រដ្ឋបាលខេត្តបាត់ដំបង ផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ»

30-01-2026 21:13

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលរៀបចំដោយមន្ទីរព័ត៌មានខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង សង្កាត់ អ្នកសារព័ត៌មាន អ្នកមានឥទ្ធិពលក្នុងបណ្តាញសង្គម អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សសរុបជាង៣០០នាក់។

ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង ដែលបានចុះផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» នៅគ្រប់បណ្ដាក្រុង ស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានោះលោក សុខ លូ បានណែនាំដល់មន្ទីរ អង្គភាពនានា រដ្ឋបាលក្រុង ស្រុក និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវផ្ដល់កិច្ចសហការឲ្យបានជិតស្និទ ជាមួយមន្ទីរព័ត៌មានដើម្បីផ្សព្វផ្សាយយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ឲ្យបានទូលំទូលាយបន្ថែមទៀត ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

លោក សុខ លូ បង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ គឺពិតជាលំបាកដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈព័ត៌មានក្លែងក្លាយបានជះឥទ្ធិពលអវិជ្ជមានដល់សង្គមជាតិ។ លោកជំរុញមន្ទីរព័ត៌មាន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនការទាក់ទាញទេសចរឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

សូមជម្រាបថា យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមពាក្យស្លោក «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ យុទ្ធនាការនេះបានអនុវត្តនៅទូទាំងប្រទេស ក្នុងរយៈពេល១២ខែ គឺចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយខេត្តបាត់ដំបង ជាខេត្តស្ថិតនៅវេនទី១០ ក្នុងការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ដំណាលគ្នានឹងខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ៕