កិច្ចប្រជុំរដ្ឋមន្ដ្រីទេសចរណ៍អាស៊ានបូកឥណ្ឌា លើកទី១៣ យល់ឃើញថា ឥណ្ឌានៅតែជាទីផ្សារដ៏មានសក្ដានុពលរបស់អាស៊ាន
31-01-2026 11:21
(ហ្វីលីពីន)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកឥណ្ឌាលើកទី១៣ នៅសេប៊ូ ប្រទេសហ្វីលីពីន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១១, លោកអគ្គលេខាធិការរងអាស៊ាន, លោកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំអាស៊ាន ព្រមទាំងប្រតិភូប្រមាណ១០០នាក់ ក្រោមអធិបតីភាពរបស់សហប្រធាន លោកស្រី ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីក្រសួងទេសចរណ៍ហ្វីលីពីន និងលោក Gajendra Singh Shekhawat រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋឥណ្ឌា។
រដ្ឋមន្ត្រី ហួត ហាក់ បានកត់សម្គាល់ចំពោះវឌ្ឍនភាពវិជ្ជមានដែលសម្រេចបាន ក្រោមក្របខណ្ឌនៃផែនការការងារទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៣–២០២៧ ព្រមទាំងការអនុវត្តប្រកបដោយជោគជ័យនៃឆ្នាំទេសចរណ៍អាស៊ាន–ឥណ្ឌា ឆ្នាំ២០២៥។ ក្នុងបរិបទនេះ,កម្ពុជា បានបញ្ជាក់ផងដែរអំពី ការអនុវត្តដោយជោគជ័យនៃឆ្នាំទេសចរណ៍ កម្ពុជា–ឥណ្ឌា ឆ្នាំ២០២៤ និង ឆ្នាំ២០២៥ ដែលឥណ្ឌា គឺជាទីផ្សារមួយដ៏មានសក្តានុពលសម្រាប់កម្ពុជា។ ជាពិសេស ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដែលី ព្រមទាំងរវាងទីក្រុងសៀមរាប និងទីក្រុងកុលកាតា បានលើកកម្ពស់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងជំរុញលំហូរភ្ញៀវទេសចរឥណ្ឌាឱ្យកើនឡើងបន្ថែមទៀត។
លោក ហួត ហាក់ បានថ្លែងផងដែរថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន–ឥណ្ឌាបន្ថែមទៀត យើងមានចំណុចអាទិភាពមួយចំនួនដែលត្រូវយកចិត្តទុកដាក់ រួមមាន៖ ការលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍រួមឱ្យកាន់តែមានប្រសិទ្ធភាព, ការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ផ្លូវអាកាស ផ្លូវសមុទ្រ និងទេសចរណ៍តាមនាវាទេសចរណ៍, ការពង្រឹងកិច្ចសហការលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាពនិងបរិយាបន្ន, និង ការពង្រឹងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ចំពោះកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព និងបានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅភ្ញៀវទេសចរឥណ្ឌាបន្ថែមទៀត មកទស្សនាតំបន់ទេសចរណ៍បេតិកភណ្ឌ គោលដៅទេសចរណ៍សាសនា និងគោលដៅទេសចរណ៍ផ្នែកសុខុមាលភាពព្រមទាំងផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា៕














