រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តជាតិ និងអន្តរជាតិចុះពិនិត្យថែទាំសុខភាពត្រចៀក និងផ្តល់ឧបករណ៍ជំនួយការស្តាប់ ដោយឥតគិតថ្លៃ ជាលើកទី២ ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ
30-01-2026 16:29
(កំពង់ធំ)៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦នេះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងភរិយា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស័្មគ្រចិត្តជាតិ និងអន្តរជាតិ មកពីប្រទេសអូស្ត្រាលី និងនេប៉ាល់ ចំនួន២០រូប ចុះពិនិត្យថែទាំសុខភាពត្រចៀក និងផ្តល់ឧបករណ៍ជំនួយការស្តាប់ ដោយឥតគិតថ្លៃ ជាលើកទី២ ជូនដល់ប្រជាពលរដ្ឋប្រមាណ ១៥០០នាក់ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៣០-៣១ខែមករា ឆ្នាំ២០២៦ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសសំណេះសំណាល លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយបានខិតខំប្រឹងប្រែងបង្ខិតសេវាសុខាភិបាលឱ្យបានកៀកមូលដ្ឋានរស់នៅ ព្រមទាំងបង្កើតសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជួយព្យាបាលជំងឺដោយឥតគិតថ្លៃ។
រដ្ឋមន្ត្រី នៃក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវការជឿជាក់ថា បេសកកម្មមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក្នុងការពិនិត្យព្យាបាលជំងឺនាពេលនេះ មិនត្រឹមតែជួយកាត់បន្ថយបញ្ហាសុខភាពនិងការចំណាយរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើននូវភាពជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលតែងផ្តល់អាទិភាពខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជន។ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបន្តថែរក្សាសុខភាពឱ្យបានល្អថែមទៀត ដោយរក្សាខ្ជាប់ខ្ជួននូវអនាម័យ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត និងសូមបន្តយកចិត្តទុកដាក់បង្ការនូវជំងឺឆ្លងផ្សេងៗ ព្រមទាំងបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៥-៦-៧ ខែកក្ដដា ឆ្នាំ២០២៥ កន្លងទៅ លោករដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង និងលោកជំទាវ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចម្រុះជាតិសាសន៍មកពីប្រទេសចិន អង់គ្លេស អាម៉េរិក នូវែលសេឡង់ កូរ៉េ កាណាដា ហ្វីលីពីន និងប្រទេសកម្ពុជា ចុះមកពិនិត្យ និងព្យាបាលជំងឺ ជាអាទិ៍ ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺត្រចៀក ការព្យាបាលដោយចលនា និងការផ្តល់ថ្នាំវីតាមីន ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋប្រមាណ ៣ពាន់នាក់ ម្ដងរួចមកហើយ នៅក្នុងមូលដ្ឋានស្រុកស្ទោង៕


































