Fresh Exclusive: ហេតុអ្វីថៃ ជ្រើសតុលាការខ្លួនឯងជំនួសតុលាការអន្តរជាតិក្នុងជម្លោះកម្ពុជា-ថៃ?

30-01-2026 16:34

(ភ្នំពេញ)៖ ថៃកំពុងប្រើ «ច្បាប់ក្នុងស្រុក» របស់ខ្លួនជាយុទ្ធសាស្ត្រនយោបាយ ដើម្បីបម្រើអារម្មណ៍ជាតិនិយមក្នុងស្រុក ពន្យារដំណើរការសន្តិភាព បង្កសំឡេងរំខានលើឆាកអន្តរជាតិ និងបង្កសម្ពាធផ្លូវចិត្ត។ នេះមិនមែនជាការស្វែងរកយុត្តិធម៌ពិតប្រាកដទេ ប៉ុន្តែជាការទិញពេលវេលា និងជាល្បែងនយោបាយដែលចង់បន្តជម្លោះរវាងកម្ពុជានិងថៃ។

Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅជុំវិញបញ្ហានេះ។

នៅក្នុងពិភពលោកដែលច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើង ដើម្បីទប់ស្កាត់សង្គ្រាម និងដោះស្រាយជម្លោះដោយសន្តិវិធី មានប្រទេសមួយចំនួន នៅតែជ្រើសរើសផ្លូវផ្សេងមិនមែនផ្លូវយុត្តិធម៌ទេ ប៉ុន្តែជាផ្លូវ «ច្បាប់ក្លែងក្លាយ» របស់ខ្លួនឯង ដើម្បីបម្រើឧបាយកលបន្តជម្លោះនយោបាយ។ ការដាក់ពាក្យបណ្តឹងរបស់មន្ត្រីជាន់ខ្ពស់ថៃ ទៅតុលាការក្នុងស្រុក ប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺជាឧទាហរណ៍ច្បាស់បំផុតនៃល្បែងនយោបាយនោះ។

សេចក្តីតវ៉ាជំទាស់ជាផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា មិនមែនជាប្រតិកម្មដោយអារម្មណ៍ទេ ប៉ុន្តែជាការបញ្ជាក់យ៉ាងច្បាស់ថា ការប្តឹងរបស់ថៃ មិនស្របនឹងច្បាប់អន្តរជាតិ មិនស្របនឹងស្មារតីអាស៊ាន និងផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីបទឈប់បាញ់ឆ្នាំ២០២៥។ សំណួរសំខាន់មិនមែនថា «ថៃអាចប្តឹងបានឬអត់?» នោះទេ ប៉ុន្តែថា «ហេតុអ្វីបានជាថៃជ្រើសរើសតុលាការខ្លួនឯង ជំនួសតុលាការអន្តរជាតិ?»

* ការតវ៉ាផ្លូវការរបស់កម្ពុជា
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា, ប្រទេសថៃ តាមរយៈអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិរបស់ខ្លួន បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយអះអាងថា ពាក់ព័ន្ធនឹង «ប្រតិបត្តិការយោធាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥»។

ក្នុងការឆ្លើយតបចំពោះសកម្មភាពនេះ ក្រសួងការបរទេសកម្ពុជា បានធ្វើលិខិតតវ៉ាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយចាត់ទុកថា ពាក្យបណ្តឹងប្រឆាំងនឹងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា គឺផ្ទុយនឹងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជានិងថៃ ព្រមទាំងផ្ទុយនឹងស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

លិខិតរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ចំណាត់ការផ្លូវច្បាប់នេះ មិនស្របនឹងគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតំបន់អាស៊ីអាគ្នេយ៍ឡើយ។ ការប៉ុនប៉ងណាមួយក្នុងការផ្តួចផ្តើមនីតិវិធីច្បាប់ក្នុងស្រុក ដោយកំណត់គោលដៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋអធិបតេយ្យ ចំពោះសកម្មភាពពាក់ព័ន្ធនឹងកាតព្វកិច្ចផ្លូវការរបស់ខ្លួន ជាពិសេសសកម្មភាពទាក់ទងនឹងការការពារជាតិ និងបូរណភាពទឹកដី គឺគ្មានមូលដ្ឋានស្របច្បាប់ក្រោមច្បាប់អន្តរជាតិនោះទេ»។

