ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៤–២០២៦ (Video inside)
31-01-2026 14:56
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានរៀបចំពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៤–២០២៦ សម្រាប់សមណនិស្សិត និងនិស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ក្នុងឱកាសនោះ លោក ងួន ស្តេចភក្តី រដ្ឋលេខាធិការទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះរាជតំណាង និងតំណាងសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងលោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានថ្លែងថា ការរួមបញ្ចូលគ្នារវាង «ចំណេះដឹងវិទ្យាសាស្ត្រសង្គម» និង «មនសិការធម៌វិន័យ» នឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយបញ្ញាស្មារតីខ្ពស់ និងព្រហ្មវិហារធម៌។
លោក ងួន ស្តេចភក្តី បានបញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់ដែលកំពុងមាននៅថ្ងៃនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាផ្លែផ្កាដែលដុះដាលចេញពី «ដើមសន្តិភាព» ពេញបរិបូរណ៍។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី កម្ពុជា បាននិងកំពុងបោះជំហានយ៉ាងរឹងមាំលើវិថីនៃការកែទម្រង់ស៊ីជម្រៅ និងបានកំណត់ការកសាងសង្គមចំណេះដឹង និងសេដ្ឋកិច្ចឌីជីថល ជាអាទិភាពខ្ពស់បំផុតក្នុងមុំទី១។
ឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រោមព្រះរាជតម្រិះដឹកនាំដ៏ខ្ពស់ខ្ពស់របស់សម្តេចព្រះសាកលវិទ្យាធិការ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បាននិងកំពុងដើរតួនាទីជាសសរស្តម្ភសំខាន់ ក្នុងការរួមបញ្ចូលចំណេះដឹងបែបទំនើប វិទ្យាសាស្ត្រ និងគុណធម៌ ដើម្បីបណ្តុះស្មារតីយុវជនខ្មែរ ឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពល និងភាពជាអ្នកដឹកនាំ។
លោកបានបន្តថា យោងតាមរបាយការណ៍បូកសរុបរបស់ លោក កាន់ សុខុម សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបង្ហាញថា ក្នុងឆ្នាំសិក្សា ២០២៤–២០២៦ សាកលវិទ្យាល័យមានសមណនិស្សិត និងនិស្សិត ដែលត្រូវការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុបចំនួន ២៤៦ អង្គ/នាក់។ តួលេខនេះ មិនត្រឹមតែជាទិន្នន័យស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញពីការកើតមានឡើងនៃបញ្ញវន្តពុទ្ធសាសនាដែលត្រូវបានបណ្តុះបណ្តាលយ៉ាងសម្រិតសម្រាំង មានតុល្យភាពរវាងចំណេះដឹងរដ្ឋបាលសាធារណៈ នីតិសាស្ត្រ វិទ្យាសាស្ត្រគ្រប់គ្រង និងមូលដ្ឋានធម៌វិន័យ។
ពិធីការពារនិក្ខេបបទ និងប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៤–២០២៦ នេះ ត្រូវបានរៀបចំលើឯកទេសចំនួន៣ រួមមាន៖ រដ្ឋបាលសាធារណៈ ជំនាន់ទី១៧ នីតិឯកជន ជំនាន់ទី៣ និងគ្រប់គ្រងទូទៅ ជំនាន់ទី៥ ដោយមានការនិមន្ត និងអញ្ជើញជាសក្ខីភាពពីថ្នាក់ដឹកនាំពុទ្ធិកឧត្តមសិក្សា តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រមទាំងបេក្ខសមណនិស្សិត និងនិស្សិតជាច្រើនអង្គ/នាក់។
គោលបំណងនៃការរៀបចំការប្រឡងនេះ គឺដើម្បីជ្រើសរើសអ្នកមានសមត្ថភាពពិតប្រាកដ សម្រាប់បន្តសរសេរនិក្ខេបបទបញ្ចប់ការសិក្សា ដោយផ្អែកលើគុណតម្លៃ និងសមត្ថភាពជាក់ស្តែង ក្នុងការផលិតធនធានមនុស្សប្រកបដោយគុណភាព សម្រាប់ប្រទេសជាតិ ព្រមទាំងលើកទឹកចិត្តឱ្យយកចំណេះដឹងដែលទទួលបានទៅប្រើប្រាស់ក្នុងន័យស្ថាបនា បម្រើជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពឱ្យបានគង់វង្ស។
«ចំណេះដឹងដែលគ្មានសីលធម៌ គឺជាអាវុធដ៏គ្រោះថ្នាក់ ប៉ុន្តែចំណេះដឹងដែលអមដោយគុណធម៌តាមគន្លងព្រះពុទ្ធសាសនា គឺជាពន្លឺនៃសេចក្តីសុខ និងការរីកចម្រើនពិតប្រាកដ»៕








































































