រដ្ឋាភិបាលស៊ីរី និងកងកម្លាំងឃឺដ ចុះកិច្ចព្រមព្រៀងសមាហរណកម្ម ខណៈអាមេរិកសាទរថាជា «ប្រវត្តិសាស្ត្រ» (Video inside)

30-01-2026 21:01

(ដាម៉ាស)៖ រដ្ឋាភិបាលស៊ីរី និងកងកម្លាំងដឹកនាំដោយជនជាតិឃឺដ (SDF) បានប្រកាសពីកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃសុក្រនេះ ដែលកំណត់អំពីការធ្វើសមាហរណកម្មជាដំណាក់កាលនៃអ្នកប្រយុទ្ធឃឺដចូលទៅក្នុងរដ្ឋាភិបាលកណ្តាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងបន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ប្រធានាធិបតី អះម៉ាត់ អាល់-សារ៉ា បានដណ្តើមយកទឹកដីភាគខាងជើង និងខាងកើតយ៉ាងច្រើនពីកងកម្លាំងឃឺដ SDF ក្នុងខែនេះ។ បេសកជនអាមេរិក លោក ថម បារ៉ាក់ (Tom Barrack) បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជា «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនៅក្នុងដំណើររបស់ស៊ីរីឆ្ពោះទៅរកការផ្សះផ្សាជាតិ និងស្ថិរភាពយូរអង្វែង»។

ក្រោមកិច្ចព្រមព្រៀងនេះ កងកម្លាំងដែលប្រមូលផ្តុំនៅជួរមុខនឹងដកថយ ហើយកងកម្លាំងសន្តិសុខក្រសួងមហាផ្ទៃនឹងត្រូវដាក់ពង្រាយនៅកណ្តាលទីក្រុង Hasakah និង Qamishli។ លើសពីនេះ អង្គភាពយោធាថ្មីនឹងត្រូវបានបង្កើតឡើងដោយរួមបញ្ចូលកងពលតូច SDF ចំនួនបី ហើយស្ថាប័នគ្រប់គ្រងរបស់ឃឺដនឹងត្រូវបញ្ចូលជាមួយស្ថាប័នរដ្ឋស៊ីរី។

អ្នកវិភាគបានចាត់ទុកកិច្ចព្រមព្រៀងនេះថាជាចំណុចរបត់ប្រវត្តិសាស្ត្រដែលអាចជួយបញ្ចៀសការប្រយុទ្ធបង្ហូរឈាមដ៏អាក្រក់នៅភាគឦសានស៊ីរី ទោះបីជាការអនុវត្តជាក់ស្តែងនៅមានបញ្ហាប្រឈមច្រើនក៏ដោយ៕