រថយន្ត BYD ដំឡើងនៅកម្ពុជាចំនួនពីរគ្រឿង ត្រូវបានប្រគល់ដល់ដៃអតិថិជន
30-01-2026 18:46
(ភ្នំពេញ)៖ រថយន្តអគ្គិសនីដ៏ល្បាញល្បីរបស់ចិន BYD ដែលដំឡើងនៅកម្ពុជាចំនួនពីរគ្រឿង ត្រូវបានប្រគល់ដល់ដៃរបស់អតិថិជន។ ក្រុមហ៊ុនចាត់ទុកការទិញរថយន្តដំឡើងនៅកម្ពុជា ជាសក្ខីភាពបង្ហាញនូវទំនុកចិត្តរបស់អតិថិជនចំពោះរថយន្តដំឡើងនៅកម្ពុជា ដែលជាការបោះជំហានមួយដ៏ល្អប្រសើរ។
នារសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអនុញ្ញាតឱ្យគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់នៃសម្ព័ន្ធ BYD ដឹកនាំដោយលោក Liu Xueliang អគ្គនាយកគ្រប់គ្រងផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជុំវិញវឌ្ឍនភាពនៃការវិនិយោគ និងទិសដៅពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះវត្តមានរោងចក្រដំឡើងរថយន្តទំនើបថ្មីស្រឡាងរបស់ BYD នៅលើទឹកដីកម្ពុជា ដែលនេះជាមោទនភាពថ្មីមួយសម្រាប់វិស័យឧស្សាហកម្មយានយន្តរបស់ជាតិ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន BYD ដែលមានជំនឿចិត្តយ៉ាងមុតមាំលើសន្តិភាព ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ជាថ្មីថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល ដែលក្រុមហ៊ុនត្រូវការ ដើម្បីធានាថាប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនប្រព្រឹត្តទៅដោយរលូន និងជោគជ័យបំផុត។
ថ្នាក់ដឹកនាំក្រុមហ៊ុន BYD បានថ្លែងអំណរគុណក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែនៅក្បែរ និងជួយសម្របសម្រួលគ្រប់ជំហាន ចាប់តាំងពីដំណាក់កាលសិក្សាគម្រោងរហូតដល់រោងចក្របានលេចចេញជារូបរាង។ ក្រុមហ៊ុនបានរាយការណ៍ពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពការងារសំខាន់ៗ។ ជាពិសេសយានយន្តទី១ និងទី២ ដំឡើងផ្ទាល់នៅកម្ពុជា ត្រូវបានប្រគល់ជូនដល់ដៃអតិថិជនជាស្ថាពរ ដែលនេះជាសក្ខីភាពនៃការទទួលស្គាល់គុណភាពផលិតកម្មក្នុងស្រុក។
ក្រុមហ៊ុនក៏កំពុងបោះជំហានទៅរកការបង្កើតមជ្ឈមណ្ឌលរថយន្ត (Car Center) ដែលអាចនឹងក្លាយជាមជ្ឈមណ្ឌលធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយផ្អែកលើតម្រូវការទីផ្សារដែលកើនឡើង ក្រុមហ៊ុនក៏មានផែនការបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំក្រុមហ៊ុន BYD ក៏បាននិងកំពុងផ្សព្វផ្សាយពីភាពជោគជ័យ និងសក្តានុពលវិនិយោគនៅកម្ពុជា ទៅកាន់ដៃគូអាជីវកម្មក្នុងបណ្តាញសហគមន៍របស់ខ្លួន ដើម្បីទាក់ទាញវិនិយោគិនដទៃទៀតមកកាន់កម្ពុជាផងដែរ។
លើសពីការផ្គុំដំឡើងរថយន្តប្រភេទគ្រួសារ ទេសចរណ៍។ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើគម្រោងអភិវឌ្ឍន៍ និងការពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដែលឆ្លើយតបតម្រូវការសង្គម និងសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់យានយន្តអគ្គិសនីរបស់ BYD។
រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន BYD បានធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។ រោងចក្រនេះ បានសាងសង់រួចរាល់ ហើយគ្រោងសម្ពោធដាក់ឱ្យដំណើរការផ្លូវការនៅខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តែត្រូវខកខានទៅវិញ ព្រោះសង្គ្រាមឈ្លានពានរបស់ថៃ។
រោងចក្រដំឡើងរថយន្ត BYD ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ប្រើទុនវិនិយោគជាង ៣១លានដុល្លារអាមេរិក។ ជាមួយរោងចក្រដំឡើងរថយន្តនៅកម្ពុជានេះ ក្រុមហ៊ុនមានគម្រោងដំឡើងរថយន្តអគ្គិសនីឱ្យបានចំនួន ១ម៉ឺនគ្រឿងក្នុងមួយឆ្នាំ៕





























