជ្ឈដ្ឋានអ្នកសារព័ត៌មានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលឃើញ​ទំព័រ​ហ្វេស​ប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ផ្សាយព័ត៌មានជាបន្តបន្ទាប់រឿង​បណ្តេញ​ជនបរទេសចេញពីកម្ពុជា ខណៈសកម្មភាពទាំងនោះបានធ្វើឡើង​យូរថ្ងៃ​កន្លង​ទៅហើយ តែទើបនឹងយកមកផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដែលភាសារបស់​អ្នកសារព័ត៌មាន គឺព័ត៌មានទាំងនេះជូរផ្អូមអស់ទៅហើយ។

ព័ត៌មានពាក់ព័ន្ធការបណ្តេញជនបរទេសដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ទើបយកផ្សាយនេះរួមមាន៖

ទីមួយការបណ្តេញជនជាតិមីយ៉ាន់ម៉ា ដែលបានធ្វើឡើងចន្លោះថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមករា។ ប្រភពបានបញ្ជាក់ថា ក្នុងចន្លោះថ្ងៃនេះ ជនជាតិមីយ៉ាន់ម៉ា សរុបចំនួន ៧២៩នាក់ ស្រី ២១៧នាក់ បានបណ្តេញចេញពីកម្ពុជា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

ទីពីរការបណ្តេញចេញជនជាតិកូរ៉េខាងត្បូង ចំនួន ៧៣នាក់ ស្រី៨នាក់ ចេញពីប្រទេសកម្ពុជា ធ្វើឡើងនៅយប់ថ្ងៃទី២២ ឈានចូល​ថ្ងៃ​​ទី​២៣ ខែមករា តាមរយៈយន្តហោះពិសេស ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន (online scams)។ ព័ត៌មាននេះ ត្រូវបានបណ្តាញព័ត៌មានធំៗផ្សាយតាំងពីថ្ងៃទី២៣ ខែមករា ក្រោយជនជាតិកូរ៉េទាំងនេះ ដឹកដល់ប្រទេសកូរ៉េ។

យោងតាមទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញ​ចេញ​ជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់​យ៉ាងម៉ឺងម៉ាត់​របស់​រាជរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាម​ប្រព័ន្ធ​បច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក៕