ស្នងការខេត្តពោធិ៍សាត់ ចេញសេចក្តីបំភ្លឺ និងច្រានចោលការលើកឡើងតាមបណ្តាញសង្គម ពាក់ព័ន្ធការស្ទាក់ចាប់ចិនតាមផ្លូវយកលុយ
30-01-2026 17:55
(ពោធិ៍សាត់)៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីបំភ្លឺព័ត៌មាន បដិសេធចំពោះការផ្សព្វផ្សាយថា «ស្នងការនគរបាលខេត្តពោធិ៍សាត់ ប្រដេញចាប់ជនជាតិចិន យកលុយរាប់ម៉ឺនដុល្លារ»។
ក្នុងសេចក្តីបំភ្លឺព័ត៌មាន បានឲ្យដឹងថា «កាលពីពេលថ្មីៗកន្លងទៅនេះ មានគណនីផេក ឈ្មោះLê Đúc Tho-ឡេ ដឹកថូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម មានខ្លឹមសារៈ ស្នងការនគរបាលខេត្តពោធិ៍សាត់ ប្រដេញចាប់ជនជាតិចិន យកលុយរាប់ម៉ឺនដុល្លារ និង គណនីផេកឈ្មោះ ពូរ៉ា-Maverick ដែលបានយកទៅបង្ហោះបន្តលើបណ្តាញសង្គម មានខ្លឹមសារថាៈ ចាប់ពួកមន្ត្រីពុករលួយបានអត់ មើលទៅមានលេខឡានច្បាស់ចឹងហើយ។
ដោយគោរពតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឱ្យកម្លាំងមានសមត្ថកិច្ច ធ្វើការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) តាមបណ្តា រាជធានី/ខេត្ត បានធ្វើឱ្យជនបរទេសខុសច្បាប់មួយចំនួនធំ ធ្វើការចល័តទីចេញពីទីតាំងមួយទៅទីតាំងមួយផ្សេងទៀត តាមរយៈរថយន្តឈ្នួល (Taxi)។ ភាគច្រើនក្រុមជនបរទេសចូលមកស្នាក់នៅប្រទេសកម្ពុជា ដោយខុសច្បាប់។ ក្រុមតាក់ស៊ីទាំងអស់នោះបានដឹកជញ្ជូន ជនបរទេសខុសច្បាប់ស្ទើរតែរៀងរាល់យប់ ជាប់ជាប្រចាំដោយឆ្លងកាត់ភូមិសាស្ត្រខេត្តពោធិ៍សាត់។
ក្រោយទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានរៀបចំក្រុមការងារចម្រុះដើម្បីបង្ការជាលទ្ធផល បង្ក្រាបទប់ស្កាត់បទល្មើសទាំងអស់នោះ ដោយធ្វើការឆែកឆេរត្រួតពិនិត្យលើរថយន្តសង្ស័យមួយចំនួនតែប៉ុណ្ណោះ ក្រោយមានបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ក្នុង រយះពេល១២ថ្ងៃនេះកម្លាំងសមត្ថកិច្ចយើងបានល្បាតត្រួតពិនិត្យចំនួន០៦លើក បានរកឃើញជនបរទេសខុសច្បាប់ចំនួន៧៨នាក់ (ស្រី០៣នាក់) បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មាន០៣សញ្ជាតិ ក្នុងនោះមាន៖
១៖ សញ្ជាតិចិនចំនួន ៦២នាក់
២៖ សញ្ជាតិមីយ៉ាន់ម៉ាចំនួន ០៩នាក់
៣៖ សញ្ជាតិថៃចំនួន ០៧នាក់ (ស្រី០៣នាក់)
សកម្មភាពបង្ក្រាបរបស់សមត្ថកិច្ចយើង បានធ្វើឱ្យប៉ះពាល់ និងបាត់បង់ផលប្រយោជន៍ដល់ក្រុមពួកគាត់ទាំងអស់នោះ ដែលធ្វើឱ្យពួកគាត់បានបង្កើតឡើងនូវមាតិកា ឬព័ត៌មានប្រឌិត ដើម្បីវាយប្រហារមកលើអង្គភាពយើងខ្ញុំ ធ្វើឱ្យសាធារណៈជន និង ថ្នាក់ដឹកនាំមានការភ័ន្តច្រឡំ មកលើកម្លាំងសមត្ថកិច្ចរបស់យើងដែលខិតខំប្រឹងប្រែងបំពេញតាមតួនាទីភារកិច្ច។
ពាក់ព័ន្ធករណីខាងលើនេះ អង្គភាពយើងខ្ញុំ ក៏បានហៅមន្ត្រីដែលបានចុះប្រតិបត្តិការមកធ្វើការសាកសួរដើម្បីស្វែងរកការពិត ក្រោយពីធ្វើការសួរនាំរួចរាល់ ពួកគាត់បានបដិសេដ គឺមិនបានធ្វើអ្វីដូចខ្លឹមសារដែលបានបង្ហោះលើកឡើងលើបណ្តាញសង្គមនោះទេ។
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សូមធ្វើការបដិសេធទាំងស្រុងចំពោះការបង្ហោះផ្សព្វផ្សាយរបស់គណនីផេក ខាងលើ មានចរិកញុះញង់ ដើម្បីផលប្រយោជន៍អ្វីមួយ ធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកេរ្តិ៍ឈ្មោះអង្គភាពយើងខ្ញុំ ដែលខិតខំប្រឹង ប្រែងប្រតិបត្តិការបង្ការ-បង្រ្កាបទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម»៕





