តំណាងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យមានការចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ឱ្យបានកាន់តែប្រសើរឡើងថែមទៀត

30-01-2026 16:32

(ភ្នំពេញ)៖ សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ក្នុងឋានៈជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ក្រសួងបរិស្ថានឆ្នាំ២០២៥ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានជំរុញឱ្យមានការចូលរួមថែមទៀតគោរពច្បាប់បរិស្ថាន ដើម្បីចូលរួមទបស្កាត់ការបំពុលការបំពុលទឹក ដី និងខ្យល់។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ របស់ក្រសួងបរិស្ថាន បានទទួលបានពីការដាក់ចេញនូវយុទ្ធនាការ និងផែនការសកម្មភាពនានា ដែលកៀរគរ និងជំរុញឱ្យអ្នកពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ប្រជាពលរដ្ឋ និងវិស័យឯកជន បានប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងយកចិត្តទុកដាក់រួមគ្នា លើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជាពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបន្តពង្រឹងការអនុវត្តច្បាប់ លើការងារត្រួតពិនិត្យការបំពុលបរិស្ថាន និងការលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានលើកឡើងពីយកចិត្តទុកដាក់អនុវត្តច្បាប់លើក្រុមហ៊ុន ដែលបង្ហូរទឹកកខ្វក់ ដោយមិនបានធ្វើប្រព្រឹត្តកម្មជាមុន ចូលទៅក្នុងប្រភពទឹកសាធារណៈ និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការតឹងរ៉ឹង ទៅលើក្រុមហ៊ុនល្មើសទាំងនោះ ឱ្យអនុវត្តច្បាប់ ដើម្បីជាការស្មើភាពគ្នាជាមួយក្រុមហ៊ុន ដទៃទៀតដែលគោរពច្បាប់។

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងបានទប់ស្កាត់ការបញ្ចេញទឹកកខ្វក់ ពីក្រុមហ៊ុន រោងចក្រនិងសហគ្រាសនានានៅកម្ពុជា មិនឱ្យមានការបំពុលដល់តំបន់ទឹកសាធារណៈ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបរិស្ថាន នៅកម្ពុជាបានជាង២០ លានម៉ែត្រគូប។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦ ក្រសួងបរិស្ថាន ដាក់ចេញនូវផែនការសកម្មភាព ដើម្បីធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល ដើម្បីធានាសុក្រឹតកម្មបរិស្ថានកិច្ច៕