តាមគោលការណ៍ច្បាប់អន្តរជាតិ សកម្មភាពរបស់ប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រី ក្នុងការអនុវត្តភារកិច្ចផ្លូវការរដ្ឋ ជាពិសេសសកម្មភាពពាក់ព័ន្ធនឹងការការពារជាតិ និងបូរណភាពទឹកដី ត្រូវបានចាត់ទុកថាជា សកម្មភាពរដ្ឋ ដែលស្ថិតក្រោមអភ័យឯកសិទ្ធិ និងមិនអាចយកទៅកាត់ក្តីតាមនីតិវិធីរបស់តុលាការជាតិរបស់រដ្ឋផ្សេងបានឡើយ។ ក្នុងបរិបទនេះ ការប្រើប្រាស់តុលាការក្នុងស្រុក ដើម្បីកំណត់គោលដៅលើថ្នាក់ដឹកនាំរដ្ឋអធិបតេយ្យមួយផ្សេងទៀត មិនត្រឹមតែបំពានលើគោលការណ៍អធិបតេយ្យភាពស្មើគ្នារវាងរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយនឹងស្មារតីនៃការដោះស្រាយជម្លោះដោយសន្តិវិធី ដែលអាស៊ាន និងច្បាប់អន្តរជាតិបានកំណត់ផងដែរ។

* តុលាការក្នុងស្រុកថៃ៖ វេទិកាដែលអាចគ្រប់គ្រងបាន

ការជ្រើសរើសប្តឹងនៅតុលាការក្នុងស្រុករបស់ថៃ មិនមែនជាជម្រើសចៃដន្យ ឬជាការឆ្លើយតបតាមផ្លូវច្បាប់សុទ្ធសាធឡើយ។ ផ្ទុយទៅវិញ វាជាជម្រើសដែលអនុញ្ញាតឱ្យភាគីថៃ អាចគ្រប់គ្រងបានទាំងវេទិកាកាត់ក្តីសាច់រឿងនយោបាយ និងទិសដៅនៃការបកស្រាយសាធារណៈ។ នៅក្នុងបរិបទនេះ ច្បាប់ មិនត្រូវបានប្រើជាឧបករណ៍ស្វែងរកយុត្តិធម៌ដោយឯករាជ្យទេ ប៉ុន្តែក្លាយជាមធ្យោបាយនយោបាយ ដើម្បីបំប៉ោងស្មារតីជាតិនិយម និងបន្ធូរឬបញ្ចប់សម្ពាធនយោបាយក្នុងស្រុក ដែលកំពុងកើនឡើង។

សម្រាប់សាធារណជនថៃ សំណុំរឿងនេះអាចត្រូវបានបង្ហាញជារូបភាពថា «រដ្ឋាភិបាលកំពុងប្រើច្បាប់ ដើម្បីការពារជាតិ និងអធិបតេយ្យភាព» ទោះបីជាក្នុងការពិត តុលាការនោះ មិនមានអំណាចអ្វីលើកម្ពុជា ឬលើថ្នាក់ដឹកនាំនៃរដ្ឋអធិបតេយ្យមួយផ្សេងទៀតឡើយ។ ការបង្កើតសាច់រឿងបែបនេះ មានតួនាទីសំខាន់ ក្នុងការបង្វែរភាពចាប់អារម្មណ៍សាធារណៈពីបញ្ហាជាក់ស្តែងនៅលើដី និងពីសំណួរច្បាប់អន្តរជាតិ ដែលថៃមិនអាចឆ្លើយតបបានតាមវេទិកាអន្តរជាតិ។

* ហេតុអ្វី បានជាថៃមិនប្តឹងរឿងជម្លោះកម្ពុជា-ថៃទៅតុលាការអន្តរជាតិ?

បើសិនជាថៃមានទំនុកចិត្តលើយុត្តិធម៌ពិតប្រាកដ និងចង់ដោះស្រាយជម្លោះតាមផ្លូវច្បាប់អន្តរជាតិ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) គួរតែជាជម្រើសដំបូង និងសមស្របបំផុត។ ទោះជាយ៉ាងណា ភាគីថៃ មិនបានជ្រើសរើសយកផ្លូវនេះទេ ពីព្រោះថៃដឹងច្បាស់ថាវេទិកាអន្តរជាតិ មិនអាចផ្តល់លទ្ធផលតាមបំណងនយោបាយរបស់ខ្លួនបានឡើយ។

ប្រការទីមួយ តាមគោលការណ៍ច្បាប់អន្តរជាតិ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ស្ថិតក្រោមអភ័យឯកសិទ្ធិពេញលេញ ចំពោះសកម្មភាពផ្លូវការរដ្ឋ ជាពិសេសសកម្មភាពពាក់ព័ន្ធនឹងការការពារជាតិ និងបូរណភាពទឹកដី។ គោលការណ៍នេះ បិទទ្វារតុលាការអន្តរជាតិ មិនឱ្យក្លាយជាវេទិកាកាត់ក្តីលើ «បុគ្គល» សម្រាប់សកម្មភាពរដ្ឋបែបនេះឡើយ។

