រដ្ឋបាលក្រុងបាវិត ជូនដំណឹងពីការស្ថាបនាផ្លូវក្រាលថ្មមិច មួយខ្សែនៅសង្កាត់បាវិត និងស្នើរុះរើសសំណងដែលបានសាងសង់រំលោភប្រឡាយ

30-01-2026 21:20

(ស្វាយរៀង)៖ រដ្ឋបាលក្រុងបាវិត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានជូនដំណឺងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវប្រឡាយខាងក្រោយផែសូរងួនថា រដ្ឋបាលក្រុង នឹងធ្វើការជួសជុលស្ថាបនា សាងសង់ផ្លូវក្រាលថ្មមិចមួយខ្សែប្រវែង១,៧៩៧ម៉ែត្រ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចប្រឡាយអគ្គិសនី រហូតដល់ផ្លូវវត្តព្រៃយាយ ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិកាពីសប្បុរសជននានាក្នុងក្រុងបាវិត។

រដ្ឋបាលក្រុងបាវិត បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្តោយផ្លូវប្រឡាយខាងលើ ត្រូវរុះរើរបង សំយ៉ាប ឬសំណង់ផ្សេងៗ ដែលរំលោភលើដីចំណីផ្លូវ ប្រឡាយសាធារណៈរបស់រដ្ឋ យ៉ាងយូរក្នុងរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីដែលមិនព្រមរុះរើសំណង់ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវប្រឡាយសាធារណៈរបស់រដ្ឋនោះទេ រដ្ឋបាលក្រុងបាវិត នឹងចាត់វិធានការរុះរើ ឈូសឆាយរាល់សំណង់ដែលសង់នៅលើដីចំណីផ្លូវប្រឡាយ សាធារណៈ ដោយមិនទទួលខុសត្រូវលើការខូចខាតឡើយ។

រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ អនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