បទយកការណ៍៖ ទោះរស់ក្រោមដំបូលតង់ ពលរដ្ឋភៀសសឹកមកពីតំបន់បឹងត្រកួន នៅតែបន្តជឿជាក់លើរដ្ឋាភិបាល មិនរាថយ

31-01-2026 17:11

(បន្ទាយមានជ័យ)៖ ក្រោមពន្លឺថ្ងៃក្តៅ តង់តូចៗជាច្រើនត្រូវបានបោះតាំងជាជួរ នៅពេលដែលកុមារខ្លះកំពុងអង្គុយលេងដី មនុស្សចាស់សំងំក្រោមម្លប់តង់ ខណៈអ្នកផ្សេងទៀតកំពុងទទួលទានអាហារយ៉ាងស្ងប់ស្ងាត់ជាមួយកូនៗរបស់ពួកគាត់។ ទិដ្ឋភាពនេះ មិនមែនជាជំរុំទេសចរណ៍ឡើយ ប៉ុន្តែជាជីវិតបច្ចុប្បន្នរបស់ប្រជាពលរដ្ឋមកពីតំបន់បឹងត្រកួន។

ព្រឹត្តិការណ៍មួយបានផ្លាស់ប្តូរជីវិតរបស់ពួកគាត់យ៉ាងឆាប់រហ័ស។ ផ្ទះសម្បែងត្រូវបានព័ទ្ធយក និងត្រូវបានបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិដែលខំសន្សំអស់រយៈពេលជាច្រើនឆ្នាំ ត្រូវខ្ទេចខ្ទីស្ទើរតែគ្មានសល់។ ប្រជាពលរដ្ឋជាច្រើន ត្រូវចាកចេញពីទីលំនៅ ដោយមិនមានជម្រើស និងយកតែអ្វីដែលខ្លួនអាចយកបានប៉ុណ្ណោះ អ្នកខ្លះអាចរៀបចំសម្ភារចាំបាច់ទាន់ពេល ប៉ុន្តែខ្លះទៀតក៏បានត្រឹមតែសម្លៀកបំពាក់មួយឈុតជាប់នឹងប្រាណប៉ុណ្ណោះ។ ចិត្តមិនដាច់អាល័យពីផ្ទះដែលធ្លាប់សម្រាន្ត តែក៏ត្រូវរត់ភៀសប្រាណ ដើម្បីរស់រានមានជីវិតបន្ត។

សព្វថ្ងៃនេះ ជីវិតរបស់ពួកគាត់ត្រូវបន្តក្រោមដំបូលតង់តូចចង្អៀត ដែលមិនអាចការពារពីភ្លៀង ខ្យល់ ឬកម្តៅថ្ងៃបានពេញលេញនោះទេ។ ការរស់នៅប្រចាំថ្ងៃ ជួបការលំបាកជាច្រើន ដូចជាខ្វះទឹកស្អាត អនាម័យ រហូតដល់ការថែទាំសុខភាព ដោយឡែកកុមារមិនមានកន្លែងលេងសមរម្យ ខណៈមនុស្សចាស់ត្រូវរស់នៅជាមួយជំងឺ និងការព្រួយបារម្ភ។

ក្នុងភាពលំបាកទាំងនេះ ប្រជាពលរដ្ឋក៏មិនបានបោះបង់ការតស៊ូឡើយ ហើយនៅតែបន្តជឿជាក់លើរាជរដ្ឋាភិបាល ថានឹងស្វែងរកដំណោះស្រាយសមរម្យជូនពួកគាត់។ ពួកគាត់រំពឹងថា ស្ថាប័នពាក់ព័ន្ធនឹងយកចិត្តទុកដាក់លើការលំបាកនេះ ដើម្បីឱ្យពួកគាត់អាចមានទីលំនៅសមរម្យ និងជីវិតមានសុវត្ថិភាពឡើងវិញ។

មិនឱបដៃឈរមើលទុក្ខលំបាកប្រជាជន, រាជរដ្ឋាភិបាល តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានរៀបចំទីតាំងទឹកស្អាត បង្គន់អនាម័យជាច្រើនបន្ទប់ និងទីតាំងសម្រាប់ក្រុមគ្រូពេទ្យជំនាញធ្វើការសង្គ្រោះ និងព្យាបាល ជនភៀសសឹកដែលមានជម្ងឺ។

រាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន បានពួនជ្រុំពួតដៃគ្នាជាធ្លុងតែមួយ បន្តផ្ដល់ជំនួយនានាដល់ជនភៀសសឹក ដែលមកពីតំបន់បឹងត្រកួន ជោគជ័យ និងព្រៃចាន់ ដែលជាសមរភូមិដ៏ក្ដៅគគុកកាលពីអំឡុងពេលជម្លោះព្រំដែន មុនពេលបទឈប់បាញ់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ចូលជាធរមាន។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំកម្ពុជា នៅតែបន្តតតាំងស្វែងរកយុត្តិធម៌ និងសន្ដិភាព តាមរយៈយន្តការដែលមានស្រាប់ ដើម្បីទាមទារអ្វីដែលជារបស់យើងត្រឡប់មកវិញ។ រាជរដ្ឋាភិបាលកម្ពុជា មិនបានសម្រាន្តលង់លក់ដោយមិនខ្វល់ពីការឈឺចាប់របស់ប្រជាជាតិនោះទេ។

ក្រោមដំបូលតង់តូចចង្អៀត សេចក្តីសង្ឃឹមនៅតែភ្លឺ។ ប្រជាពលរដ្ឋនៅតំបន់បឹងត្រកួន កំពុងអត់ធ្មត់ តស៊ូ និងរង់ចាំពន្លឺថ្មីមួយ ដែលនឹងនាំមកនូវជីវិតថ្មី និងអនាគតល្អប្រសើរជាងមុនសម្រាប់ពួកគាត់ និងកូនចៅនៅថ្ងៃខាងមុខ៕