អភិបាលខេត្តកណ្ដាល លើកទឹកចិត្តដល់នាយកសាលា ខិតខំឲ្យអស់ពីលទ្ធភាព អូសទាញសិស្សដែលគេចសាលាឲ្យបានចូលរៀនវិញ

30-01-2026 16:30

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់សាលាទាំងអស់ទូទាំងខេត្តកណ្ដាល ខិតខំអូសទាញសិស្សដែលខិលខូចគេចសាលា ឲ្យបានចូលរៀនវិញ មិនត្រូវប្រើប្រាស់វិធានការលុបឈ្មោះសិស្សចេញពីសាលានោះទេ ត្រូវចាត់ទុកថានេះគឺជាការខ្វះខាតរបស់យើងទាំងអស់គ្នាក្នុងការអប់រំសិស្សានុសិស្ស ព្រោះថាបើសិនបណ្ដេញពួកគេចេញពីសាលា នោះអាចនឹងក្លាយជាក្មេងទំនើង បង្ករបញ្ហាសង្គមណាមួយមិនខានឡើយ។

លោកអភិបាលខេត្តកណ្ដាលថ្លែងបែបនេះ នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ ឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល។

លោក គួច ចំរើន បានបន្តថា បើសិនសិស្សានុសិស្សល្មើសវិន័យនៅក្នុងសាលា ឬអវត្តមានញឹកញាប់ ឬច្រើនដងពេក ត្រូវខិតខំទំនាក់ទំនងទៅឪពុកម្ដាយ ឬអាណាព្យាបាល ដើម្បីអូសទាញពួកគាត់ឲ្យមកសិក្សាបន្ត ដើម្បីជំរុញការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្ររបស់ពួកគាត់បន្ថែមទៀត។ ប៉ុន្តែប្រសិនបើពួកគេមកបង្កហិង្សានៅក្នុងសាលា ឬបញ្ហាប្រឈមផ្សេងៗដែលល្មើសនឹងច្បាប់នោះទុកឱ្យច្បាប់ជាអ្នកអនុវត្តចំពោះពួកគេ ប៉ុន្តែក្នុងករណីខុសវិន័យ ឬមានអវត្តមានញឹកញាប់ ត្រូវខិតខំពន្យល់ពួកគាត់ និងអូសទាញពួកគាត់ឲ្យមកបន្តការសិក្សាបន្តទៀតកុំឲ្យពួកគាត់បោះបង់ចោលការសិក្សាឡើយ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្តកណ្ដាល បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងរាល់​ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបំពេញភារកិច្ចយ៉ាងសកម្ម។

ការខិតខំប្រឹងប្រែងទាំងនេះបានធ្វើឲ្យវិស័យ​អប់រំ យុវជន និងកីឡា ក្នុងខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនទាំងលើផ្នែក​ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគុណភាព​នៃការអប់រំ ជាខេត្តដែលមានសិស្សជាប់​និទ្ទេស A ច្រើនជាងគេបំផុត ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស បន្ទាប់ពីរាជធានីភ្នំពេញ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ កន្លងទៅ៕