ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ម៉ោងនេះ កុំចាំតែពលរដ្ឋរាយការណ៍ កុំចាំតែគេបង្ហោះ យើងត្រូវទទួលស្គាល់ថា ម៉ោងនេះពលរដ្ឋ និងសង្គមទាំងមូល ទទួលយកមិនបានទេ ពេលមានបទល្មើសកើតឡើង ហើយអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនដឹង (Video inside)

30-01-2026 16:26

(ភ្នំពេញ)៖ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាតំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពញ្ញាក់ស្មារតីដល់មន្ត្រី និងអ្នកអនុវត្តច្បាប់ថា មកដល់ម៉ោងនេះកុំចាំតែប្រជាពលរដ្ឋរាយការណ៍ កុំចាំតែគេបង្ហោះ យើងត្រូវទទួលស្គាល់ថាម៉ោងនេះ ប្រជាពលរដ្ឋ និងសង្គមទាំងមូលទទួលយកមិនបានទេ មានបទល្មើសកើតឡើង ហើយអាជ្ញាធរមូលដ្ឋានឆ្លើយថាមិនដឹងនោះ។

ការបញ្ញាក់ស្មារតីបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញ បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងបរិស្ថាន ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងរិស្ថាន។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានជំរុញឱ្យបន្តពង្រឹងការថែរក្សាគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យគង់វង្សប្រកបដោយចីរភាព និងបន្តការជំរុញចលនា ពន្លកបៃតង ដើម្បីបង្កើនភាពបៃតង។ ពាក់ព័ន្ធនឹងការងារថែរក្សា និងគ្រប់គ្រងតំបន់ការពារធម្មជាតិនេះ កន្លងទៅក្រសួងបរិស្ថាន ក៏មានចែកជូនដ្រូន និងផែនទីផ្កាយរណបជូនដល់មន្ទីរបរិស្ថានតាមខេត្ត ដើម្បីជំនួយដល់ ការអនុវត្តច្បាប់។

ក្នុងន័យនេះក្នុងនាមរាជរដ្ឋាភិបាល, ឧបនាយករដ្ឋមន្ត្រី នេត សាវឿន សូមធ្វើការណែនាំដល់រដ្ឋបាល ថ្នាក់ក្រោមជាតិទាំងអស់ ត្រូវចាត់ទុកការងារការពារតំបន់ធម្មជាតិទាំងនេះ ជាទិសដៅអាទិភាព ក្នុងដែនសមត្ថកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានពញ្ញាក់ស្មារតីយ៉ាងដូច្នេះថា៖ «ម៉ោងនេះ កុំចាំតែពលរដ្ឋរាយការណ៍? កុំចាំតែគេបង្ហោះ? យើងត្រូវទទួលស្គាល់ថា ម៉ោងនេះពលរដ្ឋ និងសង្គមទាំងមូលទទួលយកមិនបានទេមានបទល្មើសកើតឡើងហើយ អាជ្ញាធរមូលដ្ឋានឆ្លើយថាមិនដឹងនោះ? យើងត្រូវចងចាំថា កិច្ចការពារតំបន់ធនធានធម្មជាតិនេះ គឺជាដង្ហើមធម្មជាតិនៃប្រទេសជាតិរបស់យើងការបំផ្លិចបំផ្លាញបំពានរំលោភលើដី និងតំបន់ទាំងនោះ គឺជាទោសដ៏ធ្ងន់ធ្ងរមួយដែលខ្ញុំសំណូមពរឱ្យក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមទាំងមន្ត្រីអនុវត្តច្បាប់របស់យើង គឺសូមកុំមានការពាក់ព័ន្ធឱ្យសោះនឹងត្រូវចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត»

ឧបនាយករដ្ឋមន្ត្រី នេត សារវឿន បានលើកឡើងថា បន្ថែមពីលើកិច្ចការងារអភិរក្សការពារយើងក៏មិនត្រូវភ្លេចពីការងារអភិវឌ្ឍផងដែរ។ ក្នុងន័យនេះ ក្រសួងបរិស្ថានត្រូវគិតគូរការរស់នៅអាស្រ័យផលរបស់ប្រជាសហគមន៍មូលដ្ឋានដែលរស់នៅក្បែរ ឬក្នុងតំបន់ការពារធម្មជាតិទាំងនោះសំដៅធ្វើយ៉ាងណាប្រែក្លាយជាតំបន់លំហែបៃតងធម្មជាតិ ដែលអាចលើកស្ទួយជីវភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់ ប៉ុន្តែ រក្សាបាននូវគុណតម្លៃធម្មជាតិ សង្គម និងវប្បធម៌ ស្របតាមអនុសាសន៍ណែនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលលោកបានចុះផ្ទាល់ដល់តំបន់ខ្នងផ្សានាពេលកន្លងមក។

ទន្ទឹមននឹងនេះដែរ ឧបនាយករដ្ឋមន្ត្រី នេត សារវឿន បានគូសបញ្ជាក់ថា ក្រៅពីការងារការពារអភិរក្សតំបន់ព្រៃឈើ យើងក៏មិនត្រូវមើលរំលងការគ្រប់គ្រង និងអភិរក្សបឹងធម្មជាតិ និងព្រៃលិចទឹកផងដែរ។ ក្នុងន័យនេះលោកសូមស្នើក្រសួងបរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្តោតជាអាទិភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការអភិរក្សបឹងទន្លេសាប ទន្លេមេគង្គ និងព្រៃលិចទឹក ដែលមានសារៈសំខាន់ខ្លាំងសម្រាប់សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានកម្ពុជា ទាំងក្នុងតំបន់ និងសកល ជាពិសេសជាប្រភពនៃសន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។

ឧបនាយករដ្ឋមន្ត្រី នេត សារវឿន បានឱ្យដឹងថា បឹងទន្លេសាប និងទន្លេមេគង្គ ផ្តល់ផលនេសាទរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ រួមទាំងសេវាកម្មអេកូឡូស៊ីផ្សេងៗទៀតដែលផលប្រយោជន៍ទាំងនេះកើតឡើងដោយធម្មជាតិ ដោយមិនចាំបាច់ដាក់ទុនវិនិយោគ។ ក្នុងន័យនេះចូរអភិរក្ស និងអភិវឌ្ឍតំបន់បឹងទន្លេសាបទន្លេសាប និងទន្លេមេគង្គ ឱ្យមានតុល្យភាពគ្នាសំដៅធានាឱ្យបាននូវអរិយភាពនៃអេកូវប្បធម៌នៅតំបន់ទាំងនោះ៕