ប្រការទីពីរ ភស្តុតាងជាក់ស្តែងនៅលើដី ចាប់ពីការប្រើអាវុធធុនធ្ងន់ ការចូលឈ្លានពានទឹកដី និងការបង្កឱ្យមានជនភៀសខ្លួនច្រើនសែននាក់ អាចធ្វើឱ្យថៃ ពីភាគីដែលព្យាយាមប្តឹងប្រែក្លាយជាភាគីដែលត្រូវរងការចោទប្រកាន់វិញ ប្រសិនបើសំណុំរឿងត្រូវបាននាំទៅវេទិកាអន្តរជាតិ ដែលផ្អែកលើភស្តុតាង និងច្បាប់ ជាងអារម្មណ៍និងសម្ពាធនយោបាយ។

ប្រការទីបី បទពិសោធន៍ចាញ់ក្តីប្រាសាទព្រះវិហារ នៅឆ្នាំ១៩៦២ និងការបកស្រាយបន្ថែមនៅឆ្នាំ២០១៣ នៅតែជាស្នាមរបួសនយោបាយដ៏ជ្រៅសម្រាប់ថៃ។ ករណីទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា តុលាការអន្តរជាតិ មិនអនុវត្តតាមតុល្យភាពនយោបាយ ឬសម្ពាធសាធារណៈទេ ប៉ុន្តែវិនិច្ឆ័យតាមផែនទី ឯកសារ និងគោលការណ៍ច្បាប់អន្តរជាតិ ដែលជាកត្តាធ្វើឱ្យថៃ មិនមានទំនុកចិត្តថា អាចគ្រប់គ្រងបានដូចវេទិកាច្បាប់ក្នុងស្រុករបស់ខ្លួនឡើយ។

ដោយហេតុនេះហើយ ការជៀសវាងតុលាការអន្តរជាតិ មិនមែនជាការជៀសវាងដោយចៃដន្យទេ ប៉ុន្តែជាការជៀសវាងវេទិកាដែលថៃដឹងថា មិនអាច «គ្រប់គ្រងលទ្ធផល» បាន។ ក្នុងបរិបទនេះការជ្រើសរើសតុលាការក្នុងស្រុក គឺជាឧបករណ៍នយោបាយតែមួយគត់ ដើម្បីថៃអាចបន្តជម្លោះតាមរយៈច្បាប់ក្លែងក្លាយរបស់ខ្លួន ជំនួសការដោះស្រាយជម្លោះដោយសន្តិវិធី និងភាពស្របច្បាប់អន្តរជាតិ។

* តើថៃកំពុងលេងល្បែងអ្វីដោយពិតប្រាកដ?

ក្រោមស្រទាប់នៃភាសាច្បាប់និងនីតិវិធី សំណុំរឿងនេះ មិនមែនជាការប៉ុនប៉ងស្វែងរកយុត្តិធម៌សុទ្ធសាធឡើយ ប៉ុន្តែជាល្បែងនយោបាយចម្រុះ ដែលរួមបញ្ចូលយុទ្ធសាស្ត្រច្រើនស្រទាប់ ដើម្បីបម្រើគោលដៅនយោបាយទាំងក្នុងស្រុក និងលើឆាកអន្តរជាតិរបស់ថៃ។

ក្នុងយុទ្ធសាស្ត្រដំបូង ថៃប្រើការបំបែរអារម្មណ៍ក្នុងស្រុក (Domestic Distraction) ដោយយកតុលាការរបស់ខ្លួន មកធ្វើជាឧបករណ៍នយោបាយបំលែងបញ្ហាផ្ទៃក្នុង និងភាពក្តៅក្រហាយនយោបាយក្នុងសង្គមថៃ ឱ្យផ្លាស់ប្តូរទិសទៅលើ «សត្រូវក្រៅ»។ តាមរយៈសាច់រឿងថា រដ្ឋាភិបាលកំពុង «ប្រើច្បាប់» ដើម្បីការពារជាតិ និងអធិបតេយ្យភាព យុទ្ធសាស្ត្រនេះ មានតួនាទីសំខាន់ក្នុងការរក្សាស្ថិរភាពនយោបាយក្នុងស្រុក និងបន្ធូរសម្ពាធពីក្រុមជាតិនិយម និងស្ថាប័នអំណាចមួយចំនួន។

បន្ទាប់មក ថៃអនុវត្ត យុទ្ធសាស្ត្រពន្យាពេល (Delay Strategy) តាមរយៈការផ្តួចផ្តើមនីតិវិធីច្បាប់ ដែលដឹងជាមុនថា មិនអាចនាំទៅរកលទ្ធផលជាក់ស្តែងបាន។ វិធីសាស្ត្រនេះ អនុញ្ញាតឱ្យថៃ ពន្យារដំណើរការសន្តិភាព បង្កភាពមិនច្បាស់លាស់ និងរំខានដល់ការអនុវត្តបទឈប់បាញ់ និងយន្តការកាត់បន្ថយភាពតានតឹង ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាជាមុន។

