មន្ទីរពេទ្យបង្អែកខត្តសៀមរាប រៀបចំពិធីប្រគល់ និងទទួលអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ ជំនួយសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

31-01-2026 14:59

(សៀមរាប)៖ មន្ទីរពេទ្យបង្អែកខត្តសៀមរាប ​នៅរសៀលថ្ងៃទី៣០ ​ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំពិធីប្រគល់ និងទទួលអគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប​ បន្ទាប់ពីបានសាងសង់រួចរាល់ ដល់មន្ទីរពេទ្យបង្អែកខត្តសៀមរាប ដែលជាជំនួយរបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ។

ពិធីនេះដែរ ក្រោមវត្តមានរបស់លោក នាក់ ណារ៉ុន អភិបាលរងខេត្ត និងលោកសាស្ត្រាចារ្យជំនួយ ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, លោក រ័ត្ន ច័ន្ទសុភា តំណាងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត និងលោកគ្រូ អ្នកគ្រូពេទ្យ ព្រមទាំងក្រុមការងារសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលរួមផងដែរ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យជំនួយ ប៉ែន ផលគុណ បានលើកឡើងថា នៅគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោកនេះ បញ្ហាជំងឺមិនឆ្លង គឺជាបន្ទុកផ្នែកសុខភាពដែលកាន់តែរីកធំឡើងជាលំដាប់ គឺដោយសារតែចំនួន និងអត្រានៃមនុស្សចាស់ក្នុងសហគមន៍មានការកើនឡើងជាលំដាប់។ ផលវិបាកដែលបង្កឡើងជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺបេះដូងលើមនុស្សពេញវ័យ និងមនុស្សចាស់ គឺជាមូលហេតុចំបងបំផុតនៃមរណភាពនាពេលបច្ចុប្បន្ន និងទៅអនាគត។

លោកសាស្ត្រាចារ្យជំនួយ បានបន្តថា វាជាការពិត បញ្ហាស្លោកសាច់បេះដូង ដោយកង្វះអុកស៊ីសែន និងសារធាតុចិញ្ចឹម ដែលបង្កឡើងដោយការស្ទះសរសៃឈាមបេះដូង ថ្វីត្បិតតែមានសភាពធ្ងន់ធ្ងរ វាគឺជាជំងឺដែលភាគច្រើនអាចព្យាបាលបាន និងអាចបញ្ចៀសពីសេចក្តីស្លាប់បាន ប្រសិនបើមានមូលដ្ឋានផ្តល់សេវាសុខាភិបាលដែលនៅក្បែរ មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើរោគវិនិច្ឆ័យ និងផ្តល់សេវាបានត្រឹមត្រូវ និងបានទាន់ពេលវេលា។

លោកសាស្ត្រាចារ្យជំនួយ បន្តថា បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង គឺមានតែមន្ទីរពេទ្យថ្នាក់ជាតិមួយចំនួនប៉ុណ្ណោះ ដែលមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងអាចព្យាបាលលើករណីនេះបាន។ រាល់អ្នកជំងឺដែលមានបញ្ហាខាងលើនេះ តម្រូវឱ្យមន្ទីរពេទ្យថ្នាក់ខេត្ត ថ្នាក់ស្រុកបញ្ជូនទៅទទួលការព្យាបាលនៅទៅនោះ។

លោកសាស្ត្រាចារ្យជំនួយ បន្ថែមថា នេះជាដំណឹងល្អសម្រាប់ខេត្តសៀមរាប ដែលទទួលបានមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ដែលបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា សម្រាប់ឱ្យគ្រូពេទ្យឯកទេសប្រើប្រាស់ ដើម្បីបម្រើសេវាសង្គ្រោះ និងព្យាបាលអ្នកជំងឺបេះដូង បានដោយប្រសិទ្ធភាព និងសុវត្ថភាពផងដែរ។

លោក រ័ត្ន ច័ន្ទសុភា បានលើកឡើងថា សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលមកកម្ពុជាតាំងពីឆ្នាំ១៩៩៤ ហើយបានចូលរួមចំណែកធ្វើការមនុស្សធម៌ជាច្រើន ប៉ុន្តែចំពោះវិស័យសុខាភិបាល គឺពួកយើងទើបចាប់ផ្តើមក្នុងឆ្នាំ២០១៨។

លោកបន្តថា សមាគមបានយកចិត្តទុកដាក់ និងគាំទ្រដល់គម្រោងសាងសង់នេះ ដែលមានតម្លៃឥតគណនាដែលអាចជួយសង្គ្រោះអាយុជីវិតមនុស្សរាប់រយពាន់នាក់នាពេលអនាគតនេះ។ មជ្ឈមណ្ឌលបេះដូងនេះ ការសាងសង់អគារ និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ក្នុងតម្លៃជាង២លានដុល្លាអាមេរិក។

ជាមួយនេះ លោក នាក់ ណេរ៉ុន បានបញ្ជាក់ថា អគារមជ្ឈមណ្ឌលជំងឺបេះដូងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះ ជាសមិទ្ធផលមួយថ្មីស្រឡាងបន្ថែមទៀត សម្រាប់ខេត្តសៀមរាប លើវិស័យសុខាភិបាលរបស់ខេត្ត។ អគារមជ្ឈមណ្ឌលជំងឺបេះដូងនេះ នឹងជួយសម្រួលឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋរបស់យើង កាន់តែមានផាសុកភាព និងប្រកបដោយប្រសិទ្ធភាព៕