បណ្ឌិត សាបូ អូហ្សាណូ លើកទឹកចិត្ដដល់យុវជន-យុវតី ដែលចង់រៀននៅក្រៅប្រទេស ត្រូវខិតខំប្រឹងរៀនភាសាបរទេស ឲ្យបានខ្លាំងពូកែ
31-01-2026 13:13
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យមហាបរិញ្ញា បណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ អន្តរជាតិ បានលើកទឹកចិត្ដដល់យុវជន-យុវតី ដែលមានបំណង ចង់ទៅរៀនសូត្រនៅក្រៅប្រទេស ត្រូវខិតខំប្រឹងប្រែងរៀនភាសាបរទេស ដូចជាភាសាអង់គ្លេសជាដើម ឲ្យបានខ្លាំងពូកែ ដើម្បីងាយស្រួលទំនាក់ទំនង។
ការថ្លែងលើកទឹកចិត្ដបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត សាបូ អូហ្សាណូ អញ្ជើញចូលរួម ក្នុងកម្មវិធីសិក្ខាសាលាស្តីពី កម្មវិធីសិក្សា 2+2 International Study Progression Program of IU នៅសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
សិក្ខាសាលានេះ រៀបចំដោយសាកលវិទ្យាល័យអន្តរជាតិ សហការជាមួយ Swinburne University of Technology ប្រទេសអូស្ត្រាលី ដើម្បីផ្តល់ព័ត៌មានលម្អិត អំពីឱកាសបន្តការសិក្សា នៅក្រៅប្រទេស ព្រមទាំងណែនាំអំពីដំណើរការចូលរៀន ការផ្ទេរក្រេឌីត និងអត្ថប្រយោជន៍នៃការសិក្សាកម្រិតអន្តរជាតិ សម្រាប់និស្សិតដែលមានបំណងបន្តការសិក្សានៅក្រៅប្រទេស។
បណ្ឌិត សាបូ អូហ្សាណូ បានបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាក្មួយៗ ចង់ទៅរៀននៅក្រៅប្រទេស ត្រូវខិតខំប្រឹងរៀនភាសាអង់គ្លេស ព្រោះថា ភាសាអង់គ្លេសនេះ មានសារៈសំខាន់ណាស់ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ហើយពេលដែលត្រូវចេញធ្វើការ ក៏ត្រូវការភាសារបរទេសនេះផងដែរ»។
ទន្ទឹមគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងផងដែរថា គុណភាពបណ្ដុះបណ្ដាល នៅក្នុងប្រទេសកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ពង្រឹងពីអាណត្ដិទៅមួយអាណត្ដិ ដោយបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព នៅគ្រប់អាណត្ដិទាំងអស់ រហូតមកដល់អាណត្ដិបច្ចុប្បន្ន។
បណ្ឌិត សាបូ អូហ្សាណូ បានលើកឡើងថា ការបណ្ដុះបណ្ដាលក្នុងស្រុក គឺជាការងារមួយសំខាន់ ដែលគ្រប់គ្រឹះស្ថានឧត្ដមសិក្សា ត្រូវខិតខំពង្រឹង ហើយយុវជន-យុវតី ដែលនៅក្នុងស្រុក ក៏មានមោទនភាព ដែលទទួលបានការបណ្ដុះបណ្ដាលមួយ មានគុណភាព មិនចាញ់ក្រៅស្រុកប៉ុន្មាននោះទេ។
ជាមួយគ្នានេះ បណ្ឌិត សាបូ អូហ្សាណូ បានឲ្យដឹងថា ជាក់ស្ដែង នៅសាលាអន្ដរជាតិ IU មានកម្មវិធីជាតិ, មានស្ដង់ដារវាយតម្លៃច្បាស់លាស់ ដែលត្រូវបានទទួលស្គាល់ នៅក្នុងស្រុកផង និងការទទួលក្រៅស្រុកផងដែរ។
បណ្ឌិត សាបូ អូហ្សាណូ ក៏បានគូសបញ្ជាក់ផងដែរថា ពេលខ្លះលក្ខខណ្ឌរៀន នៅក្រៅស្រុក មិនសូវពិបាកទេឲ្យតែមានថវិកា និងជំនាញភាសាបរទេស ព្រមទាំងសមត្ថភាព ប៉ុន្ដែនៅកម្ពុជា ដូចជាផ្នែកពេទ្យ មានថវិកាហើយ ក៏មិនអាចថា រៀនបាននោះដែរ ទាល់តែឆ្លងកាត់ការប្រឡងសិន៕