លើឆាកអន្តរជាតិ ថៃក៏ប្រើការរំខានផ្លូវទូត (Diplomatic Noise) តាមរយៈការប្តឹងនៅតុលាការក្នុងស្រុក ដើម្បីបង្កសម្លេងរំខាន និងធ្វើឱ្យជម្លោះមើលទៅស្មុគស្មាញ មិនច្បាស់ថា «អ្នកណាខុស ឬអ្នកណាត្រូវ»។ សំឡេងរំខាននេះ អាចធ្វើឱ្យប្រទេសទីបី ស្ទាក់ស្ទើរក្នុងការគាំទ្រភាគីណាមួយ និងជួយបន្ថយសម្ពាធអន្តរជាតិ ដែលគេគួរតែត្រូវបានដាក់ទៅលើភាគីថៃនោះ។

ជាមួយគ្នានេះដែរ សង្គ្រាមចិត្តសាស្ត្រ (Psychological Warfare) គឺជាគោលដៅសំខាន់មួយទៀតការបង្កភាពសង្ស័យ ភាពភ័យខ្លាច និងភាពតានតឹងយូរអង្វែង ទាំងក្នុងសង្គមកម្ពុជា និងលើឆាកការទូត។ ការប៉ុនប៉ងបែបនេះ មានគោលបំណងបំបាក់ទំនុកចិត្ត ប្រេះស្រាំស្មារតីសាធារណៈ និងបន្តជម្លោះដោយមិនចាំបាច់ប្រើអាវុធ។ ដោយសារយុទ្ធសាស្ត្រចម្រុះទាំងនេះ ការប្តឹងតាមតុលាការក្នុងស្រុក មិនអាចចាត់ទុកថាជាបញ្ហាច្បាប់សុទ្ធសាធបានឡើយ ប៉ុន្តែជាបញ្ហានយោបាយ ដែលថៃចាំបាច់ត្រូវប្រើ ដើម្បី ទិញពេលវេលា និងបង្កសកម្មភាពរំខាន នៅក្នុងជម្លោះ។ វាជាការប្រើប្រាស់ផ្លូវច្បាប់មួយ ទោះបីគ្មានការគាំទ្រពីសហគមន៍អន្តរជាតិក៏ដោយ ដើម្បីបន្តជម្លោះ បង្អង់ដំណើរការសន្តិភាព និងបំបាក់ភាពស្របច្បាប់អន្តរជាតិ ខណៈដែលកម្ពុជា បន្តឈរយ៉ាងច្បាស់លើវេទិកា យុត្តិធម៌ សន្តិភាព និងច្បាប់អន្តរជាតិ។

សេចក្តីសន្និដ្ឋាន៖ ការប្តឹងកម្ពុជាទៅតុលាការក្នុងស្រុកថៃ មិនមែនជាការស្វែងរកយុត្តិធម៌ឡើយ ប៉ុន្តែជាការប្រើ «ច្បាប់» ជាឧបករណ៍នយោបាយ ដើម្បីបន្តជម្លោះ ដែលថៃមិនអាចឈ្នះបាន ទាំងតាមអាវុធ និងតាមច្បាប់អន្តរជាតិ។ សកម្មភាពនេះ បង្ហាញយ៉ាងច្បាស់ថា ថៃកំពុងជ្រើសរើសផ្លូវនយោបាយមួយ ដោយបំពាក់វាជា «សម្លៀកបំពាក់ច្បាប់» ប៉ុន្តែដើម្បីទិញពេលវេលា បង្កភាពអុកឡុក និងរក្សាជម្លោះឱ្យនៅក្នុងសភាពមិនច្បាស់លាស់តែប៉ុណ្ណោះ។

ផ្ទុយទៅវិញ កម្ពុជាកំពុងឈរលើវេទិកាខ្ពស់ជាងវេទិកានៃយុត្តិធម៌ សន្តិភាព និងភាពស្របច្បាប់អន្តរជាតិ។ ក្នុងសម័យដែលច្បាប់អាចត្រូវបានបម្លែងជាអាវុធ អ្នកដែលឈ្នះពិតប្រាកដ មិនមែនជាអ្នកដែលប្តឹងខ្លាំងជាងគេនោះទេ ប៉ុន្តែជាអ្នកដែលឈរលើសេចក្តីពិត ការអត់ធ្មត់ និងពេលវេលា អ្វីដែលប្រវត្តិសាស្ត្រ នឹងវិនិច្ឆ័យជាចុងក្រោយ៕