ព្រះសង្ឃ ក្រុមសមាជិកព្រឹទ្ធសភា ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរ ជាច្រើនអង្គ/នាក់ បួងសួងសុំសុខសន្តិភាពសម្រាប់កម្ពុជា និងរាប់បាត្រព្រះសង្ឃ១២៣អង្គ
31-01-2026 17:35
(កំពង់ធំ)៖ ព្រះសង្ឃ ក្រុមសមាជិកព្រឹទ្ធសភា មានលោកស្រី មាន សំអាន, លោកស្រី ឃួន ឃុនឌី, លោកស្រី ចឹក ហេង ពុទ្ធបរិស័ទ និងបងប្អូនប្រជាពលរដ្ឋខ្មែរ ជាច្រើនអង្គ/នាក់ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បាននិមន្ត និងចូលរួមជួបជុំគ្នា ក្នុងបរិវេណប្រាសាទអង្គរតូចទិសខាងកើត រៀបចំពិធីបួងសួងសុំសុខសន្តិភាព សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងពិធីរាប់បាត្រព្រះសង្ឃចំនួន១២៣អង្គ។
ការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន សុខសន្តិភាពគឺមានគោលបំណង សុំឱ្យព្រះរាជាណាចក្រកម្ពុជា បានទទួលនូវសុខសន្តិភាព ទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ពីព្រោះ យើងដឹងហើយថា ព្រះរាជាណាចក្រកម្ពុជារបស់យើង ជាពិសេសប្រជាជនទាំងក្នុង និងក្រៅប្រទេស ទាំងថ្នាក់ដឹកនាំទាំងអស់ គឺយើងចង់បាននូវសន្តិភាព។ សន្តិភាពនេះ នាំឱ្យយើងទាំងអស់គ្នា ទទួលបាននូវសេចក្តីសុខ មានការរីកចម្រើន និងមានការអភិវឌ្ឍន៍។
ការប្រារព្ធពិធីបួងសួងនេះ គឺបានបង្ហាញនូវឆន្ទៈ សាមគ្គីភាព រវាងប្រជាជននិងប្រជាជន សាមគ្គីភាពរវាងប្រជាជន និងរាជរដ្ឋាភិបាល សាមគ្គីភាពរវាងប្រជាជន រាជរដ្ឋាភិបាល និងវីរកងទ័ពរបស់យើង។ ការប្រារព្ធពិធីនេះ គឺជាការបង្ហាញនូវឆន្ទៈតែមួយ គោលបំណងតែមួយ បានសេចក្តីថា ប្រជាជនទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាប្រជាជននៅក្រៅប្រទេស គឺនៅភ្ជាប់ជាមួយនឹង កងកម្លាំងប្រដាប់អាវុធជួរមុខជានិច្ច និងរួមសុខរួមទុក្ខ ជាមួយគ្នាជានិច្ច។
ព្រះចៅអធិការវត្តអង្គរតូចខាងត្បូង បានចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទ សូមប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ប្រកាន់ភ្ជាប់នូវមេត្តាធម៌ មានសេចក្តីអាណិតអាសូរ មានសេចក្តីសង្គ្រោះគ្នាទៅវិញទៅមក មានសេចក្តីជួយគ្នាទៅវិញទៅមក។ សូមឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តារួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាមួយនឹងរាជរដ្ឋាភិបាល ជាមួយនឹងវីរកងទ័ព ដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើង ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត។
គួរបញ្ជាក់ថា ក្នុងស្ថានការណ៍ដែលប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិ និងភាពតានតឹង យើងទាំងអស់គ្នា ត្រូវឈរនៅលើមូលដ្ឋាននៃសាមគ្គីភាព សេចក្តីយល់ចិត្តគ្នា និងការទទួលខុសត្រូវរួម។ ជាពិសេសយុវជន គឺជាកម្លាំងស្នូលនៃសង្គម និងជាកម្លាំងសង្ឃឹមរបស់ជាតិ៕




































