មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១៥ នៅខេត្តស្វាយរៀង
31-01-2026 11:13
(ស្វាយរៀង)៖ លោកសាស្ត្រាចារ្យ សុខ ជួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងជាអគ្គនាយករងបច្ចេកទេសក្រសួងសុខាភិបាល តំណាងលោកសាស្រ្ដាចារ្យ ឡឹម តារា ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ នៅថ្ងៃទី៣១ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រារព្ធទិវាអភិវឌ្ឍន៍វិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១៥ នៅខេត្តស្វាយរៀង។
ពិធីនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ ជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភបាល និងលោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង និងលោកសាស្ត្រាចារ្យជំនាញធ្វើបទបង្ហាញ ក្រុមហ៊ុនឱសថ លោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀងជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀងក៏បានសំណូមពរនូវចំណុចមួយចំនួនដើម្បីឱ្យក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិចូលរួមដោះស្រាយមានដូចជា៖
*បង្កើត App សម្រាប់គ្រូពេទ្យដែលខកខានមិនបានចូលCPDតាមZOOM
*គ្រូពេទ្យមួយចំនួនសំណូមពរចូលរួមCPDដោយផ្ទាល់(សម្រាប់ការរៀបចំក្នុងខេត្ត)
*ស្នើសុំថ្នាក់ជាតិបន្តជួយគាំទ្រការរៀបCPDចំបន្តទៀត
*សូមថ្នាក់ជាតិជួយពិនិត្យការបញ្ចូលទិន្នន័យ និងផ្តល់ព៌តមានត្រឡប់ដល់ថ្នាក់ខេត្តដើម្បីកែតម្រូវរាល់ចំណុចខ្វះចន្លោះ
*សូមថ្នាក់ជាតិជួយពង្រឹងចំណេះដឹងបន្ថែមលើការងារគ្រប់គ្រងរដ្ឋបាល និងគណនេយ្យ
*ស្នើសុំឱ្យការធ្វើ Collogue ទទួលបានពិន្ទុ
*សំណូមពរឱ្យក្រុមគ្រូពេទ្យដែលត្រូវវេនយាមពុំបានចូលរួមផ្ទាល់ ទទួលបានពិន្ទុ ក្នុងកម្រិតណាមួយ
*សូមថ្នាក់ជាតិជួយពង្រឹកវិសាលZoom ឲ្យបានធំជាងនេះ
* ស្នើសុំឱ្យមានភាពងាយស្រួលក្នុងការរកពិន្ទុសរុបរបស់សមាជិក
ចំពោះការសំណូមពររបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀងនេះ ត្រូវបានថ្នាក់ដឹកនាំក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្នាក់ជាតិនិងយកទៅពិភាក្សានិងដោះស្រាយផងដែរ។
លោកវេជ្ជបណ្ឌិតគុជ សុីថា បានថ្លែងថា កត្តាគន្លឹះនាំឱ្យសម្រេចបានសមិទ្ធិផលវិស័យសុខាភិបាលនេះ គឺការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ពង្រឹងការគ្របដណ្តប់នៃការផ្តល់សេវាមានគុណភាព។ វឌ្ឍនភាព នៃវិស័យផ្សេងទៀត ក៏បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាល។
លោកវេជ្ជបណ្ឌិត គុជ សុីថា បានថ្លែងថា ដើម្បីពង្រឹងគុណភាព និងសមត្ថភាពនៃការផ្តល់សេវាសុខាភិបាល ទាំងវិស័យសាធារណៈ ទាំងវិស័យឯកជន លោកវេជ្ជបណ្ឌិតបានសំណូមពរដល់លោកលោកស្រីជាវេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងអស់ត្រូវយកចិត្តទុកដាក់ចូលរួមពង្រឹង និងបង្កើនចំណេះដឹងបច្ចេកទេសបន្តជាប្រចាំដើម្បីសន្សំក្រេឌីដ ក្នុងការបន្តអាជ្ញាបណវិជ្ជាជីវៈដើម្បីមានសិទ្ធស្របច្បាប់ក្នុងការប្រើប្រាស់វិជ្ជាជីវៈ។ ដូច្នេះ ការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១៥ នៅខេត្តស្វាយរៀង ថ្ងៃនេះមានសារសំខាន់ខ្លាំងណាស់ សម្រាប់លោកគ្រូអ្នកគ្រូជាសមាជិកគណគ្រូពេទ្យទាំងអស់។
ក្នុងឱកាសនោះលោកសាស្ត្រាចារ្យ សុខ ជួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានថ្លែងថា ក្រុមគ្រូពេទ្យមកប្រជុំនាពេលនេះ មិនត្រូវចង់បានតែពិន្ទុនោះទេ ប៉ុន្តែត្រូវចង់ចេះ ចង់ដឹងបង្កើនចំណេះដឹងឱ្យបានខ្លាំងបន្ថែមទៀត ដូច្នេះការបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ពិតជាកត្តាដែលមិនអាចខ្វះបានដែលគ្រូពេទ្យត្រូវតែបំពេញ ដើម្បីធ្វើការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យបានផ្តាំផ្ញើដល់គ្រូពេទ្យទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងបង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីអាចឈានទៅព្យាបាលសុខភាពប្រជាពលរដ្ឋ ប្រកបដោយគុណភាពខ្ពស់ ក៏ដូចជា ការផ្ដល់ទំនុកចិត្តដល់ពួកគាត់ និងលើកកិត្តិយសគ្រូពេទ្យទាំងអស់គ្នា ក៏ដូចជាកិត្តិយសប្រទេសជាតិរបស់យើងទាំងមូលផងដែរ៕



























