ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ណែនាំឳ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ត្រូវបន្តពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ មានតម្លាភាព គណនេយ្យភាព ក្នុងការបំពេញតួនាទីភារកិច្ច នឹងត្រូវចាត់វិធានការម៉ឺងម៉ាត់ដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពាន និងរំលោភអំណាច
31-01-2026 00:19
(សៀមរាប)៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមរាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តសៀមរាប បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តសៀមរាប នៅសណ្ឋាគារសុខាសៀមរាប ថោយបានណែនាំឳ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវបន្តពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវផ្ដល់សេវាឳ្យបានឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងមានទំនុកចិត្តដល់ពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវ និងមានភាពស្អាតស្អំរបស់មន្ត្រីផ្ដល់សេវា ហើយត្រូវចាត់វិធានការម៉ឺងម៉ាត់ដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពាន និងរំលោភអំណាច។
លោកមានប្រសាសន៍ថា៖ អង្គសន្និបាទនេះ ដើម្បីរួមគ្នាពិនិត្យវឌ្ឍនភាពការងារ និងវាយតម្លៃនូវសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក និងកំណត់នូវបញ្ហាប្រឈមនានាដែលបានជួបប្រទះ និងហានិភ័យដែលអាចកើតមាន សំដៅដាក់ចេញទិសដៅការងារប្រចាំឆ្នាំបន្ទាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានស័ក្តិសិទ្ធិភាព ស្របតាមយុទ្ធសាស្ត្រចញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ហើយបើតាមរបាយការណ៍របស់អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ អំពីលទ្ធផលក្នុងអង្គសន្និបាទ លោកឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយហត់ក្នុងកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ បន្តលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្ដល់សេវាសាធារណៈ ការថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សមិទ្ធិផល និងស្នាដៃទាំងនេះ នឹងធានាបានយ៉ាងល្អប្រសើរនូវស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើការជាប្រក្រតីភាពនៃសកម្មភាពសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរ នូវសង្គ្រាមឈ្លានពានពីសំណាក់កងទ័ពថៃ បានបង្កវិនាសកម្មយ៉ាងធ្ងល់ធ្ងរមកលើប្រទេសជាតិ និងប្រជាជនកម្ពុជា ដែលបណ្ដាលឳ្យប្រជាពលរដ្ឋកម្ពុជាស្លូតត្រង់ជាច្រើននាក់ ព្រមទាំងវីរកងទ័ព នគរបាលការពារព្រំដែនបានបាត់បង់ជីវិត របួស ពិការ ព្រមទាំងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារ៉ាម មណ្ឌលសុខភាព សាលារៀន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទព្រះវិហារ និងប្រាសាទបុរាណដែលជាកេរ្តិ៍ដំណែលដូនតាខ្មែរដទៃទៀតជាច្រើន និងបង្កើតឳ្យមានជនភៀសឹកជាងកន្លះលាននាក់ ត្រូវបានជម្លៀសទៅរកទីជម្រកសុវត្ថិភាពបណ្ដោះអាសន្ន និងមានការវិលត្រឡប់យ៉ាងគំហុកនូវប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញការងារនៅប្រទេសថៃ បានបង្ករនូវបញ្ហាប្រឈមជាច្រើនថែមទៀត ដែលបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
និងដើម្បីបន្តថែរក្សាការពារ និងពង្រឹងពង្រីកនូវសមិទ្ធិផលសង្គមជាតិឳ្យកាន់តែមានការរីកចម្រើន និងមានភាពធន ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល លោកបានផ្ដល់នូវអនុសាសន៍ណែនាំលើកិច្ចការសំខាន់ៗមួយចំនួនជូនដល់រដ្ឋបាលខេត្ត និងធាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់ខិតខំរួមគ្នាប្ដេជ្ញាចិត្តអនុវត្តឳ្យសម្រេចបានលទ្ធផលល្អប្រសើរនៅក្នុងឆ្នាំ២០២៦ ដូចខាងក្រោម៖
១. ត្រូវពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ៖ ដែលមានសារៈសំខាន់ណាស់ ជាបុរេលក្ខខណ្ឌដ័ចាំបាច់សម្រាប់ការអភិវឌ្ឍជាតិ។ ត្រូវរួមគ្នាបន្តថែរក្សាការពារឳ្យបានគត់មត់នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការពារឳ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងត្រូវរួមគ្នាលើកកម្ពស់វប្បធម៌សន្ទនា និងរក្សាខ្ជាប់ខ្ជួនសាមគ្គីភាពផ្ទៃក្នុងឳ្យបានរឹងមាំ។ លើកស្ទួយសិទ្ធិសេរីភាព ពង្រឹងនីតិរដ្ឋនិងការគោរពច្បាប់ ដើម្បីលើកម្ពស់យុត្តិធម៌។ ត្រូវបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបឳ្យខានតែបាននូវរាល់សកម្មភាពនិងទង្វើមិនស្របច្បាប់។ ត្រូវបង្កើតយន្ដការតាមដាន និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ជាពិសេសព័ត៌មានដែលមានចរិកបំភ្លៃការពិតចោទប្រកាន់ និងប្រឆាំងនឹងរាជរដ្ឋាភិបាល។
២. ការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៖ ត្រូវពង្រឹងការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឳ្យបានល្អប្រសើរ។ យកចិត្តទុកដាក់លើការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជា លួច ឆក់ ប្លន់ ឧក្រិដ្ឋកម្ម ក្មេងទំនើង គ្រឿងញៀន ល្បែងអនឡាញ និងល្បែងស៊ីសងខុសច្បាប់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ បទល្មើសបច្ចេកវិទ្យាព័ត៌មាន បទល្មើសជួញដូរមនុស្សជាដើម ។ល។
៣. ការគ្រប់គ្រងរដ្ឋបាល៖ ឆ្នាំ២០២៥នេះ គឺជាឆ្នាំចុងក្រោយនៃផែនការអនុវត្តរយៈពេល៥ឆ្នាំ ដំណាក់កាលទី១ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ហើយដើម្បីធានាសម្រេចបាននូវលទ្ធផលរំពឹងទុក គោលដៅ និងគោលបំណងនៃកម្មវិធីជាតិដំណាក់កាលទី២ សំដៅចូលរួមអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ព្រមទាំងធានាឳ្យមានភាពប្រទាក់ក្រឡា ស៊ីសង្វាក់គ្នាជាមួយកម្មវិធីកំណែទម្រង់គន្លឹះ និងកំណែកទម្រង់តាមវិស័យនានា។ ដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវយកចិត្តទុកដាក់លើការងារកំណែទម្រង់នេះ និងខិតខំជំរុញការអនុវត្តការងារឳ្យសម្រេចបានលទ្ធផលតាមការរំពឹងទុក ដែលបានកំណត់។
៤. ការផ្ដល់សេវាសាធារណៈដូនប្រជាពលរដ្ឋ៖ ត្រូវបន្តលើកកម្ពស់ការផ្ដល់សេវាសាធារណៈឳ្យកាន់តែមានប្រសិទ្ធភាព និងត្រូវពង្រឹងការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយខេត្ត និងការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់ ដើម្បីធានាឳ្យមានភាពងាយស្រួល និងឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព និងមានទំនុកចិត្ត ជាពិសេសចូលរួមគាំទ្រការអនុវត្តការផ្ដល់សេវាតាមប្រព័ន្ធអនឡាញ។ បន្តពង្រឹងយន្តការដែលមានស្រាប់ ហើយរួមគ្នាដោះស្រាយសំណើ សំណូមពរ បញ្ហាប្រនានា ដែលបានលើកឡើងក្នុងវេទិការសាធារណៈ និងបន្តពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំរបស់មន្ត្រីផ្ដល់សេវា ហើយត្រូវចាត់វិធានការម៉ឺងម៉ាត់ដាក់ទណ្ឌកម្មចំពោះមន្ត្រីណាដែលបំពាន និងរំលោភអំណាច។
៥. ការអភិវឌ្ឍមូលដ្ឋាន៖ លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវខិតខំសម្រេចឳ្យបាននូវទិសដៅ និងលទ្ធផលរំពឹងទុកសំខាន់ៗ ដែលមានកំណត់ក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ ដែលដាក់ចេញដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈពង្រឹងយន្តការ និងដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្របខ័ណ្ឌចំណាយរយៈពេលមធ្យម និងគម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន។ ត្រូវផ្ដោយលើវិស័យអទិភាពដែលជួយទ្រទ្រង់និងជំរុញដល់កំណើនសេដ្ឋកិច្ច កំណើនការងារ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងជួយដោះស្រាយតម្រូវការចាំបាច់នៅមូលដ្ឋាន។
៦. ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែល៖ ផ្អែកតាមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យនានារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជិតខាង រដ្ឋបានខេត្តត្រូវពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្តនៃប្រទេសជិតខាង លើការងារគរប់វិស័យ និងត្រូវសិក្សា និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ឬកិច្ចការនានាដែលផ្ដល់អត្ថប្រយោជន៍ និងជួយជំរុញការអភិវឌ្ឍរបស់ខេត្ត និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ និងត្រូវពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យដំណើរចេញចូលឆ្លងកាត់ខេត្ត ការដឹកជញ្ជូនទំនិញ ការផ្លាស់ប្ដូរពាណិជ្ជកម្ម ព្រមទាំងបង្ការទប់ស្កាត់ និងបង្ក្រាបឳ្យបានដាច់ខានការរត់ពន្ធគ្រឿងញៀន មនុស្ស ទំនិញខុសច្បាប់ និងបទល្មើសឆ្លងដែនកាត់ខេត្ត។
៧. ពង្រឹងរបៀបរបបការងារ៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងរបៀបរបបធ្វើការងារ និងបែបបទ នីតិវិធីបំពេញការងារក្នុងអង្គភាពរបស់ខ្លួនឳ្យបានល្អស្របតាមគោលការណ៍ណែនាំជាធរមាន និងត្រូវអនុវត្តរបរប្រជុំឳ្យបានទៀតទាត់តាមការកំណត់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់ស្មារតីទទួលខុសត្រូវតាមតួនាទីភារកិច្ច ឬតាមការចាត់តាំង។ ត្រូវបង្កើនសាមគ្គីភាព ឯកភាពផ្ទៃក្នុងឳ្យបានល្អ និងពង្រឹងវិន័យ បទបញ្ជាផ្ទៃក្នុង ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ម្ចាស់ការ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ព្រមទាំងបង្ករបរិយាកាសល្អប្រសើរនៅកន្លែងធ្វើការ រក្សាសេចក្ដីថ្លៃថ្នូរ និងប្រសិទ្ធភាពការងារ៕




























