កម្ពុជា និងព្រុយណេ ចុះ MoU ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍
30-01-2026 20:01
(ហ្វីលីពីន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយ ដាតុ អាប់ឌុល ម៉ាណាវ មេតទុសស៊ីន រដ្ឋមន្ត្រីក្រសួងធនធានចម្បង និងទេសចរណ៍ព្រុយណេ តំណាងរាជរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និង យ៉ាង ឌី-ពឺទួន នៃប្រទេសព្រុយណេ ដារូស្សាឡាម។
អនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសេប៊ូ ប្រទេសហ្វីលីពីន។ ដោយក្នុងគោលបំណង៖ ១៖ ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, ២៖ ផ្លាស់ប្តូរការអនុវត្ត និងបទពិសោធល្អៗក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍, ៣៖ ជំរុញបន្ថែមនូវការតភ្ជាប់រវាងប្រទេសទាំងពីរ, ៤៖ ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, និង៥៖ លើកទឹកចិត្តបន្ថែមលើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដំណើរទស្សនកិច្ចផ្លូវការនៃវិស័យសាធារណៈ និងឯកជន។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ កម្ពុជា និង ព្រុយណេ រំពឹងថានឹងមានកំណើននៃលំហូរភ្ញៀវទេសចរទ្វេទិសរវាងនៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរពីប្រទេសទី៣ ជាពិសេសប្រទេសកាន់សាសនាអ៉ីស្លាម។
សូមបញ្ជាក់ថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម, មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូន ទេសចរមូស្លីម តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧), ស្តង់ដាមូស្លីមហ្រ្វែនលី សៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា និងស្តង់ដាផលិតផលហាលឡាលកម្ពុជា៕